ព័ត៍មានសង្ខេប អំពីព្រះរាជាណាចក្រកម្ពុជា
ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដ៏ចំណាស់មួយនៅ អាស៊ីអាគ្នេយ៍នៃឧបទ្វីបឥណ្ឌូចិន ដែលមានវប្បធម៌ អារ្យធម៌ល្បីល្បាញ និងបានបែងចែកជា ១៣សម័យ កាលសំខាន់ៗដូចជា៖
1-សម័យនគរភ្នំ ឬហ្វូណន | (ស.វទី១ ដល់ឆ្នាំ ៥៥០) |
2-សម័យចេនឡា | (៥៥០-៨០២) |
3-សម័យអង្គរ | (៨០២-១៤៣២) |
4-សម័យចតុមុខ | (១៤៣២-១៥១៦) |
5-សម័យលង្វែក | (១៥១៦-១៥៩៣) |
6-សម័យឧត្តុង្គ | (១៦២០-១៨៦៣) |
7-សម័យអាណានិគមបារាំង | (១៨៦៣-១៩៥៣) |
8-សម័យសង្គមរាស្រ្តនិយម | (១៩៥៣-១៩៧០) |
9-សម័យសាធារណៈរដ្ឋខ្មែរ-លន់ ណល់ | (១៩៧០-១៩៧៥) |
10-សម័យកម្ពុជាប្រជាធិបតេយ្យ-ប៉ុល ពត | (១៩៧៥-១៩៧៩) |
11-សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា | (១៩៧៩-១៩៨៩) |
12-សម័យរដ្ឋកម្ពុជា | (១៩៨៩-១៩៩៣) |
13-ព្រះរាជាណាចក្រកម្ពុជាអាស្រ័យរដ្ឋធម្មនុញ | (១៩៩៣-បច្ចុប្បន្ន) |
បច្ចុប្បន្នប្រទេសកម្ពុជាមានផ្ទៃដីសរុបចំនួន ១៨១,០៣៥គ.ម២ និងមានរាជធានី-ខេត្ត ចំនួន២៥, ក្រុងចំនួន៣១, ស្រុកចំនួន១៦៣ , ខណ្ឌចំនួន១៤, ឃុំចំនួន១៣៨៨ , សង្កាត់ចំនួន ២៦៤ និងភូមិចំនួន១៤៥៩៥។ ដែលមានប្រជាជនសរុបប្រហែល១៧ លាននាក់ នឹងមានដង់ស៊ីតេ៨៨នាក់/គ.ម២ និងមានព្រំប្រទល់ខាងកើត និង ខាងត្បូងជាប់នឹងប្រទេសប្រទេសវៀតណាមខាងលិច និងខាងជើងជាប់នឹងប្រទេសថៃ ខាងជើងជាប់នឹងប្រទេសឡាវ និងទិសនិរតីជាប់ឈូងសមុទ្រថៃ។
ប្រទេសកម្ពុជាទទួលរងនូវអាកាសធាតុត្រូពិចក្តៅហើយសើមទើបមានដូវកាលពីរ គឺរដូវប្រាំង និងរដូវវស្សា ដែលរដូវប្រាំងចាប់ពីខែវិច្ឆិកាដល់ខែមេសា មានសីតុណ្ហភាពពី ២៤0C-៣៣0C និងរដូវវស្សាចាប់ខែឧសភាដល់ខែតុលាមានសីតុណ្ហភាពពី១៨0c-៣០0c។ អាកាសធាតុត្រជាក់បំផុតនៅខែមករានិងក្តៅបំផុតនៅខែមេសា ហើយកម្ពស់ទឹកភ្លៀងប្រចាំឆ្នាំពី១០០-១៥០សង់ទីម៉ែត្រ។ ប្រទេសកម្ពុជាគឺជាសមាជិកទី១០ នៃប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
ប្រទេសកម្ពុជាបែងចែកជា៤ស្ថាប័នធំៗគឺ ស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នតុលាការ នឹងអនុវត្តន៍យោបាយបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានអាណត្តិ ៥ឆ្នាំបោះឆ្នោតម្តង ដែលការបោះឆ្នោតនោះរួមមានការបោះឆ្នោតអសកល និងសកល។
ការបោះឆ្នោតសកល គឺប្រជាជនបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ហើយសមាជិកក្រុមប្រឹក្សាក្រុមប្រឹក្សាឃុំ-សង្កាត់ដែលបានជាប់ឆ្នោតមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
