ពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធីដល់សិស្ស
ថ្នាក់ទី១២ ឆ្នាំសិក្សា២០១៣-២០១៤ ជំនាន់ទី៩ ចំនួន ៦៧៩នាក់
ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សដែលបានបញ្ចប់ការសិក្សានៅប៊ែលធី និងប្រឡងជាប់ថ្នាក់ជាតិ ឆ្នាំសិក្សា២០១៣-២០១៤ ជំនាន់ទី៩ ចំនួន ៦៧៩នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (សាខាទួលស្លែង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ។ លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យសិក្សា បានអោយដឹងថាៈ ឆ្នាំសិក្សា ២០១៣-២០១៤ មានសិស្សចូលរួមប្រឡងចំនួន ១.០០២នាក់ ជាប់ ៦៧៩នាក់ ស្មើនឹង ៦៧.៧៦% ក្នុងនោះសិស្សជាប់និទ្ទេសB ចំនួន ០៩នាក់ និងសិស្សពូកែ ចំនួន ០៥នាក់ ក្នុងនោះជាប់ទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី១២ ចំនួន ០២នាក់ គឺសិស្សឈ្មោះ គង់ រតនធីតា ជាប់លេខ១ និងឈ្មោះ លី សុខុម ជាប់លេខ៦ និងសិស្សពូកែទូទាំងរាជធានីចំនួន ០៣នាក់។ កន្លងមកសិស្សបានប្រឡងបញ្ចប់ថ្នាក់ទី១២ ទាំង៨ជំនាន់ (២០០៥-២០១៣) មានចំនួន ៣.៩០២នាក់ ជាប់៣.៨៧៩នាក់ ស្មើនឹង ៩៩.៤១% ។ នៅក្នុងឆ្នាំសិក្សាថ្មីនេះ សាលានឹងខិតខំពង្រឹងគុណភាពបន្ថែមទៀត ធ្វើយ៉ាងណាឲ្យសិស្សថ្នាក់ទី១២ ដែលត្រូវចូលរួមប្រឡងបាក់ឌុប ជាប់យ៉ាងហោចណាស់ ចាប់ពី ៩០%ឡើងទៅ និងសិស្សបញ្ចប់Level12 ផ្នែកភាសាអង់គ្លេស ត្រូវទទួលបានពិន្ទុតេស្តអន្តរជាតិTOEFL ឬ IELTS យ៉ាងតិច 5.5 ឡើងទៅ និងយ៉ាងហោចណាស់ជាប់ចាប់៤០% នៃចំនួនសិស្សដែលបានប្រឡង។ ប៊ែលធី ក៏មានកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈទាំងផ្នែកភាសាខ្មែរ និងភាសាអង់គ្លេសនៅក្នុងឆ្នាំសិក្សានេះ ដើម្បីធ្វើឲ្យសិស្សមានភាពក្លាហាននិយាយជាសាធារណៈផងដែរ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានសញ្ញាបត្រនាពេលនេះ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងតាមបណ្តាសាខាសាលាប៊ែលធីទាំងអស់ រហូតទទួលបានជោគជ័យនៅថ្ងៃនេះ ហើយឯកឧត្តមក៏បានសំណូមពរឲ្យបន្តការសហការនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀតសម្រាប់ថ្ងៃអនាគត។ ឯកឧត្តម បានមានប្រសាសន៍ផងដែរថា សមិទ្ធផល និងការរីកចម្រើនរបស់ប៊ែលធី គ្រុប ពីមួយឆ្នាំទៅមួយឆ្នាំ គឺ ដោយមានការគាំទ្រយ៉ាងសកម្មពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមាតា បិតា អាណាព្យាបាល សិស្ស-និស្សិត ផងដែរ។ ពិសេសជាងនេះទៅទៀត ដោយមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តម បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបាននូវសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗ សិស្សជ័យលាភីអោយខិតខំបន្តការសិក្សាបន្ថែមទៀត នៅថ្នាក់ឧត្តមសិក្សា ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនដណ្តើមទីផ្សារការងារជាតិ និងអន្តរជាតិ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់នឹងឈានមកសិក្សានៅសាកលវិទ្យាល័យប៊ែលធីលំដាប់អន្តរជាតិដ៏ទំនើបរបស់យើងនេះ។ បន្ទាប់មក ឯកឧត្តម ប្រធានគណៈអធិបតី ក៏បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង ៦៧៩នាក់ នាពេលនោះផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________