បុគ្គលិកប៊ែលធី គ្រុប ចំននួន ២៥៥នាក់
បានធ្វើការបរិច្ចាកឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម
ដើម្បីចូលរួមអបអរសាទរ ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម និងទទួលអំណោយឈាម គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិតទាំងអស់ នៃប៊ែលធី គ្រុប បានស្ម័គ្រចិត្តធ្វើការបរិច្ចាគឈាម ចំនួន ២៥៥នាក់ ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយជីវិតជនរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ(សាខាទួលស្លែង)។ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថាៈ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិតទាំងអស់ នៃប៊ែលធី គ្រុប មានសេចក្តីសប្បាយរីករាយ ក្នុងការបរិច្ចាគឈាមនាពេលនេះ ព្រោះជាកាយវិការមនុស្សធម៌ ប្រកបដោយសាមគ្គីភាព និងឯកភាពមិនអាចកាត់ថ្លៃបាន សម្រាប់ជួយសង្រ្គោះជីវិតជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ ។ លោកបន្តថា ការបរិច្ចាគឈាមនេះ មិនមែនធ្វើទៅដោយម្នាក់ឯងបាននោះទេ គឺត្រូវរួមសាមគ្គីគ្នា ក្នុងការបរិច្ចាគអ្នករងគ្រោះនៅទូទាំងប្រទេស ។ លោក លី ណាវុឌ្ឍ បានបន្តថា នេះជាលើកទី២ហើយ ដែលបុគ្គលិកប៊ែលធី គ្រុបយើង បានចូលរួមបរិច្ចាគឈាម ហើយលោកសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងមានជារៀងរាល់ឆ្នាំផងដែរ។ លោក ក៏បានថ្លែងអំណរគុណឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិតទាំងអស់ ដែលបានបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សម្រាប់ជួយសង្គ្រោះជីវិតដល់ជនរងគ្រោះ។ បន្ទាប់មក លោកវេជ្ជបណ្ឌិត ហុក គីមចេង នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សព្វថ្ងៃនេះយើង មិនទាន់មានឈាមគ្រប់គ្រាន់ សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមចន្លោះពី ៨០ ទៅ ១០០ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះផ្សេងៗ ហើយទូទាំងប្រទេសត្រូវការឈាមប្រមាណ ១៥០ប្លោករៀងរាល់ថ្ងៃ។ ដូចនេះយើងត្រូវការឈាម បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។ លោក ហុក គីមចេង បានជំរុញ និងអំពាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្ដាចូលរួមបរិច្ចាគ ឈាមមកដល់អង្គភាពរបស់លោក ដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្គ្រោះជីវិតអ្នកដទៃ។ លោកនាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងបញ្ជាក់ថា បើសិនជាគ្មានការចូលរួមចំណែកពីសប្បុរសជនទាំងឡាយនោះ មជ្ឈមណ្ឌលក៏មិនអាចទ្រទ្រង់ និងផលិតឈាមដោយខ្លួននោះឡើយ ដូច្នេះការចូលរួមរបស់ បងប្អូន ពិតជាមានសារសំខាន់យ៉ាងខ្លាំង។ លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីជាគណៈគ្រប់គ្រងបុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិតទាំងអស់ នៃប៊ែលធី គ្រុប ដែលបានបរិច្ចាគឈាមសម្រាប់ជួយសង្រ្គោះដល់ជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់។ បន្ទាប់មក គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិតទាំងអស់ នៃប៊ែលធី គ្រុប បានចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមនាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________