ពិធីប្រគល់វិញ្ញាបនបត្រដល់សិស្ស
ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៣៧ និងទី៣៨
ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ចំនួន ៨១៣នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (សាខាទួលស្លែង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ។ តាមរបាយការណ៍របស់លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប បានឲ្យដឹងថា៖ សិស្សភាសាអង់គ្លេស Level 6 ដែលបានប្រឡងបញ្ចប់ទាំង ៣៨ជំនាន់ មានចំនួន ៩.៣៣២នាក់។ សាលាប៊ែលធី អន្តរជាតិ បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធីទស្សនកិច្ចសិក្សា ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ ហើយកម្មវិធីនីមួយៗបានចែកជា៖ -ទី១-កម្មវិធីបង្កើនចំណេះដឹងទូទៅ រួមមាន៖ -សិស្សថ្នាក់ទី៩ សិក្សាពី ទស្សនៈទានព្រះពុទ្ធសាសនា -សិស្សថ្នាក់ទី១០ សិក្សាពី សុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក -សិស្សថ្នាក់ទី១១ សិក្សាពី ការយល់ដឹងពីគ្រឿងញៀន និងជំងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាពី ច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម -ទី២-កម្មវិធីពង្រឹងស្មារតី រួមមាន៖ -កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ -កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស -វេទិកាជជែកពិភាក្សាជាសាធារណៈ -ទី៣-កម្មវិធីទស្សនកិច្ចសិក្សារួមមាន៖ -ថ្នាក់ទី៤-ទី៥ ខ្មែរ និងភាសាអង់គ្លេសLevel4-5 ទស្សនកិច្ចព្រះបរមរាជវាំង -ថ្នាក់ទី៦ ខ្មែរ និង ភាសាអង់គ្លេស Level 6 ទស្សនកិច្ចសារមន្ទីរជាតិ ថ្នាក់ទី៧ ខ្មែរ និង ភាសាអង់គ្លេស Level 7 ទស្សនកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង -ថ្នាក់ទី៨ ខ្មែរ និង ភាសាអង់គ្លេស Level 8 ទស្សនកិច្ចមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក -ថ្នាក់ទី៩ ខ្មែរ និង ភាសាអង់គ្លេស Level 9 ទស្សនកិច្ចសារមន្ទីរជាតិ និងរមណីយដ្ឋានភ្នំតាម៉ៅ -ថ្នាក់ទី១០ ខ្មែរ និង ភាសាអង់គ្លេស Level 10 ទស្សនកិច្ចព្រះបរមរាជវាំង និងភ្នំព្រះរាជទ្រព្យ ឧត្តុង្គ -ថ្នាក់ទី១១ ខ្មែរ និងភាសាអង់គ្លេស Level 11 ទស្សនកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងរមណីយដ្ឋាន ភ្នំសន្ទុក -ថ្នាក់ទី១២ ខ្មែរ និងភាសាអង់គ្លេស Level 12 ទស្សនកិច្ចមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងប្រាសាទសម្បូរព្រៃគុក -ទី៤-កម្មវិធីសិក្សាតាមទូរទស្សន៍៖ សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ -ទី៥-កម្មវិធីប្រឡងសំណេរ៖ ធ្វើឲ្យសិស្សចេះស្ទាត់ក្នុងការសរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តីសម្រាប់ថ្នាក់ធំ -ទី៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា៖ ធ្វើឲ្យសិស្សមានជំនាញ ក្នុងការគិត បូកលេខ ប្រមាណវិធី ដោះស្រាយបញ្ហាបានត្រឹមត្រូវ និងឆាប់រហ័ស។ -ទី៧-កម្មវិធីប្រកួតប្រជែងទេពកោសល្យ៖ លើកទឹកចិត្ត និងផ្តល់ឱកាសជូនសិស្សានុសិស្សបានបញ្ចេញស្នាដៃ និងទេពកោសល្យដែលខ្លួនមានពីកំណើត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា សមិទ្ធិផល និងការរីកដុះដាលរបស់ប៊ែលធី គ្រុប ពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាណាព្យាបាលសិស្ស សិស្សានុសិស្ស និស្សិត ស្ថាប័ននានា ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level 12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬIELTS) ឲ្យបានពិន្ទុយ៉ាងតិច 6.5 ឡើងទៅសម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។ បន្ទាប់មក ឯកឧត្តម ប្រធានគណៈអធិបតី និងលោកជំទាវ ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រជូនដល់សិស្សជ័យលាភីទាំង ៨១៣នាក់ នាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________