ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស "ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ"
ជូនដល់ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូស អរតា
ប្រធាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយស “ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ” (Honorary Doctorate Degree in Educational Administration and Leadership) ជូនឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូស អរតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងជាជ័យលាភីពានរង្វាន់ណូប៊ែលសន្តិភាព (The Nobel Peach Prize) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជារដ្ឋមន្ត្រីអមគណៈប្រតិភូ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអប់រំ ឯកអគ្គរដ្ឋទូតទីម័រប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងសិស្ស-និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបប្រមាណ ១,៦០០នាក់។ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា នេះជាលើកទី៣ ហើយ សម្រាប់សាកលវិទ្យាល័យក្នុងការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូន ថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ និងបុគ្គលជោគជ័យជាតិ-អន្តរជាតិ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមដែលបានរៀបចំពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូន ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូស អរតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលនេះ។ ឯកឧត្តមបណ្ឌិត លី ឆេង បានមានប្រសាសន៍ថាការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនាពេលនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យបានពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់លើ ប្រវត្តិ ស្នាដៃ សមិទ្ធផល និងគុណសម្បត្តិជាច្រើនរបស់ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងមានតម្លៃលើសលុបជាសកលក្នុងកិច្ចការអប់រំ និងភាពជាអ្នកដឹកនាំដើម្បីឯករាជ្យជាតិ សន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ និងប្រជាជន និងជាគំរូសម្រាប់យុវជនជំនាន់ក្រោយ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សាកលវិទ្យាល័យផ្តល់សញ្ញាបត្របណ្ឌិតកិតិ្តយសជូនចំពោះ ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ ឬបុគ្គលដែលមានស្នាដៃ តាមលក្ខខណ្ឌដូចខាងក្រោម៖ ១-ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ ព្រមទាំងបុគ្គលដែលមានកិត្តិយសខ្ពស់បំផុត ដែលមានគុណសម្បត្តិ និងស្នាដៃដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុរំដោះជាតិ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ដឹកនាំតស៊ូទាមទារឯករាជ្យជាតិ និងការស្វែងរកសុខសន្តិភាព ស្ថិរភាពនយោបាយ ជូនប្រទេសជាតិ ក៏ដូចជាមនុស្សជាតិទូទាំងពិភពលោក។ ២-បុគ្គលដែលមានគុណសម្បត្តិ និងស្នាដៃក្នុងការអភិវឌ្ឍវិស័យអប់រំ វប្បធម៌ សិល្បៈ ទេសចរណ៍ សេដ្ឋកិច្ច បរិស្ថាន ឧស្សាហកម្ម វិស្វកម្ម ស្ថាបត្យកម្ម បច្ចេកវិទ្យា និងស្រាវជ្រាវរកឃើញនូវរូបមន្តផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា អក្សរសាស្ត្រ វេជ្ជសាស្ត្រ ព្រមទាំង វិស័យផ្សេងៗទៀតសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិ និងជាគំរូដល់យុវជនជំនាន់ក្រោយ។ ៣-បុគ្គលដែលទទួលបានជោគជ័យលើផ្នែក ពាណិជ្ជកម្ម ឧស្សាហកម្ម អាជីវកម្ម ក្នុងអាជីពការងារ និងមុខរបរ វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងមានបទពិសោធន៍ស្របតាមទេពកោសល្យពីកំណើត ដែលបានរួមចំណែកអភិវឌ្ឍលើវិស័យផ្សេងៗទៀត សម្រាប់សង្គមជាតិ ក៏ដូចជាមនុស្សជាតិទូទៅ។ ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូស អរតា ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិតិ្តយស “ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ” ពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលសាកលសមបំផុតសម្រាប់ គុណសម្បតិ សមិទ្ធផល និងស្នាដៃដ៏ច្រើនលើសលុបរបស់ ឯកឧត្តមបណ្ឌិត ក្នុងរយៈពេលជាងបួន ទស្សវត្សរ៍មកនេះ ក្នុងការតស៊ូទាមទារឯករាជ្យជាតិ ស្វែងរកសុខសន្តិភាព ការកសាង និងអភិវឌ្ឍប្រទេសជាតិ រួមទាំងវិស័យអប់រំ។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និងគាំទ្រចំពោះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការរៀបចំពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូន ថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ និងបុគ្គលជោគជ័យជាតិ-អន្តរជាតិ ស្របតាមគុណសម្បត្តិ សមិទ្ធផល និងស្នាដៃនានា។ ក្នុងពិធីដ៏ឧត្តុង្គឧត្តមនោះផងដែរ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូស អរតា បានផ្តល់កិត្តិយសថ្លែងសំណេះសំណាលជាមួយ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងបានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យបានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូន ឯកឧត្តមបណ្ឌិត។ ឯកឧត្តមបណ្ឌិតប្រធានាធិបតី ក៏បានសម្តែងការអបអរសាទរ និងក្តីសប្បាយរីករាយដោយឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត លី ឆេង បានប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសជូន ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូស អរតា និងបានអញ្ជើញ ឯកឧត្តមបណ្ឌិតប្រធានាធិបតី ចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍នាឱកាសនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
_______________________________________________________________________