ការបោះឆ្នោតសកលវិញគឺ ប្រជាជនបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា ហើយសមាជិករដ្ឋសភាដែលឈ្នះឆ្នោត នឹងមានអសនៈនៅក្នុងសភាច្រើនជាង៥០%+១ ឡើងទៅ មានសិទ្ធិបង្កើតរាជរដ្ឋាភិបាល។
ស្ថាប័នព្រះមហាក្សត្រ: ព្រះមហាក្សត្រសោយរាជ្យជាធិបតី តែមិនកាន់អំណាចដែលបានជ្រើសតាំងឡើងតាម រយៈក្រុមប្រឹក្សារាជបង្ល័ង្កដោយមានសមាជិក៩ រូបគឺជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សម្តេចព្រះសង្ឃរាជទាំងពីរគណៈ (មហានិកាយ និងធម្មយុត្តិ) អនុប្រធានទាំងពីរ របស់ព្រឹទ្ធសភា និងរដ្ឋសភា (អនុប្រធានទី១ អនុប្រធានទី២ របស់ព្រឹទ្ធសភា និង អនុប្រធានទី១ អនុប្រធានទី២ របស់រដ្ឋសភា)។ព្រះមហាក្សត្រដែលបានជ្រើសតាំងឡើងត្រូវមានព្រះជន្ម៣០ព្រះវស្សាឡើងទៅ និងស្ថិតនៅក្នុងខ្សែរាជវង្សអង្គឌួង នរោត្តម និងស៊ីសុវត្ថិ។
ស្ថាប័ននីតិបញ្ញត្តិ: រួមមានស្ថាប័នព្រឹទ្ធសភាដែលមាន ៦៣អសនៈ និងស្ថាប័នរដ្ឋសភាដែលមានចំនួន១២៣ អសនៈកើតឡើងដោយការបោះឆ្នោតសកល និងអសកល។
កំណើនសេដ្ឋកិច្ចជាតិ (GDP) នៃប្រទេសកម្ពុជា មានចំនួន៧% នៅឆ្នាំ២០១១ បានមកពីវិស័យសំខាន់ៗដូចជា:
ស្ថាប័ននីតិប្រតិបត្តិ: ដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា ដែលបានបោះឆ្នោតតែងតាំងឡើងដោយរដ្ឋសភាតាមនីតិកាលនីមួយៗ ដោយសម្លេង ៥០%+១ហើយរដ្ឋាភិបាលត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញដែលសភាសម្រេច។ រាជរដ្ឋាភិបាលមានទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) ទីស្តីការគណៈរដ្ឋមន្ត្រី (វិមានមិត្តភាព) និងមានក្រសួងចំនួន២៥ អាជ្ញាធរជាតិចំនួន១១រដ្ឋាលេខាធិការដ្ឋានចំនួន២ ស្ថិតនៅក្រោមឱវាទ។
ស្ថាប័នតុលាការ: ជាអង្គនីតិវិនិច្ឆ័យដែលរួមមានតុលារខេត្ត-ក្រុង ឬសាលាដំបូង សាលាឧទ្ធរណ៍ តុលារកំពូលនិងមានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រហើយព្រះអង្គមានសិទ្ធិលើកលែងទោសចំពោះពិរុទ្ធជន។
វិស័យអចលទ្រព្យ និងសំណង់: ក្នុងកំឡុងពេលប៉ុន្មានឆ្នាំវិស័យអចនទ្រព្យរួមមានដីធ្លី ផ្ទះសម្បែងសំណង់ផ្សេងៗបានរីកដុះដាលយ៉ាងឆាប់រហ័សមានសណ្ឋាគារធំៗ អគារធំៗ សម្រាប់ជួល ឬលក់និងមានក្រុមហ៊ុនជាច្រើនបានទិញ ដីធ្វើបុរីសង់ផ្ទះរាប់រយល្វែង ហើយលក់ក្នុងតម្លៃថោកសមរម្យនៅតាមតំបន់ពាណិជ្ជកម្មមួយចំនួន ដែលធ្វើឲ្យប្រជាជនមានលទ្ធភាពទិញហើយរាជធានីភ្នំពេញ និងខេត្តទាំងនោះបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស។
វិស័យពាណិជ្ជកម្ម: រួមមានការនាំចេញនូវផលិតផលសម្លៀកបំពាក់ទៅកាន់ទីផ្សារអន្តរជាតិ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងផលិតផលកសិកម្មផ្សេងៗទៀតដូចជា កៅស៊ូ អង្ករ ដំឡូងមី។ ផ្នែកនាំចូលរួមមានសម្ភារៈសំណង់ ដែក ស៊ីម៉ង់ និងយានយន្តព្រមទាំងសម្ភារៈប្រើសប្រាស់ជាច្រើនទៀត។
វិស័យឧស្សាហកម្ម: រួមមានការវិនិយោគលើវិស័យកាត់ដេរ ដែលមានរោងចក្រប្រមាណជាង៥០០រោងចក្រ និងមានកម្មករ-កម្មការនី ១០០០,០០០នាក់ និងមានរ៉ែប្រេងកាតនៅសមុទ្រ វារីអគ្គិសនីនៅភ្នំកំចាយ គិរីរម្យ ស្ទឹងតាតៃ និងទំនប់វារីអគ្គិសនីសេសានក្រោមពីរស្ទឹងត្រែង។
វិស័យកសិកម្ម: មានប្រជាជន៨០% បង្កបង្កើនផលលើដំណាំស្រូវ ដំណាំហូបផ្លែ ដំណាំឧស្សាហកម្ម និងមានព្រៃសម្បទាន ព្រៃស្រោងដែលជាជម្រកសត្វព្រៃ និងទាក់ទាញទឹកភ្លៀង។ ចំណែកផ្នែកជលផលរួមមានការនេសាទ ទឹកសាប ការនេសាទទឹកសមុទ្រ និងវារីវប្បកម្ម។
វិស័យគមនាគមន៍: បែងចែកជា ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
ផ្លូវគោក: រួមមានផ្លូវជាតិធំៗចំនួន៩ ខ្សែរតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់គ្រប់ ខេត្តក្រុង គ្រប់តំបន់ទូទាំងប្រទេសដែលមានប្រវែងសរុប ៣៨,៥២៦ គ.ម និងមានស្ពានអាកាសចំនួនប្រាំ (ស្ពានមុនីវង្ស ស្ពាន៧មករា ស្ពានផ្សារដីហុយ ស្ពាន៥មករា និងស្ពានឬស្សីកែវ) ស្ពានភ្លោះមុនីវង្ស ស្ពានជ្រោយចង្វា ស្ពានព្រែកភ្នៅ ព្រែកក្តាម ព្រែកតាម៉ាក់ គីហ្សូណា សេកុង (ស្ទឹងត្រែង) អ្នកលឿន និងស្ពានឆ្លង កាត់សមុទ្រ (កោះកុង និងកំពង់សោម) ។
ផ្លូវទឹក: រួមមានបណ្តាញទន្លេមេគង្គ បឹងទន្លេសាប រហូតដល់សមុទ្រ និងមានកំពង់ផែអន្តរជាតិភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងកំពត។
ផ្លូវអាកាស: រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ អាកាសយដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ: ប្រាក់រៀលជារូបិយប័ណ្ណជាតិ និងមានរូបិយប័ណ្ណបរទេសផ្សេងៗ ដូចជាប្រាក់ដុល្លា ប្រាក់អឺរ៉ុប ប្រាក់បាត ប្រាក់យ៉េន ដែលចររាចរណ៍លើទីផ្សារ (១ដុល្លាអាមេរិក ៤០,០០ រៀល) ។
វិស័យអប់រំ: រួមមានគ្រិះស្ថានអប់រំសាធារណៈ និងឯកជន នៅទូទាំងប្រទេសមានសាលាមត្តេយ្យសិក្សា និងសាលារៀនចំណេះទូទៅទាំងសាធារណៈ និងឯកជន សរុប១៤.៥២២ ក្នុងនោះ សាលាមត្តេយ្យសិក្សា ចំនួន៤.៨១០ សាលាបឋមសិក្សាចំនួន៧.៧១៦ អនុវិទ្យាល័យ ចំនួន១.៣២៤ និងវិទ្យាល័យចំនួន៦៧២។ បច្ចុប្បន្នសិស្សសរុបនៅគ្រប់ភូមិសិក្សាសាធារណៈ និងឯកជន ចាប់ពី មត្តេយ្យសិក្សា ដល់មធ្យមសិក្សាមានចំនួន៣.៥៦៧.១០៥នាក់ ក្នុងនោះ ស្រី១.៧៦៦.៣៧៩ នាក់ ស្មើនឹង៤៩.៥ភាគរយ។ ចំពោះគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមានចំនួន១២៥ ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៤៨ និងឯកជនចំនួន៧៧។ ដោយឡែកនិស្សិតកំពុងសិក្សា នៅថ្នាក់ឧត្តមសិក្សាមានចំនួន២១១.៤៨៤នាក់ ស្រី៩៨.៦៣០នាក់ ស្មើ៤៦.៦៣ភាគរយ ក្នុងនោះ និស្សិតបរទេសអាហារូបករណ៍មានចំនួន១៥៨នាក់ ស្រី៦០នាក់ ស្មើ ៣៧.៩៧ភាគរយ។ ចំណែកបុគ្គលិកអប់រំសរុបនៅទូទាំងប្រទេសមានចំនួន១២០.២៩៩នាក់ ស្រី៥៤.៩៥៨នាក់ (ត្រូវជា៤៥.៧ភាគរយ) ក្នុងនោះ ថ្នាក់ជាតិចំនួន៣.៤១៦នាក់ ស្រី៩៣៩ នាក់ (ត្រូវជា២៧.៥ភាគរយ) និងថ្នាក់ក្រោមជាតិចំនួន១១៦.៨៨៣នាក់ ស្រី៥៤.០១៩នាក់ (ត្រូវជា៤៦.២ភាគរយ)។
វិស័យទេសចរណ៍: កម្ពុជាសម្បូរទៅដោយតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ជាច្រើនដូចជា: ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ដែលបាន ដាក់ចូលជាសម្បត្តិបេតិភណ្ឌពិភពលោក និងតំបន់រមណីយដ្ឋានធម្មជាតិ គិរីរម្យ ឋានសួគ៌បូកគោ ភ្នំគូលែន ជម្រកសត្វស្លាប បឹងទន្លេសាប ព្រៃរនាមតំបន់ទឹកធ្លាក់ និងតំបន់មាត់សមុទ្ររួមមានឆ្នេរកោះកុង (ព្រៃកោងកាង) ឆ្នេរក្រុងព្រះសីហនុជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក។
វប្បធម៌ សិល្បៈ: រួមមានរបាំអប្សរា របាំព្រះរាជទ្រព្យ ល្ខោនស្បែកធំ ដែលជាសម្បត្តិបេតិកភណ្ឌអរូបីរបស់ពិភពលោក ក្រៅពីនេះនៅមានក្បូរក្បាច់ចម្លាក់នៅតាម ប្រាង្គប្រាសាទ ព្រះវិហារ និង គ្រឿងចម្លាក់លម្អរផ្សេងៗ ដែលដំណាលពីរឿងព្រេង និងទេវកថាទៅតាមសម័យកាលនីមួយៗ។
សាសនា: មានសាសនាចំនួន៣ធំៗដូចជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋដែលមានប្រជាជន៩០% គោរពប្រតិបត្តិ និងមានវត្តសរុប ៤,៩៧៩ វត្ត មានព្រះសង្ឃសរុបចំនួនជាង ៧០,៨៥៣ អង្គ។ ក្នុងនោះមានវត្តគណៈមហានិកាយ ៤៧៤៤ វត្ត ដែលមានចំនួនព្រះសង្ឃ សរុប ៦៦០៣៦ អង្គ។ ដោយឡែក ៤៨១៧ អង្គទៀតជាព្រះសង្ឃ គណៈធម្មយុត្តិកនិកាយ ក្នុងនោះមានវត្ត សរុប២៤១ វត្ត។ គ្រឹស្តសាសនាមានប្រជាជនគោរពប្រតិបត្តិប្រមាណ៦% និង ឥស្លាមសាសនា៤%។