ពិធីបើក-បិទ កម្មវិធីប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១
ថ្ងៃទី២១ និងទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមព្រឹត្តិការណ៍ ពិធីបើក-បិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានប្រព្រឹត្តឡើង នៅថ្ងៃទី២១ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ នាល្ងាចថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតចំនួនប្រមាណ ៥០០នាក់ បានចូលរួមព្រឹត្តិការណ៍ពិធីប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១នេះ។ ពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១នេះ គឺជាការរៀបចំសាកល្បងដូចទៅនឹងការរៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នាពេលខាងមុខដែរ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខ សណ្ដាប់ធ្នាប់ល្អ ក្រោមប្រធានបទ “កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ”។ ការប្រកួតកីឡាជាតិលើកទី៣ ត្រូវរៀបចំផ្ដោតលើគោលបំណងសំខាន់ៗចំនួន ៥ចំណុច រួមមាន៖ ១. ផ្ដល់ឱកាសដល់សហព័ន្ធកីឡាជាតិ បានដាក់មន្ដ្រីបច្ចេកទេសដែលបានបណ្ដុះបណ្ដាលរួចឲ្យអនុវត្តក្នុងការរៀបចំប្រកួតជាក់ស្ដែងនៅលើទីលាន ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍នៃការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ២. កីឡាករកីឡាការិនីបានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍នៃការប្រកួត។ ៣. អាចប៉ាន់ស្មានតម្រូវការទីលាន និងសម្ភារឧបករណ៍បច្ចេកទេសតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម។ ៤. តេស្ដសាកល្បងនៃការរៀបចំពិធីបើកបិទ ឲ្យស្របតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម។ ៥. ជាការសាកល្បងចុងក្រោយសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងជាការពង្រឹងការរៀបចំការប្រកួតក្នុងបរិបទនៃជំងឺកូវីដ១៩ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) និងការគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។ នៅក្នុងឱកាសនៃពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១នេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសន្ទរកថាដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ “សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្ដីរីករាយ ដោយបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលជាធម្មតាការប្រកួតកីឡាជាតិនេះត្រូវរៀបចំជារៀងរាល់ ២ឆ្នាំម្តង ប៉ុន្តែមានការខកខាននៅឆ្នាំ២០២០ ដោយសារការផ្ទុះឡើងនៃវីរុសកូវីដ-១។ ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏មមាញឹក និងជាឆ្នាំដ៏មានសារៈសំខាន់ ជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធចំពោះកិច្ចសហប្រតិបត្តិការល្អ និងការរួមសាមគ្គីគ្នារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១នេះ ដែលការប្រកួតបានចាប់ផ្តើមនៅថ្ងៃទី១៩ និងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ ព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិមួយយ៉ាងសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាងសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករកីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ខាងមុខនេះ ដែលគិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកានេះ នៅសល់តែ ១៦៧ថ្ងៃប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន សូមលើកទឹកចិត្តចំពោះក្មួយៗ ចៅៗ កីឡាករ-កីឡាការិនីមានពិការភាព ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បញ្ចូលក្នុងកម្មវិធីប្រកួតកីឡាជាតិជនពិការលើកទី១ ក្នុងឆ្នាំនេះ។ សូមខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពឱ្យអស់ពីកម្លាំងកាយចិត្ត និងមានភាពស្វាហាប់ពោរពេញដោយកម្លាំងចិត្តខ្លាំងក្លា ដើម្បីយកឈ្នះលើពិការភាពរបស់ក្មួយៗចៅៗ សំដៅបង្ហាញនូវការពិតដែលថា “ពិការភាពប្រកបដោយសមត្ថភាពខ្ពស់”។ ឆ្លៀតក្នុងឱកាសនេះ សម្តេចសូមចូលរួមកោតសរសើរ និងអបអរសាទរចំពោះកីឡាករ-កីឡាការិនីជនពិការទាំងអស់ ដែលបានចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅឥណ្ឌូនេស៊ី ដោយទទួលជោគជ័យគួរជាទីមោទនៈ។ ជោគជ័យរបស់ក្មួយៗចៅៗ មិនត្រឹមតែជាមោទនភាពរបស់ក្មួយៗចៅៗប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពរួមរបស់ប្រជាជនកម្ពុជា និងប្រទេសជាតិយើងទាំងអស់គ្នា ក៏ដូចជាការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិយើងនៅក្នុងតំបន់ និងអន្តរជាតិ។” ក្នុងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានលើកសរសើរអំពីការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដោយសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសល្អដល់កីឡាករកីឡាការិនីជម្រើសជាតិ ក្នុងការចូលរួមប្រកួត ដើម្បីទាញបទពិសោធន៍ និងអភិវឌ្ឍសមត្ថភាពឆ្ពោះទៅរកស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ នាល្ងាចថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ថ្លែងក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវមោទកភាពចំពោះព្រឹត្តិការណ៍នេះនិងថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាទាំងអស់ ក្រសួងអប់រំ យុវជន និងកីឡា និងកីឡាករ-កីឡាការិនី ដែលបានចូលរួមចំណែកក្នុងភាពជោគជ័យនៃការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការ លើកទី១។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវទស្សនៈ និងចំណុចគន្លឹះមួយចំនួនដូចខាងក្រោម៖ ១. សូមលើកទឹកចិត្តដល់ក្មួយៗកីឡាករ-កីឡាការិនីទាំងអស់ សូមគោរពតាមបទបញ្ជានៃការប្រកួតកីឡាជាប្រចាំ ដើម្បីលើកកម្ពស់យុត្តិធម៌ក្នុងការប្រកួត សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួត ពីព្រោះថា កីឡាមាន ស្តង់ដារ បទបញ្ជាត្រឹមត្រូវតែមួយដែលផ្ទុយទៅនឹងការប្រកួតប្រជែងក្នុងផ្នែកនយោបាយ។ ២. សូមអំពាវនាវឱ្យបន្តចូលចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្ដីពី “ប្រជាជន ម្នាក់ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត” “ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា” “រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ” “នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន” និង “កីឡារស់នៅក្នុងសន្តិភាព”។ ៣. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡាឱ្យកាន់តែច្រើន ដើម្បីបង្កើនការលើកកម្ពស់វិស័យកីឡាកម្ពុជា និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងការងារសង្គម ការដោះស្រាយបញ្ហាសង្គម និងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ដោយហេតុថា កីឡាត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង និងទទួលស្គាល់ថា ជាការទូតដ៏មានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការកសាងមិត្តភាព សាមគ្គីភាព សុខសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គមជាតិ ។ ៤. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការការបណ្ដុះបណ្ដាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពខ្ពស់ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាអន្តរជាតិនានានៅថ្ងៃអនាគត។ ដើម្បីជំរុញលើកកម្ពស់វិស័យកីឡាកម្ពុជា និងត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ សម្តេចតេជោបានផ្តល់នូវទស្សនៈនិងចំណុចគន្លឹះមួយចំនួនដូចខាងក្រោម ៖ ១. ក្រសួងស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្តដែលមិនទាន់ មានក្រុមកីឡាចូលរួមប្រកួត ត្រូវបង្កើតអង្គភាពកីឡា ឬ សមាគម កីឡាប្រចាំក្រសួងស្ថាប័ន អាជ្ញាធររាជធានី-ខេត្តរបស់ខ្លួនដោយមានយន្តការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានតម្លាភាព ក្នុងការគ្រប់គ្រង និងបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួនជាប្រចាំសម្រាប់ចូលរួមក្នុងការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ ។ ២. ក្រសួងស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្តត្រូវយកចិត្តទុកដាក់ក្នុងការបង្កើតក្រុមកីឡាដែលខ្លួនមានឧត្តមភាព និង ត្រូវរៀបចំការប្រកួតក្នុងក្របខ័ណ្ឌផ្ទៃក្នុង តាមពេលវេលា សមស្របសម្រាប់ពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីចូលរួមក្នុងការប្រកួតកីឡាជាតិលើកទី ៤ និងកីឡា-ជាតិជនពិការលើកទី ២ ឱ្យបានកាន់តែច្រើន ។ ៣. គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ត្រូវជំរុញល្បឿននៃការត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយជាស្រេច ដើម្បីធានាបាននូវជោគជ័យខ្ពស់ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិត អន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ ។ ៤. គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រីកកិច្ចសហការឱ្យបានជិតស្និទ្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធ- តួអង្គតែមួយ ” ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ជាបន្ទាន់សំដៅធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ ការគ្រប់គ្រង និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនៅឆ្នាំ ២០២៣ ។ ៥. សូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ សូមចូលរួមដល់មូលនិធិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដើម្បីរួមចំណែកដល់ភាព ជោគជ័យនៃការរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិនេះ។ ៦. សូមអំពាវនាវដល់ប្រជាជនទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតី “ប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់” ពិសេសប្រជាជន នៅតាមរាជធានី-ខេត្ត ដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ សូមរៀបចំអនាម័យ ថែរក្សាបរិស្ថានឱ្យបានល្អ និងរៀបចំតុបតែងលម្អ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានរបស់ខ្លួនសំដៅលើកមុខមាត់កម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូ-កីឡា និងភ្ញៀវអន្តរជាតិទាំងអស់ ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជានៅឆ្នាំ ២០២៣ ខាងមុខនេះ។ ៧. សូមលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីយុទ្ធនាការអប់រំសង្គម “មានអ្វីលើសពីការប្រកួតកីឡា” (Beyond the Games) របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្កើនការយល់ ដឹងអំពីបច្ច័យជាវិជ្ជមាន នៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កីឡាដ៏ធំជាប្រវត្តិសាស្ត្រនេះ សម្រាប់ព្រះរាជាណាចក្រកម្ពុជា៕ កម្មវិធីនេះ ប្រព្រឹត្តឡើងយ៉ាងមហោឱឡារឹកជាទីបំផុត ដោយមានមហាជនចូលរួមសរុបជាជាង ៤ម៉ឺននាក់ ជាមួយនឹងទស្សនីយភាពសិល្បៈជាច្រើនអមជាមួយផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
_______________________________________________________________________