វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ សហការជាមួយសាកលវិទ្យាល័យ KUALA LUMPUR
រៀបចំសិក្ខាសាលា ស្តីពី បច្ចេកវិទ្យាព័ត៌មាន និងសហគ្រិនភាព
វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានសហការជាមួយ សាកលវិទ្យាល័យ KUALA LUMPUR រៀបចំសិក្ខាសាលា ស្តីពី បច្ចេកវិទ្យាព័ត៌មាន និងសហគ្រិនភាព នៅសាលសន្និសីទនៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងគណៈគ្រប់គ្រងមកពីសាកលវិទ្យាល័យ KUALA LUMPUR នៃប្រទេសម៉ាឡេស៊ី ចំនួន ០៩នាក់ ដែលដឹកនាំដោយ លោកស្រី Nor Zunaini Abd Kadir ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ជាង១០០០នាក់។ ឯកឧត្តម លី ឆេង បានធ្វើរបាយការណ៍ថាៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានបង្កើតឡើងនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០០២ បច្ចុប្បន្នមានទីតាំងចំនួន១១សាខា នៅក្នុងរាជធានីភ្នំពេញនិងមានសិស្ស-និស្សិតកំពុងសិក្សាចំនួន ១៧.៤៣៦នាក់ ក្នុងនោះនារី ៩.២៨៦នាក់។ វិទ្យាស្ថានបានបង្កើតជា ប៊ែលធី គ្រុប តាមវិញ្ញាបនបត្រក្រសួងពាណិជ្ជកម្ម លេខ១៨១២ ពណ.នតកចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០០៧ ដែលមានបម្រើសេវាធំៗ ៣ដូចជាៈ ១-ប៊ែលធីសំណង់ ២-ប៊ែលធីទេសចរណ៍ ៣-ប៊ែលធីអប់រំ ដោយឡែក ប៊ែលធីអប់រំ បានចែកចេញជា ៣ផែ្នកធំៗគឺៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងប៊ែលធីទំនាក់ទំនងអន្តរជាតិ។ ក-វិទ្យាស្ថានប៊ែលធីអន្តរជាតិ អគារមានកំពស់៧ជាន់ និងមានបងៀ្រន៥កម្មវិធីសិក្សាធំៗដូចជាៈ ១-ចំណេះទូទៅ(ថ្នាក់ទី១-១២) ២-ភាសាអង់គ្លេសទូទៅ(គ្រប់កម្រិត) ៣- មហាវិទ្យាល័យភាសាបរទេស ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ(TOEFL, Password & ICDL) ខ-សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ អគារមានកំពស់ ១២ជាន់ ដែលមាន ៦មហាវិទ្យាល័យធំៗ ដូចជាៈ ១- មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ២-មហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំនិងភាសា ៣-មហាវិទ្យាល័យនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ៤-មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥-មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ៦-មហាវិទ្យាល័យព័ត៌មានវិទ្យា គ-ប៊ែលធីទំនាក់ទំនងអន្តរជាតិ មានទីតាំង ស្ថិតនៅ ប៊ែលធីទី១០ (សាខាអាងទឹកអូឡាំពិក) និងមានបម្រើសេវា ដូចជា៖១-ការបញ្ជូនសិស្សទៅសិក្សាក្រៅប្រទេស ២-កម្មវិធីផ្លាស់ប្តូរនិស្សិត ៣-ការធ្វើកម្មសិក្សានៅក្រៅប្រទេស ៤-ការអភិវឌ្ឍស្ថាប័ន។ ឯកឧត្តម បានមានប្រសាសន៍ថាៈ វិទ្យាស្ថាន បានបង្កើតអាហារូបករណ៍ ឧកញ៉ា លី ឆេង ឡើង ដើម្បីលើកទឹកចិត្តដល់សិស្ស-និស្សិត