ពិធីសម្ពោធ រូបសំណាកស្រ្តីទូលកណ្តាប់ស្រូវ
និងរូបព្រះឥសូរ នៅទីរួមខេត្តព្រៃវែង
ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ នៅក្រុងព្រៃវែង ខេត្តព្រៃវែងបានរៀបចំពិធីសម្ពោធ រូបសំណាកស្រ្តីទូលកណ្តាប់ស្រូវ និងរូបព្រះឥសូរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហាស់ សារ៉េត អភិបាល ខេត្តព្រៃវែង និងមានការចូលរួមពីសំណាក់ ឯកឧត្តម សេង ឈួន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានកំពង់ចម្លងអ្នកលឿង ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គនាយក ប៊ែលធីគ្រុប និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស ប្រជាពលរដ្ឋ ចំនួនជាង ៧០០នាក់។ តាមរបាយការណ៍របស់លោក ស៊ិន សារៈ អភិបាលក្រុងព្រៃវែង បានអោយដឹងថា ការរីកចម្រើននៅក្នុងក្រុងព្រៃវែងទាំងអស់មិនអាចកាត់ផ្តាច់ចេញពីការចូលរួមពីវិស័យឯកជន និងការគាំទ្ររបស់ប្រជាពលរដ្ឋដូចជាសាលារៀន ផ្លូវថ្នល់ កុដិ របង ក្លោងទ្វារ ព្រះវិហារជាដើម ជាក់ស្តែងថ្ងៃនេះបានដាក់សម្ពោធជាផ្លូវការនូវរូបសំណាកទាំង២ថែមទៀត៖ ទី១រូបសំណាកស្រ្តីទូលកណ្តាប់ស្រូវ ធ្វើពីថ្មភក់ មានកំពស់ ៣.៤០ម ដាក់លើខឿនទម្រជើងពានកំពស់៣.២០ម សរុប ៦.៦០ម កសាងនៅទីតាំងចំណុចផ្លូវបែកជាបីច្រកចេញចូលទីក្រុងព្រៃវែង ចំងាយពីស្ពានលេខមួយ ១៣៥ម ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម លី ឆេង និងលោកជំទាវ ប៊ូ អ៊ា ដែលកសាងអស់ទឹកប្រាក់ ១៥.០០០$។ រូបសំណាកទី២គឺរូបព្រះឥសូរដៃដប់ ធ្វើអំពី ស៊ីម៉ង់ត៍ មានកំពស់ ៣ម ដាក់លើខឿនទម្រកំពស់២.២០ម សរុបកំពស់៥.២០ម កសាងនៅទីតាំង ផ្លូវចេញចូលទីរួមខេត្ត ចំនុចត្រីកោណ ចំងាយពីស្ពានឯការ៉ាម៤៥ម ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សេង ឈួន និងលោកជំទាវ អ៊ឹង មួយហួង ព្រមទាំងលោក ព្រាប គារ៉ាត់ និងលោកស្រី អស់ទឹកប្រាក់ ៩.០០០$ ។ បន្ទាប់មក ឯកឧត្តម លី ឆេង បានឡើងមានចំណាប់អារម្មណ៍ ដោយរៀបរាប់អំពីប្រវត្តិនៃការកសាងសមិទ្ធិផលនានានៅក្នុងក្រុងព្រៃវែង ចាប់តាំងពីឆ្នាំ១៩៨០ ដែលឪពុករបស់ឯកឧត្តមធ្វើជាប្រធានភូមិលេខ៣ និងក្រោយមកទើបនៅឆ្នាំ២០០០ ឯកឧត្តម ក៏បានបន្តកសាងសមិទ្ធិផលនានារហូតមកដល់បច្ចុប្បន្ននេះ ដូចជាបានកសាង របងវត្ត ពុទ្ធិកបឋមសិក្សា និងជួសជុលព្រះវិហារ នៅវត្ត សំសាមី និងវត្តសុវណ្ណរង្សី អស់ទឹកប្រាក់រាប់សែនដុល្លារ ហើយនាពេលនេះ ឯកឧត្តមក៏បានចំណាយទឹកប្រាក់កសាងរូបសំណាកស្រ្តីទូលកណ្តាប់ស្រូវដែលជាសមិទ្ធផលថ្មីមួយទៀតទុកជូនប្រជាជននៅទីរួមខេត្តព្រៃវែងទាំងមូល។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ឲ្យក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ និងត្រូវអនុវត្តតាមគោលការណ៍សិក្សាទាំង៣គឺៈ រៀនពីសាលា រៀនពីការងារ និងរៀនខ្លួនឯង ព្រោះនេះជា ឱកាសល្អសម្រាប់ក្មួយៗ ដែលបានកើតមកចំពេលប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងដើម្បីធ្វើជា ទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិទៅអនាគត។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហាស់ សារ៉េត អភិបាល ខេត្តព្រៃវែង បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបានថ្លែងអំណរគុណចំពោះឯកឧត្តម សេង ឈួន ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយឧបត្ថម្ភជ្រោមជ្រែងទាំងស្មារតី សម្ភារៈ និងថវិកាក្នុងការផ្តួចផ្តើមគំនិតកសាងសមិទ្ធិផលនានាកន្លងមក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទ្រទ្រង់ផ្នែក ពុទ្ធចក្រ និងអាណាចក្រ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជននៅខេត្តព្រៃវែងទាំងមូលផងដែរ។ បន្ទាប់មក ឯកឧត្តម ហាស់ សារ៉េត ឯកឧត្តម សេង ឈួន ឯកឧត្តម លី ឆេង និងលោកជំទាវ ក៏បាននាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សរុបថវិកា១០.៤៣០.០០០៛ ក្រណាត់ស១០០ដុំ សៀវភៅ២៧២ក្បាល និងប៊ិច ២៧២ដើម ប្រគេនព្រះសង្ឃ៧អង្គក្នុងមួយអង្គ៣០.០០០៛ និងទេយ្យវត្ថុ១អង្គ១កញ្ចប់ តាជី យាយជី១០០នាក់ ក្នុងម្នាក់៥.០០០៛ និងក្រណាត់សក្នុងម្នាក់១ដុំ លោកគ្រូ-អ្នកគ្រូ ៦៨នាក់ ថវិកា២០.០០០៛ និងសារ៉ុង១ ប្រជាពលរដ្ឋ២០០នាក់ ក្នុងម្នាក់សារ៉ុង១ ព្រមទាំងសិស្សានុសិស្ស ២៧២នាក់ ក្នុងម្នាក់ ៣.០០០៛ និងសៀវភៅ១ក្បាល និងប៊ិច១ដើមផងដែរ។ ជាទីបញ្ចប់ ឯកឧត្តម ហាស់ សារ៉េត ឯកឧត្តម សេង ឈួន ឯកឧត្តម លី ឆេង និងលោកជំទាវ បានផ្តល់កិត្តិយសកាត់ខ្សែបូ និងដាក់សម្ពោធរូបសំណាកទាំង២ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________