កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១១ នៅសាលសន្និសីទ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) បានរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងផែនការ អនុវត្តសម្រាប់ឆ្នាំថ្មី (២០១១-២០១២) ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងលោកជំទាវ ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងបុគ្គលិក សរុប ៩៩៦នាក់។ តាមរបាយការណ៍បូកសរុប លទ្ធផលការងារឆ្នាំចាស់ និងផែនការអនុវត្តសម្រាប់ឆ្នាំថ្មី (២០១១-២០១២) របស់ លោក ផូរ សុធារៈ ប្រធានការិយាល័យរដ្ឋបាល បានមានប្រសាសន៍ថាៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បាន បង្កើតឡើងនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០០២ បច្ចុប្បន្នមាន១១ទីតាំង នៅក្នុងរាជធានីភ្នំពេញ និងមានសិស្ស-និស្សិត កំពុងសិក្សាចំនួន ២០.៤៨៧នាក់ ក្នុងនោះនារី ៩.៩៧១នាក់ ព្រមទាំងមានគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងបុគ្គលិក បម្រើការសរុបចំនួន ៩៩៦នាក់ នារី ៤៣៨នាក់ និងបានបណ្តុះបណ្តាលលើ៥កម្មវិធីធំៗ ដូចខាងក្រោមៈ ១-ចំណេះទូទៅៈ មានពីថ្នាក់ទី១ ដល់ទី១២: សិក្សាតាមកម្មវិធី ក្រសួងអប់រំ យុវជន និងកីឡា និងមានសិស្សកំពុងសិក្សា ចំនួន ៩.៤៩៨នាក់ នារី ៤.៥២៨នាក់។ -សិស្សថ្នាក់ទី១២: បានចុះឈ្មោះចូលរួមប្រឡងបាក់ឌុប(២០១០-២០១១) ចំនួន ៦៤៨នាក់ អវត្តមាន ០៤នាក់= ៦៤៤នាក់ ជាប់ ៦៣៨នាក់ ធ្លាក់ ០៦នាក់ ស្មើនឹង ៩៩.០៦%។ -សរុបសិស្សថ្នាក់ទី១២ បានប្រឡងចេញទាំង៦ឆ្នាំ(២០០៥-២០១១) មានចំនួន២.០៦៦នាក់ នារី ៨៨២នាក់។ ២-ភាសាអង់គ្លេសទូទៅៈ ពីកម្រិតPreschool ដល់ Level12: សិក្សាតាមបែបអាមេរិកកាំង(American System)។ ចំពោះសិស្សLevel12(High Advanced Level)ពេលបញ្ចប់ ការសិក្សាត្រូវទទួលបានវិញ្ញាបនបត្រ ២ប្រភេទដែលចេញដោយប៊ែលធី (Head Office) និងចេញដោយស្ថាប័ន ETS (Educational Testing Service) មានទីតាំងធំ នៅសហរដ្ឋអាមេរិក និងមានសិស្សកំពុងសិក្សាចំនួន ១០.០៣១នាក់ នារី ៤.៩៦៧នាក់។ -សិស្សកម្រិតទី១២ (Level12): បានចូលរួមប្រឡងបញ្ចប់វគ្គទី២០ មានចំនួន៣៧នាក់ ក្នុងនោះសិស្សដែលបានចូលរួមប្រឡងតេស្តអន្តរជាតិ(TOEFL) មានចំនួន ០៥នាក់។ -សរុបសិស្ស Level12 ដែលបានប្រឡងបញ្ចប់ទាំង២០ជំនាន់ មានចំនួន ១.៤៥០នាក់ នារី ៨០៧នាក់។ ៣-មហាវិទ្យាល័យភាសាបរទេសៈ ដែលចាប់យកជំនាញ តែមួយគត់គឺបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ (BA BEd & MEd) ផ្នែកអក្សរសាស្រ្តអង់គ្លេស និងមាននិស្សិតកំពុងសិក្សាចំនួន ៧២០នាក់ នារី ២៨៩នាក់។ -សរុបនិស្សិត ដែលបានប្រឡងបញ្ចប់ទាំង៣ ជំនាន់ មានចំនួន ១៦៩នាក់ នារី ៨៤នាក់ ក្នុងនោះ បរិញ្ញាបត្រ ចំនួន ១២៦នាក់ បរិញ្ញាបត្ររង ចំនួន ៤៣នាក់។ ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រៈ មាន១២កម្មវិធី សិក្សាតាមកម្មវិធីថ្មី ដែលស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន និង មានសិស្សកំពុង សិក្សាចំនួន ២៣៨នាក់ នារី ១៨៧នាក់។ -សរុបសិស្សកុំព្យូទ័រ បានប្រឡងបញ្ចប់វគ្គមានចំនួន ៤.៦០៩នាក់ នារី ១.