ពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៤-២០១៥ និងពិធីប្រគល់
វិញ្ញាបនបត្រដល់សិស្សភាសាអ់គ្លេសទូទៅ Level 6&12 ចំនួន ៩៤៧នាក់
ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីបើកបវេសនកាល ឆ្នំាសិក្សា២០១៤-២០១៥ និងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សភាសាអង់គ្លេសទូទៅ Level 6 &12 ចំនួន ៩៧៤នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ(សាខាទួលស្លែង) ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ។ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឡើងមានមតិស្វាគមន៍ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តមប្រធានគណៈអធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកមកផ្តល់កិតិ្តយសដល់សិស្សជ័យលាភីទាំងអស់ដែលត្រូវទទួលវិញ្ញាបនបត្រនៅពេលនេះ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ដោយផ្តោតទៅលើជំនាញទាំង៤ គឺ ការនិយាយ ការស្តាប់ ការអាន និងការសរសេរ ហើយនៅ បញ្ចប់Level12 សិស្សត្រូវទទួលបានពិន្ទុជាអន្តរជាតិតេស្តTOEFL ឬ IELTS ឲ្យបានពិន្ទុយ៉ាងតិច5.5ឡើងទៅ ដើម្បីងាយស្រួលក្នុងការដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ ឯកឧត្តម ក៏បានសរសើរក្មួយៗផងដែរ ដែលបានកើតមកចំពេលប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ ហើយសូមក្មួយៗប្រព្រឹត្តតែអំពើល្អ ដើម្បីធ្វើជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិទៅអនាគត។ បន្ទាប់មក លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យសិក្សា នៃសាលា ប៊ែលធី អន្តរជាតិ បានឡើងធ្វើរបាយការណ៍ៈ សិស្សសាលាប៊ែលធី អន្តរជាតិ ផ្នែកភាសាអង់គ្លេសបានប្រឡងបញ្ចប់ទាំង៣២ជំនាន់ Level6 មានចំនួន ៦.៤២៨នាក់ និងLevel12 មានចំនួន ៣.១៨១នាក់។ ចំណែកឯសិស្សចំណេះទូទៅ ថ្នាក់ទី១២ បានប្រឡងបញ្ចប់ទាំង៩ជំនាន់(២០០៥-២០១៤) មានចំនួន ៤.៩០៦នាក់ ហើយឆ្នាំនេះ មានសិស្សពូកែ ចំនួន ០៥នាក់ ក្នុងនោះជាប់ទូទាំងរាជធានីភ្នំពេញ ចំនួន ០៣នាក់ និងទូទាំងប្រទេស ចំនួន ០២នាក់ គឺសិស្សឈ្មោះ គង់ រតនៈធីតា ថ្នាក់ទី១២ ជាប់លេខ១ ផ្នែកអក្សរសិល្ប៍ខ្មែរ ទទួលបានរង្វាន់លើកទឹកចិត្ត $១.០០០ និង អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤ឆ្នាំ និង លោកគ្រូ ក៏ទទួលបានរង្វាន់ $១.០០០ ដែរ។ ចំណែកឯសិស្សឈ្មោះ លី សុខុម ថ្នាក់ទី១២ជាប់លេខ៦ ផ្នែកអក្សរសិល្ប៍ខ្មែរ ទទួលបានរង្វាន់លើកទឹកចិត្តបន្ថែម លេខ២ ទូទាំងរាជធានីភ្នំពេញ សរុបចំនួន $៨០០ និង អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤ឆ្នាំ និងលោកគ្រូ ក៏ទទួលបានរង្វាន់ $៨០០ ដែរ។ ចំណែកឯ សិស្សពូកែទូទាំងរាជធានីចំនួន ០៣នាក់ ទទួលបានរង្វាន់លើកទឹកចិត្តពីសាលា ក្នុងម្នាក់ ចំនួន $២០០ និងលោកគ្រូ ក៏ទទួលក្នុងម្នាក់ $២០០ដែរ។ សំខាន់ជាងនេះទៅទៀតនោះ នៅក្នុងឆ្នាំសិក្សាថ្មីនេះ សាលាក៏បានរៀបចំបញ្ចូលកម្មវិធីសិក្សាបន្ថែម(Extra-curricular Courses) លើប្រធានបទសំខាន់ៗដូចជា:-សិស្សថ្នាក់ទី១០ សិក្សាអំពី សុវត្ថិភាពចំណីអាហារ និងច្បាប់ ចរាចរណ៍ផ្លូវគោក -សិស្សថ្នាក់ទី១១ សិក្សាអំពី ការយល់ដឹងពីគ្រឿងញៀន និងជម្ងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាអំពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម។ ក្រៅពីការសិក្សានៅក្នុងថ្នាក់់ សិស្សរបស់យើង ក៏មានឱកាសបានធ្វើទស្សនកិច្ចសិក្សា(Field Trip) នៅតាមតំបន់ទេសចរណ៍ និងប្រវត្តិសាស្រ្ត សំខាន់ៗមួយចំនួនរួមមាន ព្រះបរមរាជវាំង សារមន្ទីរជាតិ សារមន្ទីរទួលស្លែង មជ្ឈមណ្ឌលជើងឯក ភ្នំតាម៉ៅ ភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) ភ្នំសន្ទុក និងប្រាសាទសម្បូរព្រៃគុក។ ប៊ែលធី ក៏មានកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈទាំងផ្នែកភាសាខ្មែរ និងភាសាអង់គ្លេស(Public Speaking Contest Program)នៅក្នុងឆ្នាំសិក្សានេះ ដើម្បីធ្វើអោយសិស្សមានភាពក្លាហាននិយាយជាសាធារណៈផងដែរ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស៊ាន បូរ៉ាត បានធ្វើការសំណេះសំណាល និងផ្ញើក្តីនឹករលឹកនិងសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាជូនដល់ ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សទាំងអស់របស់សាលានាពេលនោះផងដែរ។ ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរដ៏ស្មោះចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែង តស៊ូរៀនសូត្ររហូតទទួលបានភាពជោគជ័យគួរជាទីមោទនៈនាពេលនេះ។ វិញ្ញាបនបត្រដែលប្អូនៗ និងក្មួយៗទទួលបានក្នុងពេលនេះ ជាសក្ខីភាពមួយបញ្ជាក់ពីកម្រិត សមត្ថភាព បញ្ញាស្មារតី និងទេពកោសល្យប្រកបដោយគុណតម្លៃ និងអត្ថន័យយ៉ាងជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន ហើយសមិទ្ធផលដែលរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំរបស់សាលា ប៊ែលធី អន្តរជាតិ គឺជាការស្តារ និងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព និងទេពកោសល្យសម្រាប់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ឯកឧត្តម ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនរុងរឿងទៅបានគឺ ទាមទារជាចាំបាច់បំផុតនូវការកំណត់គោលដៅជាអាទិភាពទៅលើការកសាងគ្រឹះដ៏រឹងមាំនៃកត្តាធនធានមនុស្ស។ ឆ្លងតាមរយៈនេះ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណគតិបណ្ឌិតនោះគឺ បានដាក់ចេញយុទ្ធសាស្រ្តបែរឆ្ពោះទៅរកការស្តារ ការកសាង និងការអភិវឌ្ឍ ដោយក្នុងនោះការលើកកម្ពស់វិស័យអប់រំគឺជាវិស័យអាទិទេពចម្បងដើម្បីប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមួយរីកចម្រើនប្រកបដោយធនធានមនុស្សសម្បូរបែបសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ ផ្តើមចេញពីបេសកកម្មដ៏មានសារៈសំខាន់នេះ ខ្ញុំសូមឲ្យសាលា ប៊ែលធី អន្តរជាតិ បើទោះបីជាបច្ចុប្បន្នមានការអភិវឌ្ឍប្រកបដោយចីរភាព និងរឹងមាំហើយបានប្រែក្លាយទៅជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិក៏ដោយចុះ ប៉ុន្តែត្រូវបន្តបំពេញតួនាទីឲ្យបានខ្លាំងក្លាជាងនេះថែមទៀត ក្នុងការពង្រឹងយន្តការអប់រំមួយឲ្យមានតម្លៃជាសកល ដោយធ្វើការសម្របសម្រួលលើគ្រប់ទិដ្ឋភាពនៃការគ្រប់គ្រងការងារបណ្តុះបណ្តាល ការងារពង្រឹងគុណភាព ការពង្រីកកម្មវិធីសិក្សា ការងារស្រាវជ្រាវ ការងារផ្សព្វផ្សាយព័ត៌មានស្តីពីរបកគំហើញនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងវិស័យអប់រំដោយផ្សាភ្ជាប់ការអប់រំផ្នែក សីលធម៌ជាកត្តាចម្បងស្របតាមវប្បធម៌ដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរ ក៏ដូចជាការរើកចម្រើននៃពិភពលោកសម្រាប់បម្រើឲ្យផងប្រយោជន៍រួមនៃការបណ្តុះបណ្តាលធនធានមនុស្ស។ បន្ទាប់មក ឯកឧត្តមប្រធានគណៈអធិបតី បានប្រគល់លិខិតសរសើរ រង្វាន់លើកទឹកចិត្តដល់សិស្សពូកែ និងប្រគល់វិញ្ញាបនបត្រLevel 6 &12 ចំនួន ៩៧៤នាក់ នាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________