ឯកឧត្តមបណ្ឌិត លី ឆេង
ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍវិស័យអប់រំ
ពីសាកលវិទ្យាល័យ ស៊ីនហាន ដ៏ល្បីមួយនៅប្រទេសកូរ៉េខាងត្បូង
(សេអ៊ូល) នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិតិ្តយសភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍវិស័យអប់រំ ពីសាកលវិទ្យាល័យស៊ីនហាន (Shinhan University) ដ៏ ល្បីមួយរបស់ប្រទេសកូរ៉េខាងត្បូង និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ ប៊ែលធី គ្រុប ចំនួន ៦៧រូប ផងដែរ។ តាមការបញ្ជាក់ពីប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យស៊ីនហានបានឱ្យដឹងថា ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ហ្មត់ចត់ លើលទ្ធផលស្នាដៃ បទពិសោធន៍ការងារ ចំណេះដឹង និងសមត្ថភាពជំនាញរបស់ ឯកឧត្តមបណ្ឌិត លី ឆេង ដែលបានលះបង់យ៉ាងធំធេង ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជាទាំងក្នុង វិស័យសាធារណៈ និង ឯកជន ក្នុងទិសដៅបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាប្រកបដោយសមត្ថភាព សីលធម៌ និងគុណធម៌ខ្ពស់ និងមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ជាពិសេស ឯកឧត្តមបណ្ឌិត Suh Gab-won សាកលវិទ្យាធិការ សាកលវិទ្យាល័យស៊ីនហាន ដែលបានសម្រេចផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍវិស័យអប់រំនេះជូនដល់ឯកឧត្តម។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនាពេលនេះ គឺមិនត្រឹមតែជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមតែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលស្គាល់ផងដែរនូវការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រា្តចារ្យ លោកគ្រូ-អ្នកគ្រូគ្រប់រូបរបស់ប៊ែលធី គ្រុប ដែលបានយកអស់កម្លាំងកាយចិត្តខិតខំបំពេញការងារតាម តួនាទីរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់នាពេលកន្លងមក។ ជាពិសេស ការផ្តល់កម្លាំងចិត្ត និងការគាំទ្រ ជានិច្ចពី ឧត្តមភរិយា កូនៗ និងចៅៗ ជាទីស្រឡាញ់ ព្រមទាំងក្រុមគ្រួសារទាំងមូល របស់ឯកឧត្តម។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា សមិទ្ធិផល និងកិត្តិយសដ៏ឧត្តុង្គឧត្តមដែល ឯកឧត្តមទទួលបាននាពេលនេះ គឺដោយមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដោយចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពខ្ពស់បំផុតក្នុងចំណោមវិស័យអាទិភាពសំខាន់ផ្សេងៗទៀត ដែលមានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលបានបើកទូលាយ និងលើកទឹកចិត្តដល់គ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជន ដើម្បីធ្វើការប្រកួតប្រជែងបែបទីផ្សារសេរី និងធានានូវគុណភាពអប់រំជូនអ្នកសិក្សាទាំងអស់ ព្រមទាំង ធានានូវនិរន្តភាពរបស់ស្ថាប័ននីមួយៗផងដែរ។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា តែងតែជួយជ្រោមជ្រែង និងផ្តល់ឱកាសឱ្យគ្រឹះស្ថានសិក្សាឯកជនទាំងអស់ ធ្វើការបណ្តុះបណ្តាលតាមកម្មវិធីផ្សេងៗគ្នា ក្នុងគោលដៅពង្រឹងគុណភាពអប់រំនៅតាមស្ថាប័នឯកជនឱ្យបានល្អប្រសើរ និងមាននិរន្តភាពទៅថ្ងៃអនាគត។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________