៩៨៦នាក់។ ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិៈ មជ្ឈមណ្ឌលប្រឡងតេស្តថូហ្វល(TOEFL iBT, Testing of English as a Foreign Language)។ -សរុបបេក្ខជន ដែលបានប្រឡងបញ្ចប់តេស្តអន្តរជាតិ TOEFLមានចំនួន ៤៤នាក់ នារី ១៦នាក់។ ៦-ការិយាល័យទំនាក់ទំនងអន្តរជាតិៈ ត្រូវបានបង្កើតឡើងក្នុង គោលបំណងដូចខាងក្រោម៖ ១-ការបញ្ជូនសិស្សទៅសិក្សាក្រៅប្រទេស ២-កម្មវិធីផ្លាស់ប្តូរនិស្សិត ៣-ការធ្វើកម្មសិក្សានៅក្រៅប្រទេស ៤-ការអភិវឌ្ឍស្ថាប័ន។ -សរុបសិស្ស-និស្សិត ដែលបានទៅបន្តការសិក្សានៅ ក្រៅប្រទេស តាមរយៈការិយាល័យទំនាក់ទំនងអន្តរជាតិ មានចំនួន ០៣នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រ ០១នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ០២នាក់។ បន្ទាប់មក លោក នួន ហ៊ន នាយកសាខាទី១០ បានធ្វើបទបង្ហាញអំពីវិធីសាស្រ្តបង្រៀន និងការគ្រប់គ្រង ថ្នាក់ចំណេះទូទៅទី១ ដល់ទី១២ ជូនដល់លោកគ្រូ-អ្នកគ្រូ សម្រាប់យកទៅបង្រៀនសិស្ស ធ្វើយ៉ាងណាអោយសិស្សមាន គុណភាពអប់រំខ្ពស់ និងមានសីលធម៌ល្អ។ បន្ទាប់មក លោក រស់ ប៉ារ៉ាឌី នាយកសាខាទី ៦ ក៏បានឡើងធ្វើបទបង្ហាញអំពីវិធីសាស្រ្តអប់រំ និងការគ្រប់គ្រង ថ្នាក់ភាសាអង់គ្លេស(ESL) ជូនដល់លោកគ្រូ-អ្នកគ្រូសម្រាប់យក ទៅបង្រៀនសិស្ស ធ្វើយ៉ាងណាអោយសិស្សមានសមត្ថភាព គ្រប់គ្រាន់ ដើម្បីអោយសិស្សចេះអាន ចេះសរសេរ ចេះស្តាប់ និងចេះនិយាយបានយ៉ាងស្ទាត់ជំនាញ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានកោតសរសើរ និង ថ្លែងអំណរគុណដល់ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញ ភារកិច្ចរបស់ខ្លួន និងមានការឯកភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ ព្រមទាំងបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវបាវចនា របស់វិទ្យាស្ថាន “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” រហូតធ្វើអោយវិទ្យាស្ថានមានការរីកចម្រើន ជាបន្តបន្ទាប់ និងបានបង្កើតជា ប៊ែលធី គ្រុប តាមវិញ្ញាបនបត្រក្រសួងពាណិជ្ជកម្ម លេខ១៨១២ ពណ.នតកចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០០៧ ដែលមានបម្រើសេវាធំៗ ៣ដូចជាៈ ១-ប៊ែលធីសំណង់ៈទិញ+លក់ អចលនទ្រព្យ និងសាងសង់អគារផ្សេងៗ ហើយបច្ចុប្បន្ននេះ កំពុងសាងសង់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិសាខាទី១(ទួលស្លែង) បន្តទៀត ២-ប៊ែលធីអប់រំ បានចែកចេញជា៣ ផែ្នកធំៗគឺៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងប៊ែលធី ទំនាក់ទំនងអន្តរជាតិ ៣-ប៊ែលធីទេសចរណ៍ៈ នឹងគ្រោងបើកអោយដំណើរការនៅខែមករា ឆ្នាំ២០១២ ខាងមុខនេះ ដែលមានបម្រើ សេវា០៤ធំៗដូចខាងក្រោម៖ ១-ទេសចរណ៍ក្នុង ស្រុកសម្រាប់ប្រជាជនកម្ពុជា (Domestic Tour Programs for Cambodians) ២-ទេសចរណ៍ក្នុងស្រុកសម្រាប់ជនបរទេស ដែលកំពុងស្នាក់នៅធ្វើការក្នុងប្រទេស(Domestic Tour Programs for Expatriate) ៣-កម្មវិធីនាំភ្ញៀវ ពីប្រទេសនានាមកទស្សនាប្រទេសកម្ពុជា(Inbound Tour Programs) ៤- កម្មវិធីនាំភ្ញៀវ ពីប្រទេសកម្ពុជាទៅទស្សនាក្រៅប្រទេស (Outbound Tour Programs)។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមអគ្គនាយក ក៏បានមានប្រសាសន៍ថា សមិទ្ធិផល ដែលរីកដុះដាលពីមួយឆ្នាំទៅ មួយឆ្នាំរបស់វិទ្យាស្ថាននោះ គឺដោយសារប្រទេសជាតិ មានស្ថេរភាពផ្នែកនយោបាយ និងមានសុខសន្តិភាពពេញលេញ ក្រោម គោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជាប្រមុខដឹកនាំដ៏ឈ្លាសវែប្រកប ដោយគតិបណ្ឌិត បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដែលធ្វើអោយមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
|
           
 
|