សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
ធ្វើជាម្ចាស់ផ្ទះក្នុងការវៀបចំកម្មវិធីសន្និសីទ
សម្ព័ន្ធអប់រំអាស៊ានប្រចាំឆ្នាំ លើកទី៣ ២០១៧
ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសន្និសីទសម្ព័ន្ធអប់រំអាស៊ានប្រចាំឆ្នាំ លើកទី៣ (3rd AAA Conference 2017) ក្រោមប្រធានបទ “ជំនាញអនាគត សម្រាប់អាជីពអនាគត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីសាកលវិទ្យាល័យជាង២០ មកពីប្រទេសទាំង៦ ក្នុងសមាគមន៍អាស៊ាន ព្រមទាំងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា៖ នេះគឺជាសន្និសីទសម្ព័ន្ធអប់រំអាស៊ានប្រចាំឆ្នាំលើកទី៣ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទនេះឡើង ក្នុងគោលបំណង៖ ១-ដើម្បីស្វែងនូវជំនាញជាក់លាក់សម្រាប់អាជីពនាពេលអនាគត ២-ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងចំណោមសមាជិកស្ថាបនិក AAA ៣-ដើម្បីដាក់បញ្ចូលនូវជំនាញពិតប្រាកដក្នុងទីផ្សារការងាររបស់អាស៊ាន ៤-ដើម្បីធ្វើអោយកិច្ចសហការកាន់តែស៊ីជម្រៅក្នុងចំណោមសមាជិកស្ថាបនិក AAA ៥-ដើម្បីកសាងសមត្ថភាពការងាររបស់សាស្ត្រាចារ្យមហាវិទ្យាល័យ និងសមាជិកសាកលវិទ្យាល័យ AAA ៦-ដើម្បីពង្រើកការយល់ដឹងរបស់និស្សិតចំពោះសមាគមអាស៊ាន ហើយសន្និសីទសម្ព័ន្ធអប់រំអាស៊ានលើកទី១ ត្រូវបានបង្កើតឡើង និងសម្ពោធជាផ្លូវការនាខែមិថុនា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យ Suan Sunandha Rajabhat ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ និងលើកទី២ ត្រូវបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថាន EASB (East Asia Institute of Management )ប្រទេសសិង្ហបុរី។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប ដែលខិតខំរៀបចំកម្មវិធីសន្និសីទជាលក្ខណៈអន្តរជាតិនេះឡើង និងមាន ប្រទេសអាស៊ានចូលរួម ដែលលើកតម្កើងកិត្យានុភាពប្រទេសជាតិយើង ដែលអាចទទួលជាធ្វើជាម្ចាស់ផ្ទះនិងជាពិសេសក៏សូមអរគុណគណៈប្រតិភូដែលជាសមាជិកស្ថាបនិករបស់ AAA និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលសហការរៀបចំកម្មវិធី និងមានការសម្របសម្រួលជាមួយក្រសួងអប់រំក្នុងការរៀបចំកម្មវិធីដ៏សំខាន់នេះឡើង។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា នេះគឺជាប្រធានបទដ៏សំខាន់មួយ “ជំនាញអនាគត សម្រាប់អាជីពអនាគត” នេះមិនមែនតែជាបញ្ហាសម្រាប់និស្សិតកម្ពុជាតែប៉ុណ្ណោះទេ គឺសម្រាប់ពិភពលោកទាំងមូល ដែលត្រូវកសាងធនធានមនុស្សប្រកបដោយសមត្ថភាពជាមួយជំនាញដ៏ត្រឹមត្រូវសម្រាប់អាជីព ជាពិសេសសម្រាប់ឆ្លើយតបទៅនឹងបរិបទសាកលភាវូនីយកម្ម ក្នុងការប្រកួតប្រជែងការទីផ្សារការងារ។ ក្នុងនោះផងដែរ ក្រសួងអប់រំ នៃព្រះរាជាណាចក្រកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងអភិវឌ្ឍធនធានមនុស្សដើម្បីបង្កើនសេដ្ឋកិច្ចនៃគ្រួសារ សង្គម និងប្រទេសជាតិ។ ខ្ញុំសង្ឃឹមជឿជាក់ថា រាល់បទបង្ហាញរបស់វាគ្មិន នៅក្នុងសន្និសីទនេះ នឹងផ្តល់ចំណេះដឹង គំនិត និងចែករំលែកបទពិសោធន៍ ដល់អ្នកចូលរួមទាំងអស់។ ជាទីបញ្ចប់ ឯកឧត្តម ប្រធានគណៈអធិបតី ក៏បានប្រកាសបើកសន្និសីទសម្ព័ន្ធអប់រំអាស៊ានលើកទី៣ ឆ្នាំ២០១៧។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________