សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សហការជាមួយ
អង្គការកសាងមូលដ្ឋានជីវិតថ្មី បានរៀបចំវគ្គបណ្តុះបណ្តាល
ស្តីពី"យុវជន និងភាពជាអ្នកដឹកនាំ"
កាលពីថ្ងៃទី ១២-១៣ ខែ មីនា ឆ្នាំ២០១៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “យុវជន និងភាពជាអ្នកដឹកនាំ” ជូនដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ៥៥៣ នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក Jesse McCaul ប្រធានអង្គការកសាងមូលដ្ឋានជីវិតថ្មី ព្រមទាំងមានការចូលរួមជាវាគ្មិនកិត្តិយសដោយលោក Jerry និងលោកស្រី Chris McQuay មកពីសហរដ្ឋអាមេរិកផងដែរ។ តាមរបាយការណ៍លោក រស់ ប៉ារ៉ាឌី សាកលវិទ្យាធិការរង និងជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យអប់រំ សិល្បៈ និងមនុស្សសាស្រ្ត បានមានប្រសាសន៍ថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ បម្រើការ សរុប ១.៧៤៥នាក់ នារី ៧៧៩នាក់ និងមានសិស្ស-និស្សិតកំពុងសិក្សា ៣០.៥៧២នាក់ នារី ១៣.៨០៥នាក់ និងមាន១៩ ទីតាំង នៅរាជធានីភ្នំពេញ ក្នុងនោះ ០១ទីតាំង គឺជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង១៨ទីតាំងទៀត ជាសាលា ប៊ែលធី អន្តរជាតិ ដោយ១៥ទីតាំង កំពុងដំណើរការ និង ០៣ទីតាំងទៀតកំពុងសាងសង់។ លោកបានបន្តទៀតថា ការធ្វើបទបង្ហាញអំពីភាពជាអ្នកដឹកនាំ របស់វាគ្មិនទាំងពីរ ថ្ងៃនេះ ពិតជាបានធ្វើឲ្យសិក្ខាកាមទាំងអស់យល់កាន់តែច្បាស់ថា គ្រប់កិច្ចការទាំងអស់អាចទទួលបានជោគជ័យ ឬបរាជ័យ គឺពឹងផ្អែកទៅលើភាពជាអ្នកដឹកនាំ ព្រោះបើអ្នកសុខចិត្តផ្លាស់ប្តូរគំនិតរបស់អ្នក នោះអ្នកនឹងអាចផ្លាស់ប្តូរអារម្មណ៍ សកម្មភាព និងជីវិតរបស់អ្នក ហើយមិនត្រូវមានគំនិតអវិជ្ជមានឡើយ ព្រោះថារាល់គំនិតអវិជ្ជមានទាំងនោះអាចជះឥទ្ធិពលទៅលើរបៀបនៃការគិតរបស់យើង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង ក៏បានថ្លែងអំណរគុណដល់លោក Jesse McCaul ប្រធានអង្គការកសាងមូលដ្ឋានជីវិតថ្មី និងវាគ្មិនទាំងពីររូប ដែលបានចំណាយពេលវេលាចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ និងបានធ្វើបទបង្ហាញលើប្រធានបទ ៦សំខាន់ៗដូចជាៈ ៖ ១.ផ្លាស់ប្តូរគំនិតរបស់អ្នក និងផ្លាស់ប្តូរជីវិតរបស់អ្នក ២.ការគិតដោយផ្តោតអារម្មណ៍ និងការគិតដោយច្នៃប្រឌិត ៣.ការគិតបែបប្រាកដនិយម និងការគិតបែបយុទ្ធសាស្រ្ត ៤.ការគិតពីភាពអាចទៅរួច និងការគិតបែបឆ្លុះបញ្ចាំង ៥.ការគិតបែបពេញនិយម និងគំនិតរួម និង៦.ការគិតមិនអាត្មានិយម និងការគិតអំពីលទ្ធផល។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដើម្បីធ្វើយ៉ាងណាឲ្យសិក្ខាកាមទាំងអស់ចេះដោះស្រាយបញ្ហាប្រឈមផ្សេងៗ។ ឯកឧត្តម ជឿជាក់ថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងដែលបានរៀនទាំងនេះ ទៅអភិវឌ្ឍនៅកន្លែងការងារ និងការសិក្សារបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាទីបញ្ចប់ ឯកឧត្តមប្រធានគណៈអធិបតី ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិនកិត្តិយស និងប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមទាំងអស់ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________