ពិធីសូត្រមន្តបើកអោយដំណើរការវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី១០
(សាខាអាងទឹកអូឡាំពិក)
កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១០ ថ្នាក់ដឹកនាំព្រមទាំងបុគ្គលិក របស់ប៊ែលធី គ្រុបទាំងអស់ បានប្រារព្ធពិធី សូត្រមន្ត ដើម្បីបើកអោយដំណើរការនូវវិទ្យាស្ថានប៊ែលធី អន្តរជាតិទី១០ (សាខាអាងទឹកអូឡាំពិក) ដែលមាន អាសយដ្ឋានអគារលេខ ៥៧ ផ្លូវលេខ ២១៧ កែង ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធីបតីភាព ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងលោកជំទាវ ព្រមទាំងមានការចូលរួមពីគណៈ គ្រប់គ្រងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទាំងអស់។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង ក៏បានបញ្ជាក់ផងដែរថាៈ អគារសាខាទី ១០នេះ មានកំពស់៧ជាន់ និងមានជាន់ក្រោមដី(Basement) សម្រាប់ធ្វើជាចំណតកង់-ម៉ូតូ មានបន្ទប់សិក្សាចំនួន ៥៥បន្ទប់ ហើយដំបូលខាងលើ គឺជាទែរ៉ាស់សម្រាប់ហាត់ប្រាណ និងសិស្សលំហែកាយពេលចេញលេងម្តងៗ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា អគារសិក្សារបស់វិទ្យាស្ថានប៊ែលធី អន្តរជាតិទាំងអស់ គឺជាស្នាដៃសាងសង់របស់ក្រុមហ៊ុនសំណង់ប៊ែលធី (BELTEI Construction) ទាំងអស់ និងបានបែងចែកជាពីរប្រភេទខុសៗគ្នាគឺៈ ប្រភេទទី១: អគារសម្រាប់កម្រិតវិទ្យាស្ថាន ត្រូវសាងសង់មានកំពស់ ៧ជាន់ទាំងអស់ និងមានជាន់ក្រោមដី សម្រាប់ធ្វើជាចំណតកង់-ម៉ូតូ ហើយមាន ៥កម្មវិធីសិក្សាធំៗដូចជាៈ 1-ចំណេះទូទៅ មានពីថ្នាក់ទី១-១២: សិក្សាតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា ដោយមានបន្ថែមភាសាអង់គ្លេសលើចំណងជើង-ចំណងជើងរង ដោយឡែកចាប់ពីថ្នាក់ទី៦ ដល់ ទី៨ មានបញ្ចូលកម្មវិធីកុំព្យូទ័រ។ សិស្សបញ្ចប់ថ្នាក់ទី១២ នៅប៊ែលធី ហើយចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និង ទទួលបានអាហារូបករណ៍ ៥០% រយៈពេល ៤ឆ្នាំ។ 2-ភាសាអង់គ្លេសទូទៅ ពី Preschool ដល់ Level12: សិក្សាតាមបែបអាមេរិកាំង(American System) និងសៀវភៅសិក្សាឧបត្ថម្ភដោយក្រុមហ៊ុន McGraw-Hill Education នៅសហរដ្ឋអាមេរិក។ ចំពោះសិស្ស Level 12(High-Advanced Level) ពេលបញ្ចប់ការសិក្សា ត្រូវទទួលបានវិញ្ញាបនបត្រ ២ប្រភេទ ដែលមានដូចខាងក្រោមៈ *ប្រភេទទី១ ជាវិញ្ញាបនបត្របញ្ជាក់ការសិក្សាកំរិតក្នុងស្រុក ដែលចេញដោយ ប៊ែលធីការិយាល័យកណ្តាល (Head Office)។ *ប្រភេទទី២ ជាវិញ្ញាបនបត្រភាសាអង់គ្លេសកំរិតអន្តរជាតិ (Password) ដែលចេញដោយក្រុមហ៊ុន English Language Testing Ltd មានទីតាំងនៅទីក្រុងឡុងនៃប្រទេសអង់គ្លេស ឬ វិញ្ញាបនបត្រថូហ្វល (TOEFL) ដែលចេញដោយស្ថាប័នETS (Educational Testing Service) មានទីតាំងធំនៅសហរដ្ឋអាមេរិក។ 3-មហាវិទ្យាល័យភាសាបរទេស: ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលជ្រើសរើសយកជំនាញ តែមួយគត់ គឺ អក្សរសាស្រ្តអង់គ្លេស សិក្សាតាមប្រព័ន្ធក្រេឌីត។ វិទ្យាស្ថានបានសហការជាមួយ សាកលវិទ្យាល័យ Regent’s College នៅចក្រភពអង់គ្លេស។ និស្សិតដែលបានបញ្ចប់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅវិទ្យាស្ថាន អាចបន្តការសិក្សាឆ្នាំទី២ នៅសាកលវិទ្យាល័យ Regent’s College បាន។ 4-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ: មាន២៣កម្មវិធី សិក្សាតាមកម្មវិធីសិក្សាថ្មី 2010(New Version 2010)ដែល ស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន។ 5-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL, Password and