សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សហការ
ជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា រៀបចំកម្មវិធី
បាឋកថាជាសាធារណៈ ស្តីពីរបបនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច
នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសហការជាមួយមជ្ឃមណ្ឌលអភិវឌ្ឍន៍កម្ពុជា រៀបចំកម្មវិធី បាឋកថាជាសាធារណៈ (Public Lecture) ស្តីពី របបនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងសិស្ស-និស្សិតមកពីសាលារដ្ឋ សរុបប្រមាណ ៣៥០នាក់ ដោយមានលោកបណ្ឌិត អ៊ុន ឃាន សាស្ត្រាចារ្យរង ផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois នៃសហរដ្ឋអាមេរិក អញ្ជើញជាវាគ្មិនកិត្តិយស ក្រោមអធិបតីភាពឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឯកឧត្តម ដាវ អានសាន សមាជិកក្រុមប្រឹក្សាភិបាល និងលោកបណ្ឌិត យន់ គា នាយកប្រតិបត្តិ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្សាបន្ថែមល្អៗជាច្រើន ដើម្បីបង្កើនសមត្ថភាពជូនដល់និស្សិត។ ហើយថ្មីៗនេះ សាកលវិទ្យាល័យ ក៏បានបើកកម្មវិធីសិក្សាជាភាសាជាតិ (បង្រៀនជាពីរភាសា = ភាសាខ្មែរ និងភាសាអង់គ្លេស) លើកម្មវិធីសិក្សាជាភាសាអន្តរជាតិដែលមានស្រាប់ ដើម្បីបំពេញសេចក្តីត្រូវការរបស់និស្សិត។ កម្មវិធីសិក្សាថ្មីនេះ សាកលវិទ្យាល័យ បានបញ្ចូលភាសាអង់គ្លេស រួមជាមួយភាសាខ្មែរ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។ ជាមួយគ្នានេះដែរ សាកលវិទ្យាល័យ ក៏មានបើកបង្រៀនថ្នាក់គរុកោសល្យដែលមានរយៈពេល ៦ខែ ដើម្បីជួយដល់និស្សិតដែលកំពុងសិក្សា ហើយមានបំណង់ចង់ក្លាយខ្លួនជាគ្រូបង្រៀនផ្នែកចំណេះទូទៅ និងផ្នែកភាសាអង់គ្លេស។ សាកលវិទ្យាល័យ ក៏មានបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើមុខជំនាញ សំខាន់ៗ ដែលស្របជាមួយទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។ I-ថ្នាក់អនុបណ្ឌិត (MASTER’S PROGRAM) មានជំនាញសំខាន់ៗដូចជា ១. អប់រំភាសាអង់គ្លេស (Master of Arts in TESOL) ២. គ្រប់គ្រងពាណិជ្ជកម្ម (Master of Business Administration) ៣. ពាណិជ្ជកម្មអន្តរជាតិ (Master of International Business) ៤. អភិវឌ្ឍន៍សេដ្ឋកិច្ច (Master of Economic Development) II-ថ្នាក់បណ្ឌិត (DOCTORAL PROGRAM) មានជំនាញសំខាន់ៗដូចជា ១. រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ (PhD in Educational Administration and Leadership) ២. គ្រប់គ្រងពាណិជ្ជកម្ម (PhD in Business Administration) ៣. ពាណិជ្ជកម្មអន្តរជាតិ (PhD in International Business) បន្ទាប់មកលោកបណ្ឌិត យន់ គា នាយកប្រតិបត្តិ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា៖ លោកពិតជាមានក្តីសប្បាយរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានផ្តល់សាលសហសិក្សាដ៏ទំនើប និងមានផាសុខភាព ព្រមទាំងការសហការយ៉ាងល្អពីថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់សាកលវិទ្យាល័យដែលធ្វើឲ្យការរៀបចំកម្មវិធី បាឋកថាជាសាធារណៈនេះ ប្រព្រឹត្តទៅយ៉ាងជោគជ័យនាពេលនេះ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានថ្លែងអំណរគុណដល់លោកបណ្ឌិត យន់ គា នាយកប្រតិបត្តិ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងបណ្ឌិត អ៊ុន ឃាន សាស្ត្រាចារ្យរង ផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois នៃសហរដ្ឋអាមេរិក ជាវាគ្មិនកិត្តិយស ដែលបានចំណាយពេលវេលាដ៏មានតម្លៃរៀបចំបាឋកថាជាសាធារណៈដ៏មានសារសំខាន់នេះ និងបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយស្តីពី របបនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏ដូចជាសិស្ស-និស្សិត ដែលមកពីសាលារដ្ឋផងដែរ។ ឯកឧត្តម ជឿជាក់ថា តាមរយៈបាឋកថាជាសាធារណៈនេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង ជំនាញ បទពិសោធន៍ថ្មីៗ និងទស្សនៈល្អៗពីវាគ្មិនកិត្តិយស ហើយយកទៅអភិវឌ្ឍនៅកន្លែងការងារ និងការសិក្សារបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាទីបញ្ចប់ ឯកឧត្តម ប្រធានគណៈអធិបតី ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិនកិត្តិយស និងថតរូបអនុស្សាវរីយ៍ជុំគ្នានាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________