ប៊ែលធី ទំនាក់ទំនង អន្តរជាតិ
បានបញ្ជូនសិស្ស ១៣នាក់ ទៅសិក្សានៅសិង្ហបុរី
ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ប៊ែលធី ទំនាក់ទំនង បែលធី អន្តរជាតិ បានបញ្ជូនសិស្សប្រឡងជាប់អាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា គណនេយ្យ និងគ្រប់គ្រង នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី។ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ បែលធី អន្តរជាតិ និងជាប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ បានអោយដឹងថាៈ ប៊ែលធីបានរៀបចំប្រឡងអាហារូបករណ៍ឧកញ៉ា លី ឆេង ដែលមានបេក្ខជនដាក់ពាក្យ ២៣០នាក់ លើវិញ្ញាសា ៣គឺ វប្បធម៌ទូទៅ គណិតវិទ្យា និងភាសាអង់គ្លេស នៅចុងបញ្ចប់ សាកលវិទ្យាល័យជ្រើសរើសបានសិស្សដែលមានសមត្ថភាព ចំនួន ៦២នាក់ ត្រូវយកទៅប្រឡងលើកទី២។ ការប្រឡងលើកទី២ ត្រូវបានរៀបចំដោយមន្រ្តីមកពីវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី លើវិញ្ញាសា ២មុខគឺ គណិតវិទ្យា និងភាសាអង់គ្លេសទូទៅ(IELTS) ហើយចុងបញ្ចប់គណៈកម្មការសម្រេចជ្រើសរើសយកបេក្ខជនចំនួន១៣នាក់ សម្រាប់បញ្ជូនទៅសិក្សានៅឯវិទ្យាស្ថានEASB ប្រទេសសិង្ហបុរី ដែលជាវិទ្យាស្ថានមួយបានចុះ(MOU) ជាមួយប៊ែលធី។ លោក លី ណាវុឌ្ឍ ក៏បានបន្ថែមទៀតថាកន្លងមក សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់MOU ជាមួយនឹងសាកលវិទ្យាល័យនានានៅក្រៅប្រទេស មួយចំនួនរួចមកហើយដូចជា៖ ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក សិង្ហបុរី ម៉ាឡេស៊ី និងកូរ៉េ និងបានបញ្ជូននិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ០៩នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅចក្រភពអង់គ្លេសផងដែរ។ បន្ទាប់មកឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ បែលធី អន្តរជាតិ បានមានប្រសាសន៍ កោតសរសើរចំពោះជ័យលាភីទាំងអស់ដែលបានខិតខំរៀនសូត្រ ហើយបានប្រឡងជាប់អាហារូបករណ៍ដ៏លំបាកនេះដែលទាមទារឲ្យបេក្ខជនត្រូវមានសមត្ថភាពខ្ពស់ ទាំងផ្នែក ចំណេះដឹងទូទៅ និងភាសា ព្រោះនេះជាអាហារូបករណ៍កម្រិតអន្តរជាតិ សម្រាប់ទៅសិក្សានៅក្រៅប្រទេស ហើយឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្មួយផ្សេងៗទៀត ដែលពុំបានប្រឡងជាប់អាហារូបករណ៍នេះសូមឲ្យខិតខំសិក្សាបន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រឡងយកអាហារូបករណ៍ផ្សេងៗទៀតទៅសិក្សាក្រៅប្រទេសនាពេលក្រោយ។
|
![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________