សិស្ស-និស្សតិ ប៊ែលធី វិលត្រលប់មកពីបោះជំរំជាអន្តរជាតិ
នៅប្រទេសកូរ៉េខាងត្បូង
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ សិស្ស-និស្សិតប៊ែលធីចំនួន ១៣០នាក់ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជា វិញហើយ បន្ទាប់ពីចំណាយពេល២០ថ្ងៃដើម្បីទៅចូលរួមកម្មវិធីបោះជំរំជាអន្តរជាតិ(World Camp 2014) នៅប្រទេសកូរ៉េ ប្រកបដោយជោគជ័យ។ ការបោះជំរំជាអន្តរជាតិនេះ មានយុវជនជាង៤.០០០នាក់មកពី ៨០ប្រទេសនៅលើពិភពលោក ហើយក៏មានរដ្ឋមន្រ្តីក្រសួងអប់រំមកពីបណ្តាប្រទេសនានា ចំនួន ២២ចូលរួមផងដែរ។ តាមរបាយការណ៍លោក ផូរ សុធារៈ ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ និងទេសចរណ៍បានអោយដឹងថា៖ប៊ែលធី គ្រុប បានចុះអនុស្សរណៈយោគយល់ជាមួយនឹង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ(IYF) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយឆ្នាំនេះ អង្គការសម្ព័ន្ធយុវជនអន្តរជាតិបានស្នើសុំសិស្ស-និស្សិតប៊ែលធីចំនួន ១៣០នាក់ ឲ្យទៅចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី ០១ ដល់ទី ២០ ខែកក្កដា ដោយបានទៅទស្សនាតាមតំបន់សំខាន់ៗជាច្រើនដូចជាៈ ទីក្រុងប៊ូសាន សេអ៊ូល សាកលវិទ្យាល័យពូយ៉ុង និងតំបន់ប្រវិត្តសាស្រ្តផ្សេងៗទៀតផងដែរ។ កញ្ញា គង់ ដាលីន ជាសិស្សវិទ្យាស្ថានប៊ែលធីអន្តរជាតិ សាខាទី៤ បានឲ្យដឹងថា ការបោះជំរំនេះ ធ្វើឲ្យយើងមានភាពក្លាហាន ចេះអត់ធ្មត់ ហាត់ពត់ លត់ដំខ្លួន រស់នៅជាក្រុមធ្វើការជាក្រុម នៅជាមួយជាតិសាសន៍ផេ្សងៗគ្នា ដើម្បីដកស្រង់ នូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនៅ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និង ចេះទទួលខុសត្រូវ ដោយខ្លួនឯង បានស្គាល់និងសិក្សា ស្វែងយល់អំពីប្រទេស កំពុងរីកចំរើន ដែលមានបចេ្ចកវិទ្យាទំនើបៗ ដើម្បីធ្វើជាទុនសម្រាប់ការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនឯង។ កញ្ញា នង ដេមី ជាសិស្សវិទ្យាស្ថានប៊ែលធីអន្តរជាតិ សាខាទី៤ ក៏បានបន្ថែមថា ការបោះជំរំជាអន្តរជាតិ គឺយើងបានបង្ហាញពី សមត្ថភាពសិស្ស និស្សិតកម្ពុជា នៅលើឆាកអន្តរជាតិ នូវភាពក្លាហាន មានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធីជាអន្តរជាតិ និងធ្វើជាទំពាំងស្នងឬស្សីដ៏ល្អសម្រាប់សង្គមជាតិទៅថ្ងៃអនាគត ។ កញ្ញា ស៊ុនហុង ម៉ីលី និស្សិតឆ្នាំទី១សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានថ្លែងនូវអារម្មណ៍រំភើបរីករាយ ដែលបានចូលរួមកម្មវិធីលំដាប់អន្តរជាតិ ហើយអ្វីដែលពិសេសគឺសិស្សប៊ែលធី ទទួលបានជ័យជម្នះលើសិស្ស-និស្សិតបរទេសក្នុងការប្រកួតប្រជែងនានាផងដែរ។ កញ្ញាបន្តទៀតថា អ្វីដែលសិស្ស-និស្សិតបរទេសមានការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់សិស្សពីកម្ពុជាដែរនោះ គឺការប្រើប្រាស់ភាសាអង់គ្លេសបានល្អ ។ កញ្ញាបន្តទៀតថាក្រៅពីទទួលបានបទពិសោធន៍ចំណេះដឹង បំណិនជីវិតថ្មីជាទុនសម្រាប់ខ្លួនឯង ក្រុមសិស្ស-និស្សិតប៊ែលធី ក៏បានចែករំលែកបទពិសោធន៍ ចំណេះដឹង ពិសេសវប្បធម៌ អរិយធម៌ខ្មែរមួយចំនួនឲ្យសិស្ស-និស្សិតបរទេសបានដឹង បានស្គាល់ផងដែរ។ ជាមួយគ្នានេះ កញ្ញាក៏បានធ្វើការថ្លែងអំណរគុណចំពោះ គណៈគ្រប់គ្រងប៊ែលធី ដែលបានរៀបចំកម្មវិធីដ៏អស្ចារ្យនេះឡើង ជាទុន ជាចំណេះដឹងដ៏មានតម្លៃសម្រាប់សិស្ស-និស្សិត និងយកចំណេះដឹងទាំងនេះទៅរៀបចំជីវិត និងចូលរួមចំណែកអភិវឌ្ឍប្រទេសផងដែរ។ ក្នុងឱកាសនោះដែរឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសមាជិកគណៈកម្មាធិការប្រឹក្សាយោបល់របស់អង្គការសម្ព័ន្ធយុវជនអន្តរជាតិ បានមានប្រសាសន៍ថាៈនេះជាឱកាសដ៏ល្អបំផុតសម្រាប់សិស្ស-និស្សិតរបស់យើង ដែលមានឱកាសបានទៅចូលរួមក្នុងកម្មវិធីជាអន្តរជាតិ ដែលមានប្រទេសជាច្រើនបានចូលរួម និងបាននាំយកនូវរបាំ និងបទចម្រៀងរបស់កម្ពុជាទៅ សំដែងក្នុងឪកាសនោះផងដែរ ដើម្បីបង្ហាញនូវ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខែ្មរ ដ៏រុងរឿងនៅលើឆាកអន្តរជាតិ ដែលជាមោទនភាពជាតិរបស់យើង និងបានបង្ហាញពីសក្កានុពលលើវិស័យអប់រំ របស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។គោលបំណងសំខាន់នៃការបញ្ជូនសិស្ស-និស្សិតអោយចូលរួមក្នុងកម្មវិធីបោះជំរំជាអន្តរជាតិនេះមានបីគឺ៖ ទី១- អោយសិស្ស-និស្សិតរបស់យើងមានភាពក្លាហាន ចេះអត់ធ្មត់ហាត់ពត់លត់ដំខ្លួនរស់នៅជាក្រុមធ្វើការជាក្រុម នៅជាមួយជាតិសាសន៍ផេ្សងៗគ្នាដើម្បីដកស្រង់នូវបទពិសោធន៌ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនៅ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និង ចេះទទួលខុសត្រូវដោយខ្លួនឯង។ ទី២- អោយសិស្ស-និស្សិតរបស់យើងបានឃើញ បានស្គាល់និងសិក្សាស្វែងយល់អំពីប្រទេសកំពុងរីកចំរើន ដែលមានបចេ្ចកវិទ្យាទំនើបៗ ដើម្បីធ្វើជាទុនសម្រាប់ការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនឯង ក៏ដូចជាអភិវឌ្ឍប្រទេសជាតិអោយបានរីកចំរើនទៅអនាគត។ ទី៣- បង្ហាញពីសមត្ថភាពសិស្ស-និស្សិតកម្ពុជានៅលើឆាកអន្តរជាតិនូវភាពក្លាហាន មានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធីជាអន្តរជាតិ និងធ្វើជាទំពាំងស្នងឬស្សីដ៏ល្អសម្រាប់សង្គមជាតិទៅថ្ងៃអនាគត។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________