ឯកឧត្តម ហ៊ុន ម៉ានី បានចុះផ្សព្វផ្សាយ
កម្មវិធី “យុវជន និងទីក្រុងស្អាត”នៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ គណៈប្រតិភូ សមាគមយុវជនកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានចុះមកផ្សព្វផ្សាយកម្មវិធី “យុវជន និងទីក្រុងស្អាត” ក្រោមប្រធានបទ “ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ប្លាស្ទីក (Reduce Reuse Recycle-3R) ដោយចាប់ផ្តើមចេញពីយុវជន” នៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិដែលមានការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាស្ថានប៊ែលធី អន្តរជាតិជាង១០០០នាក់។ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះមកផ្សព្វផ្សាយកម្មវិធី “យុវជន និងទីក្រុងស្អាត” ជូនដល់សិស្សថ្នាក់ទី១២ ដើម្បីទទួលបានចំណេះដឹងថ្មី និងបទពិសោធន៍ថ្មីៗបន្ថែមទៀត លើចំណេះដឹងដែលបានសិក្សានៅក្នុងវិទ្យាស្ថាន។ ឯកឧត្តម ក៏បានធ្វើរបាយការណ៍ស្វាគមន៍ និងសេចក្តីរាយការណ៍សង្ខេបអំពីសកម្មភាពបណ្តុះបណ្តាលរបស់ប៊ែលធី គ្រុប ដែលមានបម្រើសេវា៣ធំៗគឺ ប៊ែលធីសំណង់ ប៊ែលទេសចរណ៍ និងប៊ែលធីអប់រំ។ ឯកឧត្តម ក៏បានបញ្ជាក់ថា ប៊ែលធីអប់រំ ចែកចេញជា៣ផ្នែកធំៗដូចជា វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងប៊ែលធីទំនាក់ទំនងអន្តរជាតិ និងមានគណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ បម្រើការសរុប១.១៧១នាក់ នារី ៤៧៦នាក់ និងមានសិស្ស-និស្សិតកំពុងសិក្សា ២៣.៥៥២នាក់ នារី១១.១៨៩នាក់ និងមាន១៣កន្លែងក្នុងរាជធានីភ្នំពេញ។ ចំណែកឯសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង) ស្ថិតនៅអគារ២១ ផ្លូវ៣៦០ ខាងលិចឡានទឹក ប្រហែល១០០ម៉ែត្រ ដែលនឹងគ្រោងបើកឲ្យដំណើរការនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ខាងមុខនេះ និងសិក្សាតាមកម្មវិធីអន្តរជាតិ បង្រៀន និងរៀនជាភាសាអង់គ្លេស ដែលមាន៦មហាវិទ្យាល័យធំៗ ដូចជាៈ១- គ្រប់គ្រងពាណិជ្ជកម្ម ២- អប់រំ សិល្បៈ និងមនុស្សសាស្រ្ត ៣-នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ៤- ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥- វិស្វកម្ម និងស្ថាបត្យកម្ម ៦- ព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត។ ឯកឧត្តម បានបន្តទៀតថា ប៊ែលធី គ្រុបទទួលបាននូវពានរង្វាន់អង្គភាពឆ្នើមពីអាស៊ាន លើកទី៧ ប្រចាំឆ្នាំ២០១២ ដែលរៀបចំឡើងដោយគណៈកម្មាធិការយុវជនអាស៊ាន ដែលមានប្រទេសថៃ ធើ្វជាម្ចាស់ផ្ទះ។ ម៉្យាងវិញទៀត ប៊ែលធី ក៏ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពISO 9001-2008 កម្រិតជាតិ ដែលចេញដោយវិទ្យាស្ថានស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិ ដែលរៀបចំវាយតម្លៃដោយស្ថាប័នACM និងមានការទទួលស្គាល់ពីគណៈកម្មាធិការទទួលស្គាល់គុណភាព នៃចក្រភពអង់គ្លេស(UKAS)។ បន្ទាប់មក ឯកឧត្តម អាំង សុវណ្ណារ័ត្ន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានធ្វើបទបង្ហាញស្តីពី“ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ប្លាស្ទីក (Reduce Reuse Recycle-3R)ដោយចាប់ផ្តើមចេញពីយុវជន” ដល់អង្គពិធី ដើម្បីអោយសិស្សានុសិស្សចូលរួមសម្អាតទីក្រុង និងលើកកម្ពស់ វិស័យទេសចរណ៍ ក៏ដូចជាដើម្បីអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជាក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលផ្សេងៗទៀត ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ។ លើសពីនេះទៀត ឯកឧត្តម ក៏បានបញ្រ្ចាបការយល់ដឹងដល់យុវជន និងប្រជាពលរដ្ឋទូទៅអំពីបញ្ហាបរិស្ថាន និងផលប៉ះពាល់នៃសំណល់ប្លាស្ទីក ព្រមទាំងបានផ្សព្វផ្សាយអំពីការអនុវត្ត និងវិធីសាស្រ្តថ្មីក្នុងការគ្រប់គ្រង និងកាត់បន្ថយសំណល់ជាផលិតផលប្លាស្ទីក ដោយប្រើប្រាស់គោលការណ៍3R។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានសមាគមយុវជនកម្ពុជា បានធ្វើការសំណេះសំណាល និងផ្ញើក្តីនឹករលឹក សាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សរបស់វិទ្យាស្ថានប៊ែលធី អន្តរជាតិទាំងអស់។ ឯកឧត្តមក៏បានបន្ថែមទៀតថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីប្រកាសជាផ្លូវការចលនាប្រឡងប្រណាំងទីក្រុងស្អាត ”ទីក្រុងស្អាត គឺជាទីក្រុងដែលគ្មានសំរាមថង់ប្លាស្ទីកហើរតាមខ្យល់” កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១២ សមាគមយុវជនកម្ពុជា បានសហការជាមួយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏បានធ្វើការផ្សព្វផ្សាយ បានជាច្រើនកន្លែង ហើយថ្ងៃនេះ បានចុះមកផ្សព្វផ្សាយនៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ក្នុងគោលបំណងអោយសិស្សានុសិស្សទាំងអស់បានយល់ជ្រួតជ្រាបអំពីផលប៉ះពាល់នៃការប្រើប្រាស់កាកសំណល់ប្លាស្ទីក និងអត្ថប្រយោជន៍ នៃទីក្រុងស្អាត។ ឯកឧត្តម បានបន្តទៀតថា នៅថ្ងៃទី២៨ ខែតុលាខាងមុខនេះ នឹងមានសកម្មភាពបញ្ច្រាបការយល់ដឹងអំពីផលប៉ះពាល់ នៃការប្រើប្រាស់ថង់ប្លាស្ទីក នៅតាមទីសារធារណៈ និងនៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ទាំង៩ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីអោយពួកគាត់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយដល់ក្រុមគ្រួសារ បងប្អូន និងមិត្តភ័ក្តអោយបានយល់ច្បាស់អំពីការគ្រោះថ្នាក់ និងរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ហើយមកប្រើប្រាស់ថង់បរិស្ថានជំនួសវិញ។ ក្នុងពិធីនេះ ឯកឧត្តម ក៏បានផ្តល់ឱកាសអោយប្អូនៗសិស្សានុសិស្សលើកឡើងជាសំណួរផ្សេងៗដែលពាក់ព័ន្ធនឹងការធ្វើបទបង្ហាញ ហើយឯកឧត្តម ក៏បានបកស្រាយយ៉ាងក្បោះក្បាយនូវសំនួររបស់ប្អូនៗ ក្រោមបរិយាកាសរីករាយក្រៃលែង។ ![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
__________________________________________________________________________