ដែលរៀនពូកែ និងមានឆន្ទៈខ្ពស់ក្នុងការសិក្សារៀនសូត្រ ក៏ដូចជាដើម្បីចូលរួម ចំណែកលើកកម្ពស់ គុណភាពវិស័យអប់រំ និងបង្កើនធនធានមនុស្សនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ សំដៅអភិវឌ្ឍប្រទេសរបស់យើងឲ្យបានរីកចម្រើនដូចអរិយប្រទេសនានាលើ សកលលោក។ អាហារូបករណ៍ ឧកញ៉ា លី ឆេង នេះ នឹងធ្វើការប្រឡងជ្រើសរើសសិស្ស-និស្សិត នៅដើមកក្កដា ជារៀងរាល់ឆ្នាំ ហើយសិស្ស-និស្សិតដែលបានប្រឡងជាប់ ត្រូវបានបញ្ជូនឲ្យទៅសិក្សាក្រៅប្រទេស នៅតាមបណ្តាសាកលវិទ្យាល័យ ដែលបានចុះអនុស្សរណៈយោគយល់(MOU) ជាមួយប៊ែលធីដូចជាៈ ចក្រភពអង់គ្លេស, ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។ ជាក់ស្តែងឆ្នាំនេះ វិទ្យាស្ថាន បានប្រឡងជ្រើសរើសសិស្ស-និស្សិតពូកែចំនួន ០៣រូប ឲ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅចក្រភពអង់គ្លេស ក្នុងនោះ សិស្សឈ្មោះ គី គួឡុង ភេទ ប្រុស ថ្នាក់ទី១២ នៅប៊ែលធីទី៣ បានប្រឡងជាប់អាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែក សេដ្ឋកិច្ច នៅមហាវិទ្យាល័យ Cambridge Tutors College, London និងនិស្សិត ០២រូបទៀត ឈ្មោះ លី ណាវុឌ្ឍ ភេទ ប្រុស និង ជី មករា ភេទ ប្រុស បានប្រឡងជាប់អាហារូបករណ៍ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម(Master of Business Administration) នៅសាកលវិទ្យាល័យ Regent’s College, London ផងដែរ។ អាហារូបករណ៍នេះ បានផ្តល់អត្ថប្រយោជន៍ ដល់សិស្ស-និស្សិតជាច្រើន ដូចជាៈ ១-ផ្តល់ជូនតម្លៃសិក្សា ៥០% ឬ១០០%, ២- ផ្តល់ជូនថ្លៃសំបុត្រយន្តហោះ ១០០% ៣-ផ្តល់ជូនប្រាក់ចំណាយផ្សេងៗលើការស្នាក់នៅ ចំនួន៦០០ដុល្លាអាមេរិកក្នុង ១ខែៗ រហូតដល់ចប់កម្មវិធីសិក្សា។ ជាទីបញ្ចប់ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់សិស្ស-និស្សិត ទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ស្តាប់ និងកត់ត្រានូវខ្លឹមសារ ពីព្រោះសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ សម្រាប់តម្រង់ទិសសិស្ស-និស្សិតឲ្យយល់ច្បាស់ ពីគុណតម្លៃ និងអត្ថប្រយោជន៍ នៅពេលរៀនចប់ ផ្នែកព័ត៌មានវិទ្យា ភាសាអង់គ្លេស និងសហគ្រិនភាព ដើម្បីជាចំណេះ របស់ខ្លួនសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យនានា ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ឯកឧត្តម ក៏សង្ឃឹមជឿជាក់ថា សិស្ស-និស្សិត ទាំងអស់ នឹងខិតខំរៀនសូត្រ ដើម្បីប្រកួតប្រជែង ទទួលបាននូវអាហារូបករណ៍ ឧកញ៉ា លី ឆេង សម្រាប់ទៅសិក្សានៅក្រៅប្រទេសប្រកប ដោយជោគជ័យ និង ទទួលបានគុណភាពអប់រំខ្ពស់ ដែលទទួលស្គាល់ទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ ![]() ![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |