និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចែករំលែក
បទពិសោធន៍ ដើម្បីជាប់កម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ាន
សែត សួនវិសាល ជាយុវជនកម្ពុជាមួយរូបក្នុងចំណោមយុវជន ៦ នាក់ដែលត្រូវបានជ្រើសរើសឲ្យចូលរួមកម្មវិធីអ្នកដឹកនាំវ័យក្មេង អាស៊ាន (YSEALI) ផ្ដួចផ្ដើមឡើងដោយប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ារយៈពេល ៦ សប្ដាហ៍នៅអាមេរិក។ ពាក់ព័ន្ធនឹងបទពិសោធន៍នេះ បេក្ខជនកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកភាសា អង់គ្លេសនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិបានចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការត្រៀមខ្លួនក៏ដូចជាដំណើរដាក់ពាក្យរហូតត្រូវ បានជ្រើសរើសចូលរួមកម្មវិធីខាងលើ។ ១ ការត្រៀមខ្លួន ចំណុចដំបូងពាក់ព័ន្ធនឹងការត្រៀម ខ្លួនដែលយុវជនកើតក្នុងទីក្រុងភ្នំពេញរូបនេះលើកឡើងគឺទំនាក់ទំនង ល្អជាមួយបុគ្គលដែលអាចផ្ដល់ព័ត៌មានដល់ខ្លួន។ អ្នកអាចចូលរួមមើលទំព័របណ្ដាញសង្គមដូចជា Facebook, Twitter គេហទំព័រ ឬមនុស្សដែលអាចផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងការសិក្សា ឬអាហារូបករណ៍។ តួយ៉ាង រូបវិសាលផ្ទាល់ដឹងព័ត៌មានកម្មវិធីខាងលើតាមរយៈបណ្ដាញសង្គម Facebook ហើយគេចាប់អារម្មណ៍ក៏ធ្វើការស្រាវជ្រាវបន្ថែម និងបំពេញលក្ខខណ្ឌចូលរួមតែម្ដង។ ចំណុចទីពីរ គឺត្រូវមានចំណេះដឹង បច្ចេកវិទ្យា។ យុវជនយើងលើកឡើងថា ការយល់ដឹងបច្ចេកវិទ្យានឹងជួយឲ្យការសិក្សាស្រាវជ្រាវកាន់តែ ទូលំទូលាយ។ ”នៅលើ Google យើងអាចធ្វើការស្រាវជ្រាវអ្វីដែលយើងមិនដឹងបានទាំងអស់ដោយ គ្រាន់តែវាយពាក្យគន្លឹះនឹង Search រកប្រភពដែលគួរឲ្យទុកចិត្ត”។ បន្ថែមពីនេះ បុរសសម្បុរស្រអែមក៏បានលើកឡើងពីចំណុចល្អ និងអាក្រក់នៃការប្រើប្រាស់បណ្ដាញសង្គមដែរថា អ្នកអាចទទួលព័ត៌មានល្អៗបើប្រើបានត្រឹមត្រូវ តែក៏អាចធ្វើឲ្យខាតពេលអត់ប្រយោជន៍ដែរបើគិតតែលេងមិនបាន កំណត់ពេលវេលាច្បាស់លាស់។ ”សម្រាប់ខ្ញុំបើលេង Facebook កន្លះម៉ោង ខ្ញុំចូលដំបូងគេគឺបើកព័ត៌មានពាក់ព័ន្ធអ្វីដែលខ្ញុំចង់ដឹង។ ឧទាហរណ៍ភាសាអង់គ្លេស។ អីចឹងខ្ញុំចូលទៅ Group និយាយពី IELTS អានព័ត៌មានសិក្សាបីនាទីសិន។ បន្ទាប់ពីហ្នឹងសឹមលេង Facebook ធម្មតាព្រោះបើយើងចូលភ្លាមលេងភ្លាមនឹងជក់ ហើយគិតតែពី Chat ឬ Comment ដែលអត់សូវមានប្រយោជន៍”។ ចំណុចទីបីគឺ ភាពក្លាហាន។ ត្រង់ចំណុចនេះមន្ត្រីរដ្ឋសភារូបនេះបញ្ជាក់ថា ត្រូវហ៊ានការពារគំនិត និងអ្វីដែលខ្លួនចង់បាន។ ”ដូចកម្មវិធីហ្នឹងអីចឹង អត់សូវត្រូវនឹងខ្ញុំទេ។ វាពាក់ព័ន្ធនឹងការការពារទឹកជំនន់ ការពន្លត់អគ្គិភ័យ និងដំណើរការកាត់ក្ដីជាដើមដែលវាត្រូវនឹងថ្នាក់ក្រោមជាតិ ច្រើនជាង។ តែខ្ញុំពន្យល់ថា ខ្ញុំធ្វើការនៅរដ្ឋសភាជាកន្លែងធ្វើច្បាប់ ធ្វើជាតំណាង និងត្រួតពិនិត្យរដ្ឋាភិបាលដូច្នេះខ្ញុំពន្យល់គេថា