សាលា ប៊ែលធី អន្តរជាតិ រៀបចំការប្រកួតជជែកដេញដោល
វគ្គជម្រុះជុំទី៣ ដោយជោគជ័យ
នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ការប្រកួតជជែកដេញដោល ឆ្នាំ២០២២” (Debate Competition Program 2022) សម្រាប់សិស្សថ្នាក់១០ វគ្គជម្រុះជុំទី៣ ដែលមានក្រុមបេក្ខជន ៦ក្រុម សរុបចំនួន ៣០នាក់ មកពីសាខាទី១ ទី៥ ទី១០ ទី១២ ទី១៣ និងទី១៤ ចូលរួមប្រកួតប្រជែង និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប។ លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃប៊ែលធី គ្រុប បានឱ្យដឹងថា៖ កម្មវិធីការប្រកួតជជែកដេញដោលនេះ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសិក្សាបន្ថែមទាំង៩ របស់សាលា ប៊ែលធី អន្តរជាតិ ហើយក្នុងឆ្នាំសិក្សា២០២១-២០២២ នេះគឺជារដូវកាលទី១ ដែលមានក្រុមបេក្ខជន ២២ក្រុម មកពីសាខាទាំង២២ សរុបចំនួន ១១០នាក់ បានចូលរួមប្រកួត។ សម្រាប់ការប្រកួតប្រជែងនេះផងដែរ ត្រូវចំណាយពេលសរុបចំនួន៤ខែ ហើយនីតិវិធីនៃការប្រកួត ត្រូវបានបែងចែកជា៥វគ្គ ដោយការប្រកួតវគ្គជម្រុះមាន៣ជុំ ដែលវគ្គជម្រុះជុំនីមួយៗ ត្រូវចម្រាញ់យកក្រុមបេក្ខជនឆ្នើមពីតាមសាខាទាំង២២ ដើម្បីបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងប្រកួតនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២ និងវគ្គផ្តាច់ព្រ័ត្រ នៅដើមខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។ ចំពោះរង្វាន់សម្រាប់ក្រុមបេក្ខជនដែលទទួលបានជ័យលាភី មានដូចតទៅ៖ ជ័យលាភីលេខ១ ទទួលបានពាន១ មេដាយមាស លិខិតសរសើរ អាហារូបករណ៍ ៣ឆមាស ថវិកាចំនួន៣ ០០០ ០០០រៀល និងដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជ័យលាភីលេខ២ ទទួលមេដាយប្រាក់ លិខិតសរសើរ អាហារូបករណ៍ ២ឆមាស ថវិកាចំនួន ១៥០០០០០រៀល។ ជ័យលាភីលេខ៣ស្ទួន ទទួលបានមេដាយសំរឹទ្ធ លិខិតសរសើរ អាហារូបករណ៍ ១ឆមាស ថវិកាចំនួន ៥០០ ០០០រៀល ក្នុង១ក្រុម។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ប៊ុនឆៃ បានកោតសរសើរដល់ក្រុមបេក្ខជនទាំងអស់ ដែលបានខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវរិះរកឯកសារពាក់ព័ន្ធទាំងឡាយ ដើម្បីជាជំនួយក្នុងការបកស្រាយទឡ្ហីករណ៍នីមួយៗ បានយ៉ាងក្បោះក្រាយ និងទំនុកចិត្តខ្ពស់។ ជាពិសេស ឯកឧត្តម បានសម្តែងនូវការអបអរសាទរ និងជំរុញដល់ក្រុមដែលបានជាប់ក្នុងវគ្គនេះឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលជ័យលាភីជាទីគាប់ចិត្តក្នុងការប្រកួតវគ្គបន្តបន្ទាប់នាពេលខាងមុខ។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្រុមបេក្ខជនដែលមិនបានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សូមកុំអស់សង្ឃឹម គឺត្រូវបំពេញនូវចំណុចខ្វះខាត និងខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីចូលរួមប្រកួតនាឆ្នាំក្រោយៗទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានជម្រាបជូនអំពីគោលបំណងនៃការបង្កើត កម្មវិធីនេះឡើង គឺដើម្បីពង្រឹងសមត្ថភាពជំនាញនៃការត្រិះរិះពិចារណាតាមរយៈការជជែកដេញដោលក្នុងការរួមចំណែក ដោះស្រាយបញ្ហាផ្សេងៗដែលពួកគេបានជួបប្រទះ ព្រមទាំងកសាងសមត្ថភាពសិស្សឱ្យមានភាពក្លាហាន ប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិ និងផ្តល់ឱកាសដល់សិស្សានុសិស្សផ្នែកចំណេះទូទៅ ក្នុងការបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យ ជាសាធារណៈ។
ជាទីបញ្ចប់ ឯកឧត្តម លី ប៊ុនឆៃ បានថ្លែងអំណរគុណ ចំពោះ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈកម្មការរៀបចំការប្រកួត និងគណៈកម្មការផ្តល់ពិន្ទុ ដែលចំណាយពេលដ៏មានតម្លៃ រៀបចំ កម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងរលូនថតហើយឯកឧត្តម ក៏បានចូលរួមថតរូបអនុស្សាវរីយ៍ ជាមួយក្រុមបេក្ខជនទាំង៦ក្រុម លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ និងគណៈកម្មការរៀបចំការប្រកួត ព្រមទាំងគណៈកម្មការផ្តល់ពិន្ទុផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________