សាលា ប៊ែលធី អន្តរជាតិ
បញ្ជូនសិស្ស ១៧នាក់ ទៅសិក្សានៅក្រៅប្រទេស
រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ សាលា ប៊ែលធី អន្តរជាតិ បានបញ្ជូនសិស្សទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្រៅប្រទេស តាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង សរុបចំនួន១៧នាក់ដោយរួមទាំងសិស្សនិទ្ទេស A ចំនួន៦នាក់ដែលទើបនឹងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៤-២០១៥ នេះផងដែរ។ សិស្សទាំងអស់នោះត្រូវបានបញ្ជូនអោយទៅសិក្សានៅសាកលវិទ្យាល័យឯក្រៅប្រទេសដែលបានចុះអនុស្សារណៈ(MOU) ជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដូចជាទៅសិក្សានៅចក្រភពអង់គ្លេស១នាក់ សិង្ហបុរី ១៥នាក់ និង សាធារណៈរដ្ឋប្រជាមានិត ចិនផ្នែកពេទ្យ១នាក់ ។ សូមបញ្ជាក់ផងដែរថា គិតមកដល់ត្រឹមថ្ងៃនេះសាលាប៊ែលធីអន្តរជាតិបានបញ្ជូនសិស្សទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង សរុប ចំនួន៤១នាក់រួចមកហើយ ក្នុងនោះចក្រភពអង់គ្លេសចំនួន១១នាក់ សិង្ហបុរីចំនួន២៩នាក់និងសាធារណៈរដ្ឋប្រជាមានិតចិន ១នាក់។ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ បានអោយដឹងថាៈ ការប្រឡងជ្រើសរើសសិស្សអាហារូបករណ៍នេះ គឺបានធ្វើឡើងយ៉ាង តឹងរឹង និង ហ្មត់ចត់ជាទីបំផុត ដោយធ្វើឡើងទៅតាមតំណាក់កាលនីមួយៗដូចជា សិស្សថ្នាក់ទី១២នៃសាលា ប៊ែលធី អន្តរជាតិទាំងអស់ មានសិទ្ធិដាក់ពាក្យសុំប្រឡងយកអាហារូបករណ៍នេះ ហើយដំណើរការប្រឡងចែកចេញជា ៣ដំណាក់កាលផងដែរ: គឺប្រឡងលើកទី១ លើវិញ្ញាសា វប្បធម៌ទូទៅ គណិតវិទ្យា និង ភាសាអង់គ្លេស រយៈពេល៤ម៉ោងកន្លះ។ ប្រឡងលើកទី២ គណិតវិទ្យាជាភាសាអង់គ្លេស និងតេស្តអន្តរជាតិអាយអ៊ែល(IELTS)ជាភាសាអង់គ្លេស ដែលវិញ្ញាសា ទាំងនោះត្រូវបានរៀបចំឡើងដោយ មន្រ្តីមកពីប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស ។ លើកទី៣ បេក្ខជនដែល បានពិន្ទុខ្ពស់ត្រូវបានសំភាសន៍ផ្ទាល់មាត់ជាមួយមន្រ្តីមកពីប្រទេសទាំងពីរខាងលើ។ ក្នុងឆ្នាំសិក្សានេះយើងមានបេក្ខជនចូលរួមប្រឡង លើកទី១មានចំនួន១៨០នាក់ ជាប់១០០នាក់ លើកទី២ ប្រឡង១០០នាក់ ជាប់ ៣៤នាក់ ប្រឡងលើកទី៣ ៣៤នាក់ជាប់បាន១៧នាក់ដែល ត្រូវបញ្ជូនទៅសិក្សានៅក្រៅប្រទេសនៅថ្ងៃនេះ។ លោក លី ណាវុឌ្ឍ ក៏បានកោតសរសើរចំពោះបេក្ខជនជ័យលាភីទាំងអស់ដែលបានខិតខំរៀនសូត្រ ហើយបានប្រឡងជាប់អាហារូបករណ៍ដ៏លំបាកនេះដែលទាមទារឲ្យបេក្ខជនត្រូវមានសមត្ថភាពខ្ពស់ ទាំងផ្នែក ចំណេះដឹងទូទៅនិងភាសា ព្រោះនេះជាអាហារូបករណ៍កម្រិតអន្តរជាតិសម្រាប់ទៅសិក្សានៅក្រៅប្រទេស។ លោកក៏បានផ្តាំផ្ញើសូមអោយប្អូនៗទាំងអស់ពេលបញ្ចប់ការសិក្សាសូមយកចំណេះដឹងទាំងអស់នោះ មកជួយអភិវឌ្ឍប្រទេសកម្ពុជាយើង និងធ្វើជាទំពាំងស្នងឫស្សីដ៏ល្អប្រកបដោយសីលធម៌ និងគុណធម៌ទៅអនាគត។ ហើយលោកក៏បានលើកទឹកចិត្តដល់ប្អូនៗ សិស្សានុសិស្សដែលកំពុងសិក្សានៅសាលាប៊ែលធីអន្តរជាតិទាំងអស់ឲ្យខិតខំសិក្សាបន្ថែមទៀត ដើម្បីត្រៀមខ្លួនទៅប្រឡងយកអាហារូបករណ៍ឧកញ៉ា លីឆេង និងអាហារូបករណ៍ផ្សេងៗទៀតដើម្បីទៅសិក្សានៅឯក្រៅប្រទេសនាពេលក្រោយ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
_______________________________________________________________________