ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា
ជួបសំណេះសំណាលជាមួយអតីតនិស្សិតរៀននៅចក្រភពអង់គ្លេស
ព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០១៤ នៅសាកលវិទ្យាល័យប៊ែលធីអន្តជាតិ បានរៀបចំសិក្ខារសាលាស្តីពីការអប់រំនៅចក្រភពអង់គ្លេស ក្រោមអធិបតីភាពឯកឧត្តម Bill Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ឯកឧត្តម ហោ ណាំបូរ៉ា អគ្គនាយករង រាជរដ្ឋាភិបាល និងឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និង ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ព្រមជាមួយវត្តមានរបស់អតីតនិស្សិតកម្ពុជាមកពីចក្រភពអង់គ្លេស និងមានការចូលរួមពីសិស្ស-និស្សិតកម្ពុជា ចំនួនជាង ៥០០នាក់។ លោក ពៅ សាលីដេត អគ្គលេខាធិការសមាគមអតីតនិស្សិតកម្ពុជាពីចក្រភពអង់គ្លេសបានឲ្យដឹង ថា គោលបំណងនៃការបង្កើតអោយមានសិក្ខាសាលា ស្តីពីការអប់រំនៅចក្រភពអង់គ្លេសនេះឡើងគឺ ដើម្បីបំផុសសិស្សនិស្សិតនៅកម្ពុជាឲ្យមានការចាប់អារម្មណ៍អំពីការសិក្សានៅចក្រភពអង់គ្លេស ដោយមានវាគ្មិនជាច្រើននាក់ចូលរួមចែករំលែកបទពិសោធន៍នៃការសិក្សារបស់អតីតនិស្សិតកម្ពុជានៅចក្រភពអង់គ្លេស។ សិក្ខាសាលានេះក៏នឹងជួយបំផុតឲ្យសិស្សនិស្សិតទាំងអស់ ចេះរៀបចំដំណើរអនាគតរបស់ពួកគេឲ្យមានន័យ ហើយក៏មានការផ្តល់ព័ត៌មានពីការជ្រើសរើសនិស្សិតអាហារូបករណ៍ ក៏ដូចជាការផ្សព្វផ្សាយពីប្រព័ន្ធអប់រំនៅទីនោះផងដែរ។ អតីតនិស្សិតដែលធ្លាប់បានសិក្សានៅចក្រភពអង់គ្លេសរូបនេះ បានបញ្ជាក់ថា ការសិក្សានៅចក្រភពអង់គ្លេសគឺពិតជាមានសារៈសំខាន់ និងបានផ្តល់ឲ្យលោកនូវបទពិសោធន៍ជាច្រើន។ លោកបានចំណាយពេល២ឆ្នាំដើម្បីស្វែងយល់និងស្នើសុំអាហាររូបករណ៍ ហើយដើម្បីទទួលបានអាហារូបករណ៍គឺលោកត្រូវមានបទពិសោធន៍លើជំនាញដែលចង់សិក្សា ហើយត្រូវមានពិន្ទុក្នុងភាសាអង់គ្លេសគ្រប់គ្រាន់យ៉ាងហោច៦.៥ និងត្រូវឆ្លងកាត់ការសម្ភាសន៍ពីសំណាក់ឯកអគ្គរាជទូតដោយផ្ទាល់។ លោក បណ្ឌិត ឌី សុវណ្ណ ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីចក្រភពអង់គ្លេសបានបញ្ជាក់ដែរថា ការសិក្សានៅចក្រភពអង់គ្លេសទាមទាឲ្យមានការខិតខំប្រឹងប្រែងខ្ពស់ប៉ុន្តែការទទួលបានជោគជ័យលើការសិក្សានៅទីនោះ ក៏បានហុចផលជាវិជ្ជមានសម្រាប់រូបលោក ដែលបច្ចុប្បន្នលោកបាននឹងកំពុងបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ ដែលមានកិច្ចការងារជាច្រើនជាប់ពាក់ព័ន្ធទៅនឹងការសិក្សាស្រាវជ្រាវ របស់លោកកន្លងមកហើយ ក៏ទទួលបានការរីកចម្រើន ការគាំទ្រ និងកោតសរសើរច្រើន ហើយលោកមានមោទនភាពដែលបានយកចំណេះដឹង បទពិសោធន៍ ដែលលោកបានសិក្សាមកចូលរួមបម្រើកិច្ចការងាររបស់ប្រទេសជាតិ។
ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិបានមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានដ៏ថ្លៃថ្លា របស់ឯឧត្តម Bill Longhurst ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ក៏ដូចជាអតីតនិស្សិតមកពីចក្រភពអង់គ្លេស និងសិស្ស-និស្សិតកម្ពុជាទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានេះ។ ឯកឧត្តមបានបន្ថែមទៀតថា ឯកឧត្តមពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែងដែលសាកលវិទ្យាល័យ ប៊ែលធី អន្តជាតិបានចូលរួមចំណែកក្នុងការធ្វើអោយសិក្ខាសាលានេះ លេចជារូបរាងឡើងហើយឯកឧត្តមនឹងនៅតែបន្តគាំទ្រលើដំណើរការ នៃសិក្ខាសាលាមួយនេះតទៅមុខទៀត។ ឯកឧត្តមបានសិក្ខាសាលានេះ ពិតជាមានសារសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយគុណភាពអប់រំ ក៏ដូចជាផ្តល់នូវចំណេះដឹង និងបទពិសោធន៍ដល់សិស្ស-និស្សិតកម្ពុជា ដើម្បីអោយពួកគេមានសមត្ថភាព សីលធម៌ និងគុណធម៌ហើយក្លាយជាធនធានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមBill Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាបានមានប្រសាសន៍ បើកអង្គសិក្ខាសាលាព្រមជាមួយមតិកោតសរសើរ ចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តម លី ឆេង និងសមាគមអតីតនិស្សិតកម្ពុជាមកពីចក្រភពអង់គ្លេសដែលជំរុញអោយសិក្ខាសាលាមួយនេះ ដំណើរការបានយ៉ាងរលូន និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសិស្ស-និស្សិតកម្ពុជា។ ឯកឧត្តម ឯកអគ្គរាជទូតក៏បានលើកទឹកចិត្តអោយគណៈកម្មាការបង្កើតសិក្ខាសាលាលើកនេះ បន្តនូវបេសកកម្មរបស់ខ្លួនបន្តទៀត ដើម្បីដកស្រង់យកបទពិសោធន៍ល្អៗ និងព័ត៌មានទាក់ទងនឹងអាហារូបករណ៍ មកចែកជូនដល់សិស្ស-និស្សិតកម្ពុជាបានជ្រាប៕ |
|
_______________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