ពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សភាសាអង់គ្លេស
កម្រិតទី៦ ជំនាន់ទី២៥ និងទី២៦
ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ វិទ្យាស្ថានប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សភាសាអង់គ្លេសកម្រិតទី៦(Level 6) ចំនួន ៨២៣នាក់ នារី៤១៦នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ាន បូរ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តម លី ឆេង បានធ្វើរបាយការណ៍ថាៈ វិទ្យាស្ថានមានគណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ បម្រើការសរុប ១.៣៧២នាក់ នារី ៦០៨នាក់ និងមានសិស្ស-និស្សិតសិក្សា ២៤.៣៦៩នាក់ នារី ១០.៥១៦នាក់។ បច្ចុប្បន្ននេះ វិទ្យាស្ថាន បានពង្រីកសាខារបស់ខ្លួនចំនួន១៣កន្លែងក្នុងរាជធានីភ្នំពេញ ក្នុងនោះ១១សាខាកំពុងដំណើរការ និង0២សាខាទៀតកំពុងសាងសង់។ ជាលទ្ធផលបណ្តុះបណ្តាលត្រឹមថ្ងៃ០១-មករា-២០១៣: ១- ចំណេះទូទៅៈ សរុបសិស្សថ្នាក់ទី១២ បានប្រឡងចេញទាំង៧ឆ្នាំ(២០០៥-២០១២) ចំនួន ២.៩០៥នាក់ នារី ១.២៨៤នាក់ ជាប់ ២.៨៧៦នាក់ ស្មើនឹង ៩៩%។ ក្នុងនោះសិស្សពូកែថ្នាក់រាជធានីចំនួន ០៩នាក់ គឺឈ្មោះ លីគន្ធ , លី ម៉ូនុកា , ខេង ច័ន្ទបូផា , ធាន ស្រីម៉ី , អ៊ា អៃលួង , ហួត សេងគៀ , ថោង សារីបុត្ត , សម សិរីឌ្ឍនៈ និងសរ ម៉ាណែត និងសិស្សពូកែទូទាំងប្រទេសចំនួន ០៣នាក់ គឺឈ្មោះ អ៊ឹម រចនា ,គង់ រតនធីតា និងធូ រេនេច។ ២- ភាសាអង់គ្លេសទូទៅៈ សរុបសិស្ស Level6 ដែលបានប្រឡងបញ្ចប់ទាំង២៦ជំនាន់ ចំនួន ៣.៩១៤នាក់ នារី ១.៨១៧នាក់ និងLevel12 ចំនួន ២.២២៦នាក់ នារី ១.២៣២នាក់។ ៣- វគ្គបណ្តុះបណ្តាជំនាញឯកទេស ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រៈ បានប្រឡងបញ្ចប់វគ្គមានចំនួន ៥.២៧៨នាក់ នារី ២.២៩២នាក់។ ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ(TOEFL, IELTS &Password): បានប្រឡងបញ្ចប់តេស្តអន្តរជាតិមានចំនួន ២៧៣នាក់ នារី ១៣៥នាក់ ។ ៦- ចំនួនសិស្ស-និស្សិត ដែលផ្ទេរចេញពីប៊ែលធី ទៅសិក្សានៅបរទេសៈ មានចំនួន ២៤៥នាក់ នារី១១៩នាក់ ។៧- ប៊ែលធី គ្រុប ផ្តល់ការងារជូននិស្សិត ត្រឹមថ្ងៃ០១-មករា-២០១៣ មានចំនួន៣៥៣នាក់ នារី ១៨៨នាក់។ ឯកឧត្តមបានមានប្រសាសន៍ថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង) បានចាប់ផ្តើមទទួលសិស្ស-និស្សិតអោយចូលរៀន ដែលមានបង្រៀន៤កម្មវិធីធំៗដូចជាៈ ១- ថ្នាក់បំប៉នភាសាអង់គ្លេស(ចាប់ទទួលសិស្សពីអាយុ១៥ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតសញ្ញាបត្រ) ២- ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ៣- ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងមាន៦មហាវិទ្យាល័យធំៗ៖ ១- មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ២- មហាវិទ្យាល័យអប់រំ សិល្បៈ និងមនុស្សសាស្រ្ត ៣- មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ៤- មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥- មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម ៦-មហាវិទ្យាល័យព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត។ ឯកឧត្តមបានបន្តទៀតថា អគារកម្រិតសាកលវិទ្យាល័យត្រូវបានសាងសង់ឡើងមាន កំពស់១៥ជាន់ មាន ១០៦បន្ទប់ ដែលចែកជាជាន់ក្រោមដី-ផ្ទាល់ដីសម្រាប់ធ្វើជាចំណត ជាន់ទី៣ជាកន្លែងទទួលភ្ញៀវចុះឈ្មោះ បណ្ណាល័យអេឡិចត្រូនិច(E-Library) ជាន់ទី៤ជាកន្លែងការិយាល័យគណៈគ្រប់គ្រង ជាន់ទី៥-ទី៧ជាបន្ទប់សិក្សា ជាន់ទី៨ជាអាហារដ្ឋាន ជាន់ទី៩-ទី១៣ជាបន្ទប់សិក្សា ជាន់ទី១៤&ទី១៥ជាសាលសហសិក្សា និងមានជណ្តើរយន្ត៤សម្រាប់សម្រួលដល់ការចុះឡើង របស់និស្សិត ហើយបច្ចុប្បន្នមាននិស្សិតកំពុងសិក្សាចំនួន ៥៩៣នាក់ នារី ២៤៩នាក់។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស៊ាន បូរ៉ាត បានធ្វើការសំណេះសំណាល និងផ្ញើក្តីនឹករលឹកនិងសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ ជូនដល់ ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សទាំងអស់របស់វិទ្យាស្ថាននាពេលនោះផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនរុងរឿងទៅបាន គឺទាមទារជាចាំបាច់បំផុត នូវការកំណត់គោលដៅជាអាទិភាពទៅលើការកសាងគ្រឹះដ៏រឹងមាំនៃកត្តាធនធានមនុស្ស។ ឆ្លងតាមរយៈនេះ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតនោះ គឺបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ បែរឆ្ពោះទៅរកការស្តារ ការកសាង និងការអភិវឌ្ឍ ដោយក្នុងនោះ ការលើកកម្ពស់វិស័យអប់រំ គឺជាវិស័យអាទិភាពចម្បង ដើម្បីប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមួយរីកចម្រើនជឿនលឿន ប្រកបដោយធនធានមនុស្សយ៉ាងសម្បូរបែបសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តម ស៊ាន បូរ៉ាត ក៏បានថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តមអគ្គនាយក ប៊ែលធី គ្រុប គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន និងមានការឯកភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ រហូតធ្វើអោយវិទ្យាស្ថានមានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរដោយធានាបាននូវនិរន្តភាពនៃការបណ្តុះបណ្តាល និងឈរលើគោលការណ៍គុណភាពជាចម្បង ស្របតាមទស្សនៈវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាទីបញ្ចប់ឯកឧត្តមប្រធានគណៈអធិបតីបានប្រគល់វិញ្ញាបនបត្រកម្រិតទី៦ (Level 6) ចំនួន ៨២៣នាក់ ផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() ![]() |
![]() ![]() |
_______________________________________________________________________