សិស្ស-និស្សិត ២៦៧០នាក់ ចូលរួម
បោះជំរំជាអន្តរជាតិនៅកម្ពុជា លើកទី៧
អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំបោះជំរំអន្តរជាតិ (World Camp) នៅកម្ពុជា ដោយមានសិស្ស-និស្សិត ចូលរួម ចំនួន ២៦៧០នាក់។ ការបោះជំរំនេះ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ និងជា តំណាងឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ប្រធានបទស្ដីពី “ការអប់រំចិត្តយុវជនឲ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និង គុណធម៌” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង អប់រំចិត្តយុវជនឲ្យប្រព្រឹត្តតែអំពើល្អ និងក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត ប្រកបដោយសីលធម៌ និង គុណធម៌។ ការបោះជំរំនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនល្បីៗ រួមមាន ឯកឧត្តមបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ លើប្រធានបទ “ការអប់រំចិត្ត” ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើប្រធានបទ “ភាពជាគំរូរបស់យុវជនក្នុងសង្គមកម្ពុជា” និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើប្រធានបទ “ការកែទម្រង់វិស័យបរិស្ថាននៅកម្ពុជា"។ ក្នុងពិធីបើក ឯកឧត្តម ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និង ថ្លែងអំណរគុណ ចំពោះឯកឧត្តមបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ មកពីប្រទេសកូរ៉េ និងឯកឧត្តម លី ឆេង សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីរួមចំណែកលើកកម្ពស់ការអប់រំចិត្ត និង ចំណេះដឹងទូទៅ ជូនដល់យុវជននៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និង ធ្វើជាយុវជនគំរូនៅក្នុងសង្គម។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បាក់ អុកស៊ូ គ្រូជំនាញផ្នែកអប់រំចិត្ត បានមានប្រសាសន៍ថា ការអប់រំស្មារតី និងចិត្តគំនិត ពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនកម្ពុជា ដើម្បីយល់ពីអត្ថន័យពិតនៃជីវិត ចេះផ្លាស់ប្តូរផ្នត់គំនិត រៀនទទួលយកនូវគំនិតរបស់អ្នកដទៃ និង បើកចិត្តឲ្យទូលាយក្នុងការទំនាក់ទំនង ដើម្បីរស់នៅចុះសម្រុងក្នុងសង្គម។ នាព្រឹកថ្ងៃបន្ទាប់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា បរិស្ថាន គឺជាជីវិតរបស់យើង ហើយការចូលរួមសំអាត និងថែរក្សាបរិស្ថាន គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា មិនមែនជាការទទួលខុសត្រូវរបស់ក្រសួងតែឯងនោះទេ ផ្ទុយទៅវិញ គឺចាំបាច់បំផុតត្រូវមានការចូលរួមពីប្រជាជនគ្រប់រូប ជាពិសេសប្អូនៗជាយុវជន។ កន្លងមក ក្រសួងបរិស្ថានបានធ្វើកំណែទម្រង់ជាច្រើន តាមរយៈការធ្វើទំនើបកម្ម និងបានប្រគល់ភារកិច្ចជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីរៀបចំ និង ដោះស្រាយបញ្ហាបរិស្ថាននៅតាមខេត្តរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះដែរ នាព្រឹកថ្ងៃចុងក្រោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់កិត្តិយស ធ្វើបទបង្ហាញ ដោយមានប្រសាសន៍សង្កត់ធ្ងន់ថា ដើម្បីក្លាយខ្លួនជាយុវជនគំរូក្នុងសង្គម យុវជនត្រូវខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ និង ហ៊ានលះបង់គ្រប់បែបយ៉ាងក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិរបស់ខ្លួន ដែលធ្វើឲ្យប្រជាជនគ្រប់រូបមានការចងចាំនូវវីរភាពគ្រប់ពេលវេលា ដូចជា ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្រ្ទទេវី ព្រះបរមរតនកោដ្ឋ សម្តេចព្រះសង្ឃរាជ ជួន ណាត ជាដើម។ ឯកឧត្តម ក៏បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ននេះ យើងក៏មានកីឡាការិនី ស៊ន សៀវម៉ី ជាកីឡាការិនីគំរូដែលទទួលបានមេដាយមាស និង យុវជនគំរូផ្សេងៗទៀតជាច្រើន។ ពិសេសជាងនេះទៅទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាវីរជនគំរូមួយរូបរបស់កម្ពុជា ដែល សម្តេចអគ្គមហាសេនាបតីតេជោ បានលះបង់នូវយុវភាពចូលរួមតស៊ូក្នុងជួរកងទ័ព ដើម្បីរំដោះជីវិតប្រជាជនកម្ពុជាឲ្យបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់សង្គមជាតិ ដែលបានខ្ទេចខ្ទាំដោយសារសង្គ្រាម ព្រមទាំងបានលះបង់គ្រប់បែបយ៉ាង ដើម្បីបង្រួបបង្រួមជាតិ តាមគោលនយោបាយ ឈ្នះ ឈ្នះ និង កសាងបាននូវឯកភាពជាតិ ស្ថិរភាពនយោបាយ និង សន្តិភាពពេញលេញជូនប្រជាជន ដែលនាំឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន និង មានការអភិវឌ្ឍលើគ្រប់វិស័យ។ ការបោះជំរំអន្តរជាតិ (World Camp) លើកទី៧ នេះបានបិទនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ប្រកបដោយលទ្ធផលផ្លែផ្កា និងជោគជ័យជាទីមោទនៈក្រៃលែង។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________