ពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សភាសាអង់គ្លេសទូទៅកម្រិតទី៦
ជំនាន់ទី២៧ និងទី២៨
ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី១ (ទួលស្លែង) អគារលេខ ២១ ផ្លូវលេខ ៣៦០ សង្កាត់ បឹងកេងកង៣ ខណ្ឌ ចំការមន រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង ១០០ម៉ែត្រ) បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សភាសាអង់គ្លេសទូទៅ កម្រិតទី៦(Level 6) ចំនួន ៨៤៥នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។ តាមរបាយការណ៍របស់ លោក ផូរ សុធារៈ ប្រធានការិយាល័យរដ្ឋបាល នៃប៊ែលធី គ្រុប បានអោយដឹងថាៈ ប៊ែលធី គ្រុប មានបុគ្គលិកសរុបចំនួន ១.៣៧២នាក់ និងមានបម្រើសេវាធំៗបី I.ប៊ែលធីសំណង់ II.ប៊ែលធីទេសចរណ៍ និងIII.ប៊ែលធីអប់រំ ហើយប៊ែលធីអប់រំបានចែកចេញជា ៣ផ្នែកធំៗគឺៈ ១-វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មាន១៤ទីតាំងនៅរាជធានីភ្នំពេញ ១៣ទីតាំងកំពុងដំណើរការ និង០១ ទីតាំងទៀត(សាខាតាខ្មៅ)កំពុងសាងសង់ ហើយមានសិស្សសិក្សាចំនួន ២៦.២៦៥នាក់ ២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី១ (ទួលស្លែង) មានកំពស់១៥ជាន់ បំពាក់ដោយសម្ភាររូបវន្តទំនើបៗ ដែលមាននិស្សិតកំពុងសិក្សាចំនួន ១០៦៧នាក់ និងមាន៥កម្មវិធីធំៗដូចជា៖ ១- ថ្នាក់បំប៉នភាសាអង់គ្លេស (សម្រាប់បំពេញបន្ថែមជូនដល់សិស្ស-និស្សិតដែលខ្សោយភាសាអង់គ្លេស ដោយសិក្សារយៈពេល ៦ខែ ទៅ១ឆ្នាំ និងទទួលសិស្សចូលរៀនចាប់ពីអាយុ ១៥ឆ្នាំឡើងដោយមិនគិតពីកម្រិតសញ្ញាបត្រ) ២- ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ៣- ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥-ថ្នាក់បណ្ឌិត ដោយផ្តោតលើមហាវិទ្យាល័យសំខាន់រួមមាន - មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម - មហាវិទ្យាល័យអប់រំ ភាសាអង់គ្លេស - មហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច - មហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច -មហាវិទ្យាល័យព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត ៣- ប៊ែលធីទំនាក់ទំនងអន្តរជាតិ មានកម្មវិធី បញ្ជូនសិស្ស-និស្សិតទៅសិក្សាក្រៅប្រទេស។សំខាន់ជាងនេះទៅទៀតនោះនិស្សិតដែលរៀនពូកែត្រូវបានផ្ដល់អទិភាពក្នុងការជ្រើសរើសឲ្យចូលធ្វើការនៅប៊ែលធី និងបញ្ចុះតម្លៃសិក្សា ៥០%ចំពោះនិស្សិតទូទៅដែលបានក្លាយជាបុគ្គលិកប៊ែលធី។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់វិទ្យាស្ថានបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ផងដែរថា សមិទ្ធិផល និងការរីកដុះដាលរបស់ប៊ែលធី គ្រុបពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារមានការគាំទ្រពីសំណាក់សិស្ស-និស្សិត មាតា បិតា និងអាណាព្យាបាល ជាពិសេសដោយមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណ និងគតិបណ្ឌិត បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណថ្មីៗបន្តទៀត ដែលធ្វើអោយប្រទេសជាតិទាំងមូលមានសុខសន្តិភាពពេញលេញ និងស្ថេរភាពផ្នែកនយោបាយ ប្រកបដោយការអភិវឌ្ឍគួរជាទីមោទនៈ។ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់ក្មួយៗ សិស្សជយលាភីអោយខិតខំបន្តការសិក្សាទាំងផ្នែកចំណេះទូទៅ និងភាសាអង់គ្លេស ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនដណ្តើមទីផ្សារការងារជាតិ និងអន្តរជាតិ ព្រមទាំងមានសម្ថតភាពគ្រប់គ្រាន់អាចបញ្ចប់Level12 នឹងឈានមកសិក្សានៅសាកលវិទ្យាល័យប៊ែលធី លំដាប់អន្តរជាតិដ៏ទំនើបរបស់យើងនេះ។ បន្ទាប់មក ឯកឧត្តមប្រធានគណៈអធិបតី ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់សិស្សជយលាភីទាំង ៨៤៥នាក់ នាពេលនោះផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________