ឯកឧត្តម ហ៊ុន ម៉ានី វាគ្មិនកិត្តិយសធ្វើបទឧទេ្ទសក្រោមប្រធានបទ
"តួនាទីយុវជននៅក្នុងសង្គម"
ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសាលសហសិក្សា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ អគារលេខ ២១ ផ្លូវ៣៦០ ខាងត្បូងសារមន្ទីរទួលស្លែង១០០ម៉ែត្រ បានប្រារព្ធធ្វើបទឧទ្ទេសក្រោមប្រធានបទ “តួនាទីយុវជននៅក្នុងសង្គម” ដែលអញ្ជើញជាវាគ្មិនកិត្តិយស ដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ទយុវជនកម្ពុជា និងមានសិស្សប៊ែលធីថ្នាក់ទី១២ ទាំង១២សាខា ចូលរួមចំនួន ១.០៣៩នាក់។ តាមរបាយការណ៍លោក រ៉េត ច័ន្ទធន ប្រធានការិយាល័យចំណេះទូទៅ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានអោយដឹងថា៖ ប៊ែលធី គ្រុប មានបុគ្គលិកសរុបចំនួន ១.៣៧២នាក់ និងមានបម្រើសេវាធំៗបី I.ប៊ែលធីសំណង់ II.ប៊ែលធីទេសចរណ៍ និងIII.ប៊ែលធីអប់រំ ហើយប៊ែលធីអប់រំបានចែកចេញជា ៣ផ្នែកធំៗគឺៈ ១- សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ២- ប៊ែលធីទំនាក់ទំនងអន្តរជាតិ និង៣-វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មាន១៤ទីតាំងនៅរាជធានីភ្នំពេញ ១៣ទីតាំងកំពុងដំណើរការ និង០១ទីតាំងទៀត(សាខាតាខ្មៅ)កំពុងសាងសង់ ហើយមានសិស្ស-និស្សិតសិក្សាចំនួន ២៧.១៣២នាក់។ លើសពីនេះទៅទៀតសិស្ស-និសិ្សតដែលសិក្សានៅប៊ែលធី មានឱកាសបានសិក្សានូវកម្មវិធីបន្ថែម (Extra-curricular Courses) លើប្រធានបទសំខាន់ៗដូចជា:-សិស្សថ្នាក់ទី១០ សិក្សាអំពី សុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក -សិស្សថ្នាក់ទី១១ សិក្សាអំពី ការយល់ដឹងពីគ្រឿងញៀន និងជម្ងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាអំពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម។ ក្រៅពីការសិក្សានៅក្នុងថ្នាក់់ សិស្សរបស់យើង ក៏មានឱកាសបានធ្វើទស្សនកិច្ចសិក្សា(Field Trip) នៅតាមតំបន់ទេសចរណ៍ និងប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនរួមមាន៖ -ថ្នាក់ទី៤ ទី៥ និងភាសាអង់គ្លេសLevel4-5 ទៅព្រះបរមរាជវាំង -ថ្នាក់ទី៦ និងLevel 6 ទៅសារមន្ទីរជាតិ - ថ្នាក់ទី៧ និងLevel 7 ទៅសារមន្ទីរទួលស្លែង -ថ្នាក់ទី៨ និងLevel 8 ទៅមជ្ឈមណ្ឌលជើងឯក -ថ្នាក់ទី៩ និងLevel 9 ទៅសារមន្ទីរជាតិ និងភ្នំតាម៉ៅ -ថ្នាក់ទី១០ និងLevel 10 ទៅព្រះបរមរាជវាំង និងភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) -ថ្នាក់ទី១១ និងLevel 11 ទៅសារមន្ទីរទួលស្លែង និងភ្នំសន្ទុក -ថ្នាក់ទី១២ និងLevel 12 ទៅមជ្ឈមណ្ឌលជើងឯក និងប្រាសាទសម្បូរព្រៃគុក។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកធ្វើជាវាគ្មិនកិតិ្តយសនាពេលនេះ។ ឯកឧត្តម ក៏បានផ្តាំផ្ញើរក្មួយៗសិស្សានុសិស្សទាំងអស់ដែលបានចូលរួមកម្មវិធីបន្ថែមនេះត្រូវ ខិតខំយកចិត្តទុកដាក់កត់ត្រា និងត្រងត្រាប់ស្តាប់វាគ្មិនកិត្តិយសរបស់យើងសម្រាប់ប្រឡងដាក់ពិន្ទុប្រចាំខែលើមុខវិជ្ជាពលរដ្ឋវិជ្ជា និងបង្កើនចំណេះដឹងដើម្បីក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ ដែលជាសសរទ្រូងសម្រាប់ប្រទេសជាតិនាពេលអនាគត។ បន្ទាប់មកឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាវាគ្មិនកិត្តិយស បានកោតសសើរដល់វិទ្យាស្ថានប៊ែលធី អន្តរជាតិ ដែលបានរៀបចំកម្មវិធីសិក្សាបន្ថែម(Extra-curricular Courses)នេះឡើងក៏ដូចជាការជួយលើកកម្ពស់វិស័យអប់រំជំរុញឲ្យ មានការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមក៏បានធ្វើបទឧទ្ទេសក្រោមប្រធានបទ “តួនាទីយុវជននៅក្នុងសង្គម” ដោយពន្យល់យ៉ាងក្បោះក្បាយ អំពីតួនាទី និងភារកិច្ចរបស់យុវជនយើងនៅក្នុងសង្គមជាតិ។ ឯកឧត្តមបានលើក ឡើងថា តួនាទីរបស់យុវជនមានការវិវត្តន៍ទៅតាមសង្គម ដែលខ្លួនរស់នៅ ហេតុនេះហើយយុវជនត្រូវយល់ដឹងអំពីការវិវត្តរបស់សង្គមកម្ពុជាយើង ជាពិសេសដំណាក់កាលប៉ុន្មានទស្សវត្សរ៍ចុងក្រោយ ដែលសង្គមកម្ពុជាបានឆ្លងកាត់។ ឯកឧត្តមបានលើកឡើងថា នៅក្នុងបរិបទសង្គមកម្ពុជាយើងបច្ចុប្បន្ននេះ យុវជនយើងដើរតួនាទី សំខាន់ណាស់សម្រាប់កំណត់នូវអនាគតរបស់សង្គមកម្ពុជានាពេលខាងមុខ ដូចនេះយុវជនត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបំពេញការងារអោយបានល្អ និងមានគុណភាពខ្ពស់។ ម៉្យាងវិញទៀតនៅពេលទំនេរ គប្បីគួរយក ពេលវេលាចូលរួមក្នុងកិច្ចការសង្គម មនុស្សធម៌ និងសកម្មភាពកីឡា ដើម្បីជាប្រយោជន៍ដល់សុខភាពរបស់ខ្លួន ក៏ដូចជាគ្រួសារ និងសង្គមជាតិទាំងមូល។ ឯកឧត្តមក៏បានបញ្ជាក់ថា យុវជនត្រូវតែសម្លឹងមើលឲ្យវែងឆ្ងាយ ទូលំទូលាយ ដើម្បីត្រៀមសម្របខ្លួនទៅនឹងការធ្វើ សមាហរណកម្មអាស៊ាននៅពេលដ៏ខ្លីខាងមុខនេះ។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ដើម្បីក្លាយជាយុវជន មានសមត្ថភាព គឺត្រូវព្យាយាមសិក្សា នៅក្នុងថ្នាក់ អនុវត្តជាក់ស្តែងជាមួយការងារ និងការខិតខំសិក្សារៀនបន្ថែមដោយខ្លួនឯង ពិសេសគឺត្រូវរត់រកឱកាស មិនរងចាំឱកាសរត់រកយើងឡើយ ហើយការបរាជ័យប្រៀបបាននឹងការដើរដួល និងត្រូវក្រោកឈរឡើងវិញ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ការក្លាយខ្លួនជាយុវជនដែលមានជោគជ័យ គឺមានឱកាសជួយខ្លួនឯង គ្រួសារ និងសង្គម ហើយការទទួលបានជោគជ័យនេះ ស្មើនឹងការសងគុណត្រឡប់ ទៅកាន់អ្នកមានគុណ។ ក្នុងពិធីនេះ ឯកឧត្តមក៏បានផ្តល់ឱកាសអោយប្អូនៗ សិស្សានុសិស្សលើកឡើងជា សំណួរផ្សេងៗដែលពាក់ព័ន្ធនឹង ការធ្វើបទបង្ហាញ ហើយឯកឧត្តមក៏បានបកស្រាយយ៉ាងក្បោះក្បាយនូវសំណួររបស់ប្អូនៗ ក្រោមបរិយាកាសរីករាយក្រៃលែង។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________