សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
ទទួលស្វាគមន៍ស្រ្ដីចក្រវាល Universal Woman 2024 មកពី៥០ប្រទេសជុំវិញពិភពលោក
នាថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ បានរៀបចំកម្មវិធីទទួលស្វាគមន៍ស្ត្រីចក្រវាល Universal Woman 2024 ដែលមកពី៥០ប្រទេសជុំវិញពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ សិស្ស-និស្សិត និងអ្នកគាំទ្រយ៉ាងច្រើនកុះករ។ អ្នកនាង ប្រាសាទ ដាវីន ស្រ្តីចក្រវាល ឆ្នាំ២០២៣ តំណាងព្រះរាជាណាចក្រកម្ពុជា បានមានចំណាប់អារម្មណ៍ថា នេះជាឱកាសមួយដែល ស្រ្តីចក្រវាល មកពី៥០ប្រទេស ជុំវិញពិភពលោក បានស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ អរិយធម៌ និងភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជានាសម័យសន្តិភាព។ យោងតាមមតិស្វាគមន៍របស់ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា កម្មវិធីស្ត្រីចក្រវាល ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០២៣ ម្តងរួចមកហើយ នៅទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម ហើយនេះជាលើកទី២ដែលត្រូវរៀបចំនៅទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពី ទេសចរណ៍ វប្បធម៌ សាមគ្គីភាព ភាតរភាព រវាងជាតិសាសន៍ទាំងអស់នៅលើពិភពលោក ជាពិសេសជួយផ្សព្វផ្សាយអំពី ភាពរីកចម្រើន លើគ្រប់វិស័យរបស់ ព្រះរាជាណាចក្រកម្ពុជា នាសម័យសន្តិភាព និងដើម្បីចូលរួមដោយអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់យកនូវអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ស្ត្រីចក្រវាល Universal Woman 2024 ទាំងអស់បានចំណាយពេលវេលាធ្វើទស្សនកិច្ច សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដូចជាអគារសិក្សា អគារស្នាក់នៅនិស្សិត ថ្នាក់រៀន បណ្ណាល័យ បណ្ណាល័យអេឡិចត្រូនិច (Digital Library) បន្ទប់ពិសោធន៍ (Lab) និងមហាវិទ្យាល័យទាំង១២ ដែលបណ្តុះបណ្តាលលើ ៤២មុខជំនាញ និងបានបញ្ចូលកម្មវិធីសិក្សាបន្ថែម ដូចជាទស្សនកិច្ចសិក្សា កម្មសិក្សា ការចុះហ្វឹកហាត់ការងារ (Practical Training) ក្នុងកម្មវិធីសិក្សារបស់និស្សិតរៀងរាល់ឆមាស នៅគ្រប់មហាវិទ្យាល័យ ក្នុងគោលបំណងឱ្យនិស្សិតទទួលបានទាំងការសិក្សាទ្រឹស្តីទាំងការអនុវត្តជាក់ស្ដែង និងដើម្បីឈ្វេងយល់បន្ថែមនូវចំណេះដឹងថ្មីៗ ឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែងនៃមុខជំនាញសិក្សារបស់និស្សិត ស្របតាមបាវចនារបស់ប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ផងដែរ។
|
|
_______________________________________________________________________