កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស
នៅសាលសហសិក្សា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ ទួលស្លែង អគារលេខ 21 ផ្លូវ 360 សង្កាត់បឹងកេងកង3 បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest Program) Level3 Level6 Level9 និង Level12 ក្នុងវគ្គផ្តាច់ព្រ័ត្រ រយៈពេល២ថ្ងៃកន្លះ ពីថ្ងៃទី៨ ដល់ ១០ មករា ឆ្នាំ ២០១៤ ដែលមាន បេក្ខជនទាំង១២សាខា ចំនួន៤៤នាក់ និងមានអ្នកចូលរួមជិត ៣០០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ តាមរបាយការណ៍លោក ស៊ូ ចាន់វាសនា បានអោយដឹងថា៖ បច្ចុប្បន្ននេះ មានសិស្សសិក្សាភាសាអង់គ្លេស ទាំងពេញម៉ោង និងក្រៅម៉ោង ១៣.៨៥៤នាក់ ហើយសិស្សទាំងនេះ មានឱកាសបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស (English Speaking Contest Program) នៅរៀងរាល់ខែ មករា និងកក្កដា។ ការប្រកួតប្រជែង និយាយភាសាអង់គ្លេសនេះ ធ្វើឡើងជា២ដំណាក់កាលគឺៈ ១-កម្រិតសាខា(Campus Level): ត្រូវរៀបចំការប្រកួតប្រជែង ចាប់ពី Level3 ដល់Level12 រួចបញ្ជូនបេក្ខជន ជយលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ។ ២-កម្រិតប៊ែលធី (BELTEI Level): គឺជាវគ្គផ្តាច់ព្រ័ត្រត្រូវធ្វើនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីជ្រើសរើសជយលាភីពីលេខ១ ដល់លេខ៣ តាមLevel នីមួយៗ។ ហើយរង្វាន់ដែលត្រូវទទួលបានគឺៈ -លេខ១: ទទួលបាន ពាន១ មេដាយមាស១ លិខិតសរសើរ ទទួលបានអាហារូបករណ៍ សិក្សា១០០% ចំនួន២វគ្គ និងទឹកប្រាក់ 200$។ -លេខ២: ទទួលបានមេដាយប្រាក់១ លិខិតសរសើរ ទទួលបានអាហារូបករណ៍សិក្សា១០០% ចំនួន១វគ្គ និងទឹកប្រាក់ 100$។ -លេខ៣: ទទួលបានមេដាយសំរិទ្ធ១ លិខិតសរសើរ ទទួលបានអាហារូបករណ៍សិក្សា១០០% ចំនួន១វគ្គ និងទឹកប្រាក់ 50$។ ហើយបេក្ខជនជយលាភីលេខ១ ដល់លេខ៣ទាំងអស់ ត្រូវបានទៅទស្សនានៅប្រាសាទអង្គរវត្ត ៣ថ្ងៃ ២យប់។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗជយលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួនរហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ ឯកឧត្តម បានបន្ថែមទៀតថាកម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំផ្នែកភាសាអង់គ្លេសទូទៅឲ្យកាន់តែ ប្រសើរឡើងថែមទៀតទាំង ការនិយាយ និងការសរសេរ ឲ្យស្របតាមបាវចនារបស់ប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ហើយដើម្បីឲ្យក្មួយៗទាំងអស់មានភាពក្លាហាន ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ដោយផ្តោតទៅលើជំនាញទាំង៤ គឺ ការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ(TOEFL ឬ IELTS)ឲ្យបាន ពិន្ទុយ៉ាងតិច5.0ឡើងទៅសម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ ឯកឧត្តម ក៏បានសរសើរក្មួយៗផងដែរ ដែលបានកើតមកចំពេលប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ ហើយសូមក្មួយៗប្រព្រឹត្តតែអំពើល្អ ដើម្បីធ្វើជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិទៅអនាគត។ ជាទីបញ្ចប់ឯកឧត្តម ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជយលាភី Level 3 Level 6 Level 9 និងLevel 12 ចំនួន១២នាក់ ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________