សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះអនុស្សរណៈ
នៃការយោគយលគ្នា ជាមួយសាកលវិទ្យល័យ
Kyung University Global នៃសាធារណៈរដ្ឋកូរ៉េ
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU & MoA) ជាមួយសាកលវិទ្យាល័យ Kyungdong University Global ដែលជាសាកលវិទ្យាល័យឯកជន នៃសាធារណៈរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) ជាមួយសាកលវិទ្យាល័យ Kyungdong University Global នៃសាធារណរដ្ឋកូរ៉េ ដែលជាសាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនិងលោកសាស្ត្រាចារ្យបណ្ឌិត JOHN Lee សាកលវិទ្យាធិការ សាកលវិទ្យាល័យ Kyungdong University Global។ ក្នុងឱកាសនៃពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និងអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ឯកឧត្តម លី ណាវុឌ្ឍ បានថ្លែងថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ជាក់ស្តែង ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MoU បន្ថែមមួយទៀត ជាមួយនឹងសាកលវិទ្យាល័យ Kyungdong University Global មកពីសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងដូចជា៖ -ចូលរួមលើកកម្ពស់គុណភាព ឧត្តមភាពក្នុងការអប់រំ និងការស្រាវជ្រាវ រវាងគ្រឹះស្ថានអប់រំនៃប្រទេសទាំងពីរ -ស្វែងរកនូវការអភិវឌ្ឍក្នុងកិច្ចសហប្រតិបត្តិការ និងបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅសាធារណរដ្ឋកូរ៉េដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតទទួលបាននូវចំណេះដឹង និងជំនាញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ -ការធ្វើការរួមគ្នា ដើម្បីកែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សានៃគ្រឹះស្ថានអប់រំទាំងពីរ -ផ្លាស់ប្ដូរចំណេះដឹងតាមរយៈកម្មវិធីផ្លាស់ប្តូរនិសិ្សត កម្មវិធីពហុវប្បធម៌ ទស្សនកិច្ចសិក្សា និងការចែករំលែកបទពិសោធន៍ផ្សេងៗ -ការផ្តល់ឱកាសជូនដល់និស្សិតចុះកម្មសិក្សា និងឱកាសការងារ -ការប្តេជ្ញាចិត្តខិតខំសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិរវាងភាគីទាំងពីរ។ ឯកឧត្តម លី ណាវុឌ្ឍ បានមានប្រសាសន៍បន្ថែមថា៖ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា និង អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងរីករាយស្វាគមន៍យ៉ាងកក់ក្តៅដល់និស្សិតអន្តរជាតិមកពីសាកលវិទ្យាល័យ Kyungdong University Global ចំពោះការជ្រើសរើសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើ ៤២ ជំនាញ នៃ ១២ មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង ២ទីតាំង។ ពិសេសជាងនេះទៅទៀតនោះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏មានផ្តល់ជូននូវអន្តេវាសិកដ្ឋាន (Dormitory) បន្ទប់ធំទូលាយសម្រាប់និស្សិតមកពីក្រៅប្រទេសស្នាក់នៅផងដែរ។ ឯកឧត្តម លី ណាវុឌ្ឍ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា៖ កន្លងមកសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MoU ជាមួយសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ចំនួន៧៤ រួចមកហើយ រួមមាន ទី១-ចក្រភពអង់គ្លេស ចំនួន៦ ទី២-សហរដ្ឋអាមេរិក ចំនួន១៣ ទី៣-កាណាដា ចំនួន២ ទី៤-អូស្ត្រាលី ចំនួន៣ ទី៥-សិង្ហបូរី ចំនួន៥ ទី៦-ចិន ចំនួន១២ ទី៧-កូរ៉េខាងត្បូង ចំនួន៥ ទី៨-ជប៉ុន ចំនួន៤ ទី៩-ម៉ាឡេស៊ី ចំនួន៦ ទី១០-ថៃ ចំនួន៨ ទី១១-ឥណ្ឌូនេស៊ី ចំនួន១ ទី១២-នូវែលសេឡង់ ចំនួន១ ទី១៣-ស្វីស ចំនួន២ ទី១៤-បង់ក្លាដេស ចំនួន១ ទី១៥-បារាំង ចំនួន១ និងទី១៦-ប៉ូឡូញ ចំនួន១ ហើយថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នាបន្ថែមមួយទៀតជាមួយសាកលវិទ្យាល័យ Kyungdong University Global ដែលជាដៃគូសហប្រតិបត្តិការអន្តរជាតិទី៧៤ របស់ប៊ែលធី។ លោកសាស្ត្រាចារ្យបណ្ឌិត JOHN Lee បានមានប្រសាសន៍ថា៖ លោកពិតជាមានក្តីសប្បាយរីករាយណាស់ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា និងអនុស្សរណៈនៃកិច្ចព្រមព្រៀង ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលជាសាកលវិទ្យាល័យមួយដែលមានកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយដែលមានកេរិ៍្តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។ លោកសាស្ត្រាចារ្យបណ្ឌិត JOHN Lee បានបន្ថែមថា៖ ក្នុងនាមជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ Kyungdong University Global លោកពិតជាមានក្តីរំភើបខ្លាំងណាស់ដែលមានឱកាសបានចូលរួមជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការចាប់ផ្ដើមកិច្ចសហការលើការផ្លាស់ប្ដូរ ចែករំលែកចំណេះដឹង បទពិសោធន៍នៃការគ្រប់គ្រង និងកម្មវិធីសិក្សា រវាងសាកលវិទ្យាល័យទាំងពីរ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា និង កូរ៉េខាងត្បូង និងជឿជាក់់យ៉ាងមុតមាំថា សាកលវិទ្យាល័យទាំងពីរនឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការនេះ។ ជាទីបញ្ចប់ ឯកឧត្តម លី ណាវុឌ្ឍ និងលោកសាស្ត្រាចារ្យបណ្ឌិត JOHN Lee បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងអនុស្សរណៈនៃកិច្ចព្រមព្រៀង ព្រមទាំងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ។
|
|
_______________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