សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
បានប្រារព្ធពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា
ជូនដល់ សាស្ត្រចារ្យ និងនិស្សិត ចំនួន ៦០រូប
នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី បំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ជូនដល់សាស្ត្រាចារ្យ និងនិស្សិត សរុបចំនួន ៦០រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ពិត ចំណាន សមាជិក គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរងទី១ និងជាទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ បានមានប្រសាសន៍ថា៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តម លី ឆេង សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ សាកលវិទ្យាល័យក៏បានបើកវគ្គបណ្ដុះបណ្ដលជាមូលដ្ឋានលើកទី១ ជូនដល់សាស្ត្រាចារ្យ និងនិស្សិត ៦០រូប ចាប់ពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោកបានមានប្រសាសន៍បន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដោតសំខាន់ទៅលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖ ១. ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្ដរជាតិ និងច្បាប់មនុស្សធម៌អន្ដរជាតិ ២. គោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមកម្ពុជា ចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ ៣. ខ្លឹមសារគោលនយោបាយ និងការងារគ្រប់គ្រងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ៤. ស្វែងយល់ និងអនុវត្តពីវិជ្ជាសង្គ្រោះបឋម ៥. សិក្សាស្វែងយល់ពីសុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ល។ ឯកឧត្តម លី ឆេង សាកលវិទ្យាធិការ និងជាប្រធានកិត្តិយស ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ កន្លងមក ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្ស-និស្សិត បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ដូចជា ការបរិច្ចាគឈាម ការផ្តល់អំណោយជូនចាស់ជរា ស្រ្តីសម្រាលកូន ក្មេងកំព្រា ប្រជាជនក្រីក្រតាមមូលដ្ឋាន ការដាំកូនឈើ ការសម្អាតបរិស្ថាន និងសកម្មភាពសង្គមផ្សេងៗទៀត តាមរយៈ ប៊ែលធីសប្បុរសធម៌ (BELTEI Charity)។ ឯកឧត្តម ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឲ្យប៊ែលធី បង្កើតក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ ឯកឧត្តម ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី បំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ជូនដល់សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី ៦០រូប នាថ្ងៃនេះ។ ឯកឧត្តម ក៏បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិតនៃប៊ែលធីគ្រុបទាំងមូលផងដែរ។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើន និងសមិទ្ធផលនានារបស់ប៊ែលធីដែលទទួលបានកន្លងមក ជាពិសេស សកម្មភាពមនុស្សធម៌របស់ប៊ែលធី ដែលបានរួមចំណែកយ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា ក៏ដូចជា ជាមួយរាជរដ្ឋាភិបាលកម្ពុជាទាំងមូល។ ឯកឧត្តម ក៏បានចូលរួមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី ដែលបានទទួលការបំពាក់កន្សែងចូលជាសមាជិកថ្មីរបស់កាកបាទក្រហមកម្ពុជានាថ្ងៃនេះ។ ជាទីបញ្ចប់ ឯកឧត្តម ពិត ចំណាន បានបំពាក់កន្សែងជូនដល់សាស្ត្រាចារ្យ និងនិស្សិតប៊ែលធីទាំង ៦០រូប ដែលជាយុវជនកាកបាទក្រហមកម្ពុជាថ្មី និងបានថតរូបអនុស្សាវរីយ៍ជុំគ្នានាពេលនោះផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________