សាល ប៊ែលធី អន្តរជាតិ សហការជាមួយ
អគ្គនាយកដ្ឋានកាំកុងត្រូល អប់រំអ្នកលក់ចំណីអាហារក្នុងសាលា
ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ផ្សព្វផ្សាយសុវត្ថិភាពម្ហូបអាហារ និងការការពារអ្នកប្រើប្រាស់” ជូនដល់អ្នកលក់ចំណីអាហារក្នុងសាលា ចំនួន ២៣១នាក់ នៅសាលា ប៊ែលធី អន្តរជាតិទី១៨ (សាខាផ្សារព្រែកឯង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងឯកឧត្តម គីម មាសសុខសីហា អគ្គនាយករង កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម។ តាមរបាយការណ៍លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឲ្យដឹងថា៖ សាលាប៊ែលធី អន្តរជាតិ បានពង្រីកវិសាលភាពរបស់ខ្លួន រហូត ដល់ ២១សាខា ក្នុងនោះ ១៨សាខា កំពុងដំណើរការក្នុងរាជធានីភ្នំពេញ និង ៣សាខាទៀត កំពុងសាងសង់ គឺសាខាទី១៩ (ផ្សារព្រែកលៀប) សាខាទី២០ (តោពីរក្រុងកំពង់សោម) និងសាខាទី២១ (ផ្លូវជាតិលេខ៣) ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ បម្រើការ សរុប ១.៩៧៧នាក់ និងមានសិស្ស-និស្សិតកំពុងសិក្សាជាង ៣៧.០០០នាក់ ព្រមទាំងមានអ្នកលក់ម្ហូបអាហារ ចំនួន ៧២ក្រុម ស្មើនឹង ២៣១នាក់។ លោក លី ប៊ុនឆៃ បានឲ្យដឹងទៀតថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រង ជាពិសេសឯកឧត្តមអគ្គនាយក ប៊ែលធី គ្រុប អំពីសុខភាព និងសុខុមាលភាពរបស់បុគ្គលិក និងសិស្សានុសិស្សដែលជា “ទំពាំងស្នងឫស្សី” ស្របតាមគតិបណ្ឌិត របស់ប៊ែលធី គ្រុប “សុខភាពរបស់បុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន” រីឯ “សុខភាពរបស់សិស្ស គឺជាទ្រព្យសម្បត្តិរបស់ជាតិ”។ ទើបសាលា សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម រៀបចំកម្មវិធីនេះឡើង។ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយករង កាំកុងត្រូល បានប្រសាសន៍ថា៖ ចំណុចសំខាន់ នៃសុវត្ថិភាពម្ហូបអាហារ ដូចជា៖ ១-ការពិនិត្យមើលសំបកវេចខ្ចប់ (រក្សាទ្រង់ទ្រាយល្អ មិនកំពិត មិនប៉ោង មិនច្រែះ មិនធ្លាយ មិនមានស្នឹម និងមិនរហែក) ២-ការពិនិត្យមើលកាលបរិច្ឆេទ នៃការផលិត និងផុតកំណត់ ៣-ការយល់ដឹងពីសារធាតុគីមីក្នុងម្ហូបអាហារ ៤-ផលប៉ះពាល់ដល់សុខភាព ព្រោះកត្តាសុខភាព (សុវត្ថិភាពម្ហូបអាហារ) ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់មនុស្ស ជាកត្តាអទិភាពទី១ នៃអទិភាពទាំង១២ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រទេសជាតិ របស់រាជរដ្ឋាភិបាល ដូចពាក្យស្លោកពោលថា «រៀនឆ្លាត ហូបចុកមានសុវត្ថិភាព និង រស់នៅល្អ»។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម គឹម មាសសុខសីហា ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកពន្យល់ពីសុវត្ថិភាពម្ហូបអាហារនាពេលនេះ។ ឯកឧត្តម លី ឆេង បានណែនាំដល់អ្នកលក់ ត្រូវរៀបចំកន្លែង និងសម្ភារៈ ប្រកបដោយអនាម័យស្អាតជានិច្ច មិនត្រូវលក់ម្ហូបអាហារ ដែលសេសសល់ ខូចគុណភាព ឬហួសកាលបរិច្ឆេទ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ទោះបីតិចតួច ឬខ្លាំងអាចបណ្តាលដល់ស្លាប់ និងនាំឲ្យបាត់បង់នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង៕
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________