ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់(MOU) រវាងវិទ្យាស្ថាន ប៊ែលធី
អន្តរជាតិ ជាមួយនឹងមហាវិទ្យាល័យ Cambridge Tutors College នៃចក្រភពអង់គ្លេស
នៅសាលសន្និសីទ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈ យោគយល់(MOU) រវាងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ជាមួយនឹងមហាវិទ្យាល័យ Cambridge Tutors College នៃចក្រភពអង់គ្លេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជានាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និង Mr. Mario Di Clemente នាយកមហាវិទ្យាល័យ Cambridge Tutors College ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ជាង១០០០នាក់។ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជានាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានធ្វើរបាយការណ៍ថាៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានបង្កើតឡើងនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០០២ បច្ចុប្បន្នមានទីតាំងចំនួន ១១សាខា នៅក្នុងរាជធានីភ្នំពេញ និងមានសិស្ស-និស្សិតកំពុងសិក្សាចំនួន ២០.១៤៧នាក់ ក្នុងនោះនារី ៩.៨៤៦នាក់។ វិទ្យាស្ថានបានបង្កើតជា ប៊ែលធី គ្រុប តាមវិញ្ញាបនបត្រក្រសួងពាណិជ្ជកម្ម លេខ១៨១២ ពណ.នតកចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៧ ដែលមានបម្រើសេវាធំៗ ៣ដូចជាៈ១-ប៊ែលធីសំណង់ ២- ប៊ែលធីទេសចរណ៍ ៣-ប៊ែលធីអប់រំ ដោយឡែក ប៊ែលធីអប់រំបានចែកចេញជា ៣ផែ្នកធំៗគឺៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងប៊ែលធីទំនាក់ទំនងអន្តរជាតិ។ ក-វិទ្យាស្ថានប៊ែលធី អន្តរជាតិ អគារមានកំពស់៧ជាន់ និងមានបងៀ្រន៥កម្មវិធីសិក្សាធំៗដូចជាៈ ១-ចំណេះទូទៅ(ថ្នាក់ទី១-១២) ២-ភាសាអង់គ្លេសទូទៅ(គ្រប់កម្រិត) ៣-មហាវិទ្យាល័យភាសាបរទេស ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ(TOEFL & ICDL) ខ-សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ អគារមានកំពស់ ១២ជាន់ ដែលមាន ៦មហាវិទ្យាល័យធំៗ ដូចជាៈ ១- មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ២-មហាវិទ្យាល័យអប់រំ សិល្បៈ និងមនុស្សសាស្រ្ត ៣- មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ៤-មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥-មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម ៦-មហាវិទ្យាល័យព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត។ គ-ប៊ែលធីទំនាក់ទំនងអន្តរជាតិ មានទីតាំង ស្ថិតនៅ ប៊ែលធីទី១០ (សាខាអាងទឹកអូឡាំពិក) និងមានបម្រើសេវា ដូចជា៖ ១-ការបញ្ជូនសិស្សទៅសិក្សាក្រៅប្រទេស ២-កម្មវិធីផ្លាស់ប្តូរនិស្សិត ៣-ការធ្វើកម្មសិក្សានៅក្រៅប្រទេស ៤-ការអភិវឌ្ឍស្ថាប័ន។ ថ្ងៃនេះ វិទ្យាស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់បន្ថែមមួយទៀតជាមួយនឹងមហាវិទ្យាល័យCambridge Tutors College នៃចក្រភពអង់គ្លេស ក្នុងគោលបំណងដូចជាៈ ១-ជួយគាំទ្រទំនាក់ទំនងការិយាល័យ អន្តរជាតិរវាងស្ថាប័នទាំងពីរ(ប៊ែលធី និងCambridge) ដើម្បីបញ្ជូនសិស្ស-និស្សិតពីប្រទេសកម្ពុជា ទៅសិក្សានៅមហាវិទ្យាល័យ Cambridge Tutors College២-ប្រឹក្សាយោបល់ក្នុងការអភិវឌ្ឍ ផ្នែកទំនាក់ទំនងអន្តរជាតិជាមួយស្ថាប័នផ្សេងៗ ៣-ផ្តល់ការបណ្តុះបណ្តាល ដល់មន្រ្តីការិយាល័យទំនាក់ទំនងអន្តរជាតិ ៤-រៀបចំសិក្ខាសាលា ឬបទបង្ហាញដល់សិស្ស-និស្សិតនូវ ឱកាសការងារ និងការសិក្សា ដែលមានតាមរយៈកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ៥-អភិវឌ្ឍកិច្ចសហប្រតិបត្តិការផ្នែកសិក្សាធិការផ្សេងៗ ដែលមានអត្ថប្រយោជន៍ ដល់ស្ថាប័នទាំងពីរ ៦-មហាវិទ្យាល័យ Cambridge Tutors College នឹងផ្តល់ជូនអាហារូបករណ៍១០០%សម្រាប់សិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន រយៈពេល ២ឆ្នាំ ចំនួន ០១កន្លែង រៀងរាល់ពីរឆ្នាំម្តង សម្រាប់សិស្សប៊ែលធី ៧-ផ្តល់ការបញ្ចុះតម្លៃចាប់ពី២៥%ដល់៥០% សម្រាប់សិស្សប៊ែលធី ទៅសិក្សានៅមហាវិទ្យាល័យ Cambridge Tutors College នៃចក្រភពអង់គ្លេស តាមរយៈកម្មវិធីអាហារូបករណ៍ CTC SCHOLARSHIPS FOR BELTEI HS STUDENTS ឆ្លងតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនេះ យើងខ្ញុំសង្ឃឹមជឿជាក់ថា នឹងបង្កើតបាននូវកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និតរវាង វិទ្យាស្ថានរបស់យើង ជាមួយនឹងមហាវិទ្យាល័យ Cambridge Tutors College នៃចក្រភពអង់គ្លេស ក្នុងការបញ្ជូនសិស្សនិស្សិតទៅសិក្សា នៅទីនោះប្រកប ដោយជោគជ័យ។ ក្នុងឱកាសនោះដែរ Mr. Mario Di Clemente នាយកមហាវិទ្យាល័យ Cambridge Tutors College បានធ្វើការចាប់អារម្មណ៍ថាៈ លោកមានក្តីសប្បាយរីករាយណាស់ ដោយវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានរៀបចំពិធី ចុះហត្ថលេខាលើអនុស្សរណៈ(MOU)ជាមួយនឹងមហាវិទ្យាល័យ Cambridge Tutors College នៃចក្រភពអង់គ្លេស។ ដោយមើលឃើញថា វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សា ដែលមានលក្ខណៈជាអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលឈានមុខគេ និងល្បីឈ្មោះជាងគេនៅកម្ពុជា ព្រោះសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាពីប៊ែលធី សុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹងទូទៅ និងភាសា ហើយអាចបន្តការសិក្សានៅសាកលវិទ្យាល័យនានា នៅចក្រភពអង់គ្លេសបាន ជាពិសេសនៅមហាវិទ្យាល័យ Cambridge Tutors College របស់លោក។ ជាទីបញ្ចប់ ឯកឧត្តម លី ឆេង និង Mr. Mario Di Clemente បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងបានប្រគល់ វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក នាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |