សូមអនុមោទនាកម្មវិធីសិក្សាបន្ថែម(កម្មវិធីបង្កើនចំណេះដឹងទូទៅ)
ក្រោមប្រធានបទ «ទស្សនទានព្រះពុទ្ធសាសនា»
“សូមអនុមោទនាកម្មវិធីសិក្សាបន្ថែម(កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ «ទស្សនទានព្រះពុទ្ធសាសនា» ជូនសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី៨-៩ និងផ្នែកភាសាអង់គ្លេសទូទៅ កម្រិតទី៨-៩ (Level 8-9) សរុបចំនួន ៧,១៩៨នាក់”។ -សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្សាបន្ថែម(កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ «ទស្សនទានព្រះពុទ្ធសាសនា» ដែលបាននិមន្តចូលរួមជាព្រះធម្មកថិក ដឹកនាំដោយ ព្រះភិក្ខុវជិរប្បញ្ញោបណ្ឌិត គូ សុភាព សម្រាប់សិស្សានុសិស្សនៅតាមបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិទាំង ២៧ទីតាំង ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ដោយមានការចូលរួមផ្ទាល់នៅសាលសន្និសីទ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ (ស្ពានអាកាសចោមចៅ) ចំនួន៧០១នាក់ ព្រមទាំងការចូលរួមពីចម្ងាយតាមរយៈហ៊្សូម (ZOOM Cloud Meetings) ចំនួន៦,៧៩៤នាក់។ កម្មវិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ -គួរបញ្ជាក់ផងដែរថា “ទស្សនទានព្រះពុទ្ធសាសនា” គឺជាផ្នែកមួយនៃកម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង១២ លើកម្មវិធីសិក្សារបស់ក្រសួងអប់រំដែលមានស្រាប់។ -គោលបំណងសំខាន់ នៃការរៀបចំកម្មវិធីនេះឡើងគឺ ដើម្បីឲ្យប្អូនៗសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិទាំងអស់បានសិក្សាបន្ថែមពីចំណេះដឹងថ្មីមួយទៀត ព្រមទាំងលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបញ្រ្ជាបព្រះពុទ្ធោវាទដល់សិស្សានុសិស្សយល់ដឹងពីបុណ្យ បាប គុណ ទោស មានកតញ្ញូតាធម៌ចំពោះមាតាបិតា ដែលបានចិញ្ចឹមបីបាច់ថែរក្សា ក៏ដូចជាអប់រំពង្រឹងសីលធម៌ សុជីវធម៌ក្នុងសង្គមឱ្យជៀសផុតពីការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ អំពើអនាចារ ជាពិសេសបានសិក្សាពីកម្មវិធីអប់រំផ្លូវចិត្តបានយ៉ាងច្រើនថែមទៀតផង។ សូមជម្រាបជូនផងដែរថា សាលា ប៊ែលធី អន្តរជាតិ បានបន្ថែមកម្មវិធីសិក្សាធំៗ ចំនួន ១២ រួមមាន៖ ១- កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (BELTEI IS App) ២- កម្មវិធីបង្កើនចំណេះដឹងទូទៅ ៣- កម្មវិធីទស្សនកិច្ចសិក្សា ៤- កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ ៥- កម្មវិធីប្រកួតជជែកដេញដោល ៦- កម្មវិធីប្រកួតប្រជែងសំណេរ ៧- កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ៨- កម្មវិធីប្រកួតប្រជែងអំណានអប់រំ ៩- កម្មវិធីប្រកួតប្រជែងទេពកោសល្យ ១០- កម្មវិធីសិក្សាតាមទូរទស្សន៍ ១១- កម្មវិធីកីឡា ១២- កម្មវិធីអប់រំស្ទែម និងរ៉ូបូទិក ហើយកម្មវិធីបង្កើនចំណេះដឹងទូទៅ ដែលជាកម្មវិធីបន្ថែមទី២នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងបានបែងចែកទៅតាមកម្រិតថ្នាក់ដូចខាងក្រោម៖ -ថ្នាក់ទី ៨ ការអប់រំផ្លូវចិត្ត -ថ្នាក់ទី ៩ ទស្សនទានព្រះពុទ្ធសាសនា -ថ្នាក់ទី ១០ សុវត្ថិភាពចំណីអាហារ និងយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក -ថ្នាក់ទី ១១ យល់ដឹងអំពីគ្រឿងញៀន និងយល់ដឹងអំពីជម្ងឺអេដស៍ -ថ្នាក់ទី ១២ យល់ដឹងអំពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងតួនាទីយុវជននៅក្នុងសង្គម។
|
|
_______________________________________________________________________