សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
រៀបចំកម្មវិធី "1st Open House 2017"
នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានប្រារព្ធកម្មវិធី “1st OPEN HOUSE 2017” ដើម្បីអបអរសាទរពិធីបើកជាផ្លូវការ កម្មវិធីសិក្សាជាភាសាជាតិ លើប្រធានបទ “ជំនាញសម្រាប់អាជីពក្នុងពេលអនាគត” ដែលមានសិស្ស-និស្សិតចូលរួមប្រមាណជាង ៦០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ បម្រើការសរុប ២,០៦៤នាក់ និងមានសិស្ស-និស្សិតកំពុងសិក្សា ចំនួន ៣៥,០២៤នាក់។ ដោយឡែក ប៊ែលធីអប់រំមាន ២២ទីតាំង ក្នុងនោះ ០១ទីតាំង គឺជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង ២១ទីតាំង ជាសាលាប៊ែលធី អន្តរជាតិ ដោយ១៨ទីតាំង កំពុងដំណើរការ និង០៣ទីតាំង ទៀតកំពុងសាងសង់។ លោកបានមានប្រសាសន៍បន្ថែមថា ថ្មីៗនេះ សាកលវិទ្យាល័យ បានបើកឲ្យដំណើរការជាផ្លូវការនូវកម្មវិធីសិក្សាជាភាសាជាតិ បន្ថែមលើកម្មវិធីសិក្សាជាភាសាអន្តរជាតិដែលមានស្រាប់ ដើម្បីបំពេញសេចក្តីត្រូវការរបស់និស្សិត។ កម្មវិធីសិក្សាជាភាសាជាតិនេះ បង្រៀន និងរៀនជាពីរភាសាគឺ ភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស ដើម្បីផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ហើយសាកលវិទ្យាល័យមាន ០៦ មហាវិទ្យាល័យធំៗសម្រាប់និស្សិតជ្រើសរើសរួមមាន៖ ១-គ្រប់គ្រងពាណិជ្ជកម្ម ២-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ ៣-នីតិសាស្រ្ត និងវិទ្យាសាស្ត្រសង្គម ៤-ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥-វិស្វកម្ម និងស្ថាបត្យកម្ម និង៦-ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទាំងអស់ ដែលបានសហការរៀបចំកម្មវិធីថ្មីដ៏ល្អនេះឡើង និងជាលើកដំបូងផងដែរ។ កម្មវិធី “Open House” រៀបចំឡើងក្នុងគោលបំណង ចែករំលែក ក៏ដូចជាផ្តល់ព័ត៌មានឲ្យបានទូលំទូលាយស្តីពី កម្មវិធីសិក្សារបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជូនដល់សិស្ស-និស្សិតទាំងអស់ ដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ ជាពិសេស តាមរយៈកម្មវិធីនេះ សិស្សថ្នាក់ទី១២ ដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់នឹងទទួលបានការតម្រង់ទិសស្តីពី ការជ្រើសរើសមុខជំនាញដ៏ត្រឹមត្រូវសម្រាប់អាជីពនាពេលអនាគតប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម ជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីបានចូលរួមស្តាប់ការធ្វើបទបង្ហាញរួមមក សិស្ស-និស្សិតទាំងអស់នឹងធ្វើការសម្រចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសយក សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សម្រាប់បន្តការសិក្សាឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត។ ជាទីបញ្ចប់ ឯកឧត្តម និងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រួមជាមួយសិស្ស-និស្សិតទាំងអស់ បានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________