ICDL): ដែលបានទទួលសិទ្ធិ និងច្បាប់អនុញ្ញាតអោយបើកមជ្ឈមណ្ឌលប្រឡងជាអន្តរជាតិផ្លូវការធំៗ៣ ពីបណ្តាស្ថាប័ន ភាសាអង់គ្លេស និង កុំព្យូទ័រ ជាអន្តរជាតិដូចជាៈ ក-មជ្ឈមណ្ឌលប្រឡងតេស្តថូហ្វល (TOEFL iBT, Testing of English as a Foreign language) ជាមជ្ឈមណ្ឌលប្រឡងតេស្តវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេសជាអន្តរជាតិ ដែលទទួលស្គាល់ជាង160 ប្រទេស នៅលើពិភពលោក។ ខ- មជ្ឈមណ្ឌលប្រឡងតេស្តភាសាអង់គ្លេសអន្តរជាតិ (Password) ជាមជ្ឈមណ្ឌលប្រឡងតេស្តវាស់ស្ទង់ សមត្ថភាពភាសាអង់គ្លេសតាមបែប English System ពីក្រុមហ៊ុន English Language Testing Ltd ដែលមានទីតាំងនៅទីក្រុងឡុង នៃប្រទេសអង់គ្លេស។ គ-មជ្ឈមណ្ឌលប្រឡងតេស្តកុំព្យូទ័រអន្តរជាតិ (ICDL, International Computer Driving License) ជា មជ្ឈមណ្ឌលប្រឡងតេស្តវាស់ស្ទង់សមត្ថភាព ផ្នែកកុំព្យូទ័រជាអន្តរជាតិ ដែលទទួលស្គាល់ជាង140 ប្រទេស សម្រាប់និស្សិតដែលត្រូវទៅរៀនបន្តនៅក្រៅប្រទេសនិងបំពេញការងារតាមអង្គការក្រុមហ៊ុននានាផងដែរ។ ប្រភេទទី២: អគារសម្រាប់កម្រិតសាកលវិទ្យាល័យ ត្រូវសាងសង់មានកំពស់ ១២ជាន់ និងមានជាន់ក្រោមដី (Basement) សម្រាប់ធ្វើជាចំណតរថយន្ត ឬម៉ូតូ ដែលមានទីតាំងលើដីឡូតិ៍លេខ ២១ ភូមិ២១ សង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន ក្រុងភ្នំពេញ នឹងគ្រោងបើកអោយដំណើរការនូវឆ្នាំ ២០១២ ដែលមាន ៦មហាវិទ្យាល័យធំៗដូចជាៈ 1-មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម(Faculty of Business Administration) 2-ហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងភាសា (Faculty of Educational Science and Languages) 3-មហាវិទ្យាល័យនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច(Faculty of Law and Economic Science) 4-មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច (Faculty of Tourism and Hospitality) 5-មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម (Faculty of Engineering and Archietecture) 6-មហាវិទ្យាល័យព័ត៌មានវិទ្យា (Faculty of Information Technology) ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ សិស្ស-និស្សិត មាតា បិតា និងអាណាព្យាបាល ដែលតែងតែគាំទ្រ និង មានជំនឿទុកចិត្តចំពោះវិទ្យាស្ថាន ដែលធ្វើអោយវិទ្យាស្ថានមានការរីកចំរើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ ហើយសិស្ស ដែលបានរៀននៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិគឺ ប្រកបដោយគុណភាពអប់រំខ្ពស់ សមនឹងបាវចនា “គុណភាព ប្រសិទ្ធភាព ឧត្តមភាព និងសីលធម៌”។ ជាក់ស្តែងថ្មីនេះ សិស្សថ្នាក់ទី១២ បានចូលរួម ប្រឡងថ្នាក់ជាតិ ក្នុងឆ្នាំសិក្សា ២០០៩-២០១០មានសិស្សចូលរួមប្រឡងចំនួន៥៥៥នាក់ ក្នុងនោះសិស្ស ប្រឡងជាប់៥៥៣នាក់ ស្មើនឹង៩៩.៦៤%។ ជាទីបញ្ចប់ ឯកឧត្តមបានប្រកាសបើកអោយដំណើរការជាផ្លូវការនូវ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី១០ (សាខាអាងទឹកអូឡាំពិក) ចាប់ពីថ្ងៃនេះតទៅ។ ដើម្បីចូលរួមអបអរសាទរ ការបើកឲ្យដំណើរការជាផ្លូវការនូវវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី១០ វិទ្យាស្ថានមានផ្តល់ជូន ឯកសណ្ឋាន ២សម្រាប់ ចំពោះថ្នាក់ ចំណេះទូទៅ ដែលបង់តម្លៃសិក្សា រយៈពេលមួយឆ្នាំ និងផ្តល់ជូនសៀវភៅសិក្សាគូល័រ ច្បាប់ដើមដល់សិស្ស-និស្សិត ដែលចុះឈ្មោះ ចូលរៀនថា្នក់ភាសាអង់គ្លេសទូទៅ១វគ្គសិក្សា។ ការផ្តល់ជូននេះ ផុតកំណត់ត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |