គោលបំណងនៃការបង្កើត សាលា ប៊ែលធី អន្តរជាតិ នេះឡើងគឺដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងបង្កើតធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព ជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ជាសេនាធិការ និងស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ដែលធ្វើឲ្យប្រទេសជាតិទាំងមូលបានសុខសន្តិភាពពេញលេញ ប្រកបដោយការអភិវឌ្ឍលើគ្រប់វិស័យ។ វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗ ទៀតជាច្រើននៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង ពីព្រោះប្រទេសកម្ពុជា ជាប្រទេសមួយកំពុងអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រទេសកម្ពុជា ក៏ជាសមាជិកអង្គការសហប្រជាជាតិ (United Nations) សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (Association of South East Asian Nations) និងសមាជិក អង្គការ ពាណិជ្ជកម្មពិភពលោក (World Trade Organization) ហើយកម្ពុជា ក៏បានធ្វើសាកលភាវូបនីយកម្ម ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដូច្នេះយើងត្រូវការធនធានមនុស្ស ប្រកបដោយគុណភាពអប់រំខ្ពស់ទាំងផ្នែកចំណេះដឹងទូទៅ ភាសាអង់គ្លេស កុំព្យូទ័រ និងត្រូវមានជំនាញច្បាស់លាស់ ដើម្បីបម្រើការអោយក្រសួងនិងស្ថាប័នទាំងអស់នោះ។ ដោយមានគោលបំណង និងមើលឃើញសេចក្តី ត្រូវការក្នុងការអភិវឌ្ឍ ប្រទេសជាតិជាចាំបាច់ដូចបានរៀបរាប់ខាងលើៈ សាលាប៊ែលធី អន្តរជាតិ មួយត្រូវបានបង្កើតឡើងកាលពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០០២ ក្នុងគោលបំណងចូលរួមអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជា និងបានរៀបចំ ចក្ខុវិស័យ បេសកកម្ម និងគោលដៅ របស់ខ្លួនយ៉ាងច្បាស់លាស់ដើម្បីសម្រេចអោយបាននូវគោលបំណងក្នុងការលើកកម្ពស់គុណភាពអប់រំ និងបង្កើនធនធានមនុស្សនៅកម្ពុជា ប្រកបដោយជោគជ័យទៅអនាគត។