សាលា ប៊ែលធី អន្តរជាតិ ទី១៧
(សាខាឫស្សីកែវ គីឡូលេខ១០) សម្ពោធជាផ្លូវការ
រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៧ (BELTEI CHAMPIONS TROPHY 2017) ដែលមានក្រុមប្រកួតចំនួន ១៦ក្រុម ស្មើនឹង ២០៨កីឡាករ មកពីសាលា ប៊ែលធី ទាំង ១៦សាខា និងមានសិស្សានុសិស្ស ចូលរួមគាំទ្រ ចំនួនជាង ៤៩០០នាក់ នៅទីលានវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡា សិស្ស-និស្សិតកម្ពុជា។ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថាៈ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៧ (BELTEI CHAMPIONS TROPHY 2017) នេះ គឺជាកម្មវិធីថ្មីមួយបន្ថែមទៀតរបស់ សាលា ប៊ែលធី អន្តរជាតិ ដែលបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក្នុងការពង្រឹងលើវិស័យកីឡាគ្រប់ប្រភេទរបស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់បញ្ចូលកម្មវិធីកីឡានេះ ទៅក្នុងកម្មវិធីសិក្សានៅទូទាំងប្រទេស។ កន្លងមក សាលា ប៊ែលធី អន្តរជាតិ បានបញ្ចូលកម្មវិធីកីឡា ២ប្រភេទ រួចមកហើយ រួមមាន៖ ១-អប់រំកាយ សម្រាប់សិស្សថ្នាក់ទី១-៦ ២-កីឡា តៃក្វាន់ដូ សម្រាប់សិស្សថ្នាក់ទី៧-៨ ហើយថ្ងៃនេះ យើងបានបញ្ចូលកម្មវិធីកីឡា ២ប្រភេទបន្ថែមទៀត រួមមាន៖ ១-កីឡា Futsal សម្រាប់សិស្សថ្នាក់ទី១០-១២ ២-កីឡាបាល់ទាត់ សម្រាប់សិស្សថ្នាក់ទី១០-១២ និងបន្តរៀបចំកីឡាសម្រាប់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផងដែរ។ រង្វាន់សម្រាប់ក្រុមកីឡាករដែលទទួលបានជ័យលាភី ជើងឯកពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៧៖ + ក្រុមជើងឯក (The Winner) · ពានរង្វាន់ជើងឯកសាលា ប៊ែលធី អន្តរជាតិ · មេដាយមាស · ថវិកាចំនួន 3,000,000 រៀល + ក្រុមជើងឯករង (Runner-up) · មេដាយប្រាក់ · ថវិកាចំនួន 2,000,000 រៀល + ក្រុមលេខ ៣ · មេដាយសំរិទ្ធ · ថវិកាចំនួន 1,000,000 រៀល + ក្រុមលេខ ៤ · ថវិកាចំនួន 500,000 រៀល ចំណែកឯក្រុមកីឡាករ ទាំង ១២ក្រុម ដែលមិនបានជាប់ជ័យលាភី ក៏ទទួលបានថវិកាលើកទឹកចិត្ត ក្នុង ១ក្រុម 300,000ម៉ឺនរៀលផងដែរ។ បន្ទាប់មកឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានគណៈអធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកមកផ្តល់កិតិ្តយសក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៧ពេលនេះ។ ឯកឧត្តម បានណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យនាំគ្នាលេងកីឡាដែលអាចឲ្យសិស្សទទួលបាននូវសុខភាពល្អ មានទំនាក់ទំនងល្អ មានមេត្រីភាព និងមានសាមគ្គីភាព ព្រមទាំងដើម្បីជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិទៀតផង។ ឯកឧត្តមក៏បានកោតសរសើរចំពោះ ក្រុមកីឡាករទាំង ១៦សាខា ដែលបានប្រកួតជាមួយគ្នា តាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ និងប្រកបដោយឆន្ទៈមុតមាំ ហើយចេះគោរពដៃគូប្រកួតរបស់ខ្លួន ព្រោះការប្រកួតនេះ ជាលក្ខណៈគ្រួសារប៊ែលធី បើទោះបី ឈ្នះ ឬចាញ់ ក៏នៅតែជាគ្រួសារប៊ែលធីដែរ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស៊ាន បូរ៉ាត បានធ្វើការសំណេះសំណាល និងផ្ញើក្តីនឹករលឹកនិងសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាជូនដល់ ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សទាំងអស់របស់សាលានាពេលនោះផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា វិស័យកីឡាបានបម្រើផលប្រយោជន៍ឲ្យមនុស្ស និងសង្គមជាតិទូទៅដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឋានៈ តួនាទីក្នុងសង្គមអ្វីឡើយ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែលើកទឹកចិត្ដឲ្យប្រជាពលរដ្ឋ សិស្ស- និស្សិត ឲ្យចូលរួមលេងកីឡានៅគ្រប់កម្រិត ដោយចាត់ទុកវិស័យកីឡាជាសេវាបម្រើឲ្យមនុស្សជាតិ ក្នុងនោះត្រូវធានាឲ្យបាននូវគោលការណ៍យុត្ដិធម៌ក្នុងការលេងកីឡា (Fair-Play)។ ឯកឧត្តម ស៊ាន បូរ៉ាត បានមានប្រសាសន៍បន្ថែមថាការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺជាទស្សនវិស័យថ្មីមួយ ដែលតម្រង់ទិសវិស័យកីឡាជាតិ ឈានទៅរកការធ្វើទំនើបកម្ម ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ បន្ទាប់មក ឯកឧត្តម ប្រធានគណៈអធិបតី បានបំពាក់មេដាយ ប្រគល់ពាន និងរង្វាន់ដល់កីឡាករជ័យលាភី ទាំង ៤ក្រុម។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________