ខ្ញុំអាចយកចំណុចហ្នឹងលើកឡើងឲ្យសមាជិកសភាស្ដាប់ និងពិចារណាបានក្រោយពេលរៀនហើយ”។ យុវជនដដែលរៀបរាប់ពីចំណុចដែលខ្លួនព្យាយាមរកអំណះអំណាង បញ្ចុះបញ្ចូលឲ្យបានចូលរួមកម្មវិធី YSEALI។ ចំណុចចុងក្រោយគឺចំណេះដឹង ភាសាអង់គ្លេស ភាពជាអ្នកដឹកនាំ និងការធ្វើការស្ម័គ្រចិត្ត។ វិសាលរៀបរាប់ថា ការចូលរួមកម្មវិធីជាលក្ខណៈអន្តរជាតិ ចំណេះដឹងផ្នែកភាសាអង់គ្លេសគឺជាគោល ហើយបើខ្សោយគឺពិបាកក្នុងការទំនាក់ទំនងជាខ្លាំង។ ភាពជាអ្នកដឹកនាំ និងការធ្វើការងារស្ម័គ្រជាអ្វីដែលអាចឲ្យម្ចាស់កម្មវិធីពិចារណា ថា គួរជ្រើសរើសអ្នកឬអត់ព្រោះវាបង្ហាញពីការចូលរួម និងការសម្រេចចិត្តរបស់អ្នក។ ការងារនោះមិនចាំបាច់ធំដុំអ្វីដែរ គ្រាន់តែជាការដឹកនាំមនុស្សមួយក្រុមតូចឬធ្វើអ្វីមួយដែលខ្លួន អាចធ្វើបានចំពោះសង្គម ឬមនុស្សជុំវិញប៉ុណ្ណោះ។ ២ ដំណើរការដាក់ពាក្យចូលរួមកម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ាន (YSEALI) ក្រោយទទួលព័ត៌មានពាក់ព័ន្ធនឹងកម្មវិធី YSEALI វិសាលរៀបរាប់ថា អ្នកត្រូវបំពេញតាមលក្ខខណ្ឌតម្រូវក្នុងពាក្យចូលរួមនៅលើអនឡាញ។ បន្ទាប់ពីនោះ ត្រូវរង់ចាំរយៈពេលសមស្របមួយដើម្បីដឹងថា ពាក្យរបស់អ្នកត្រូវបានពិចារណាឬអត់។ បើជាប់អំឡុងប្រហែល ២ ខែ អ្នកនឹងទទួលបានសារបញ្ជាក់ថា អ្នកជាប់ជំហានដំបូង។ បន្ទាប់មកទៀតអ្នកនឹងទទួលបានការខលប្រាប់ពីស្ថានទូតអាមេរិក ប្រចាំកម្ពុជាដើម្បីសម្ភាស។ ការសម្ភាសធ្វើឡើងតាមរយៈអនឡានលើ កម្មវិធី Skype។ វិសាលរំលឹកថា កាលដែលខ្លួនសម្ភាសនៅលើ Skype នោះគឺមានអ្នកសម្ភាសជាក្រុមដែលមានសមាសភាព ៦ ទៅ ៨ នាក់មកពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ម្ចាស់ជំនួយ និងរដ្ឋាភិបាលអាមេរិក។ ក្រោយសម្ភាសចប់ហើយ អ្នកត្រូវរង់ចាំមួយរយៈទៀតដើម្បីទទួលបានដំណឹងជាប់ឬធ្លាក់ តាមរយៈអ៊ីមែល។ បើជាប់អ្នកត្រូវសរសេរលើកយកការប្រឈមណាមួយក្នុងសហគមន៍ ឬកន្លែងធ្វើការអ្នក ដើម្បីពន្យល់ថា អ្នកអាចយកចំណេះដឹងដែលរៀនចេះពីកម្មវិធីទៅរួមចំណែក ឬដោះស្រាយបញ្ហានោះបាន។ ចុងក្រោយបង្អស់គឺ ការឆ្លើយឆ្លងពាក់ព័ន្ធនឹងការធ្វើទិដ្ឋាការ ការផ្ទេរលុយ និងអ្នកធានាប៉ុណ្ណោះ។ ក្រៅពីចំណេះដឹងខាងលើ យុវជនវ័យ ៣៣ ឆ្នាំមានពាក្យចង់ចែករំលែកជាមេរៀនជីវិតដល់យុវជនដទៃទៀត ថា ការព្យាយាមមិនបោះបង់នឹងអាចឲ្យអ្នកជោគជ័យ។ លោកបញ្ជាក់ដូច្នេះ៖ ”តាមពិតទៅដាក់ (អាហារូបាករណ៍) ច្រើនដងមែនទែន តែកម្របានជោគជ័យ ខ្ញុំគិតថា អ្នកទាំងអស់គ្នាមើលឃើញតែភាពជោគជ័យខ្ញុំមួយទេ តែនៅក្រោយនោះមិនដឹងថាមានបរាជ័យធំប៉ុណ្ណាទេ។ កុំខ្លាចនឹងភាពបរាជ័យ។ យើងព្យាយាមច្រើនដង។ លើកទីមួយមិនបានល្អប្រសើរ លើកទីពីរមិនបានល្អប្រសើរ ថ្ងៃណាមួយយើងនឹងកើនចំណេះដឹង និងបទពិសោធន៍ដែលអាចឲ្យទទួលបានឱកាសល្អ”៕
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
_______________________________________________